គម្រប់​ខួប​ដប់​ឆ្នាំ ត្រកូល Galaxy S ស៊េរី​ឆ្នាំ ២០១៩ ត្រៀម​បង្ហាញ​មុខងារ​ពិសេស​មួយ

  • 2018-11-05 13:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S10 នឹង​ក្លាយ​ជា​ស្មាតហ្វូន​គម្រប់​ខួប​ដប់​ឆ្នាំ​នៃ​ត្រកូល S របស់​ Samsung បន្ទាប់​ពី​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​បាន​វិវត្ត​នូវ​ភាព​ជោគជ័យ​ក្នុង​រយៈ​ពេល​ជិត ១ ទសវត្សរ៍។ តាម​ចចាមអារ៉ាម S10 អាច​នឹង​ប្រកាស​អំឡុង​ពិព័រណ៍ CES នា​ដើម​ឆ្នាំ ២០១៩ ជាមួយ​ការ​កែប្រែ​រចនាបថ​ និង​មុខងារ​ថ្មី​ជា​ច្រើន។

ចំណុច​រសើប​ដ៏​ពិសេស​មួយ​លើ S10 ត្រូវ​បាន​ប្រភព Tipster Ice Universe ទម្លាយ​ថា ​មាន​ទាក់ទង​នឹង​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ពោល​ Samsung នឹង​បិទ​ចោល​ការ​បំពាក់​មុខងារ​ស្កេន​ប្រស្រីភ្នែក Iris Scanning មិន​ឲ្យ​មាន​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន។ គូ​ប្រជែង​ដ៏​មុត​ស្រួច​របស់ Apple មួយ​នេះ ​នឹង​ទទួល​បាន​ការ​ផ្គត់ផ្គង់​ Ultrasonic Sensor ជំនាន់​ទី​បី ពី​ក្រុមហ៊ុន Qualcomm ផ្តល់​ជូន​នូវ​ការ​ប្រើប្រាស់​រហ័ស​ជាង​មុខងារ​សុវត្ថិភាព​បច្ចុប្បន្ន។

ប្រភព​បន្ត​ទៀត​ថា Ultrasonic Sensor ជំនាន់​ក្រោយ​នេះ ​នឹង​លាត​ពេញ​ ៣០ ភាគរយ​នៃ​ផ្ទៃ​អេក្រង់ ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ប្រាកដ​ថា ​ភាគរយ​នៃ​ការ​ស្កេន​ខុស​មាន​តិច​បំផុត។ ប៉ុន្តែ​ក៏​នឹង​មាន​ក្រុមហ៊ុន​ដទៃ​មាន​សិទ្ធិទទួល​ការ​ផ្គត់ផ្គង់​នូវ Sensor របស់ Qualcomm នា​ត្រីមាស​ទី​មួយ​ឆ្នាំ​ក្រោយ ហើយ​ទទួល​បាន​ឱកាស​បំពាក់​ចូល​ស្មាតហ្វូន​របស់​ពួក​គេ​រៀង​ខ្លួន។

កន្លង​ទៅ​ធ្លាប់​មាន​របាយការណ៍​ចុះ​ផ្សាយ​ម្តង​រួច​មក​ហើយ​ ទាក់ទង​នឹង​ការ​បង្ហាញ​ខ្លួន Galaxy S10 ដែល​រំពឹង​នឹង​លេច​ចេញ​ដល់​ទៅ ៣ ​ម៉ូឌែល​មាន​ពីរ​ម៉ូឌែល​បំពាក់​មុខងារ​ស្កេន​ខ្ចៅ​ដៃ​ក្រោម​អេក្រង់ ​និង​ជំនាន់​ធូរ​ថ្លៃ​មួយ​ផ្សេង​ទៀត​ប្រើ​ត្រឹម​ស្កេន​ខ្ចៅ​ដៃ​ធម្មតា ក្នុង​នោះ​មាន​មួយ​អាច​បំពាក់​អេក្រង់​ទំហំ ៥,៨ អ៊ីញ និង​មួយ​ទៀត​ឡើង​ដល់ ៦,៤៤ អ៊ីញ ​ហើយ​អាច​មាន​សមាមាត្រ​អេក្រង់​ផ្ទៃ​ពេញ​ដល់​ទៅ ៩៣,៤ ភាគរយ​ឯ​ណោះ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gadgets   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី