ទីផ្សារស្មាតហ្វូនដាំក្បាលចុះ ប៉ុន្តែក្រុមហ៊ុនចិនឡើងស្រឺតៗ
- 2018-11-06 02:33:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីផ្សារស្មាតហ្វូនដាំក្បាលចុះ ប៉ុន្តែក្រុមហ៊ុនចិនឡើងស្រឺតៗ
ចន្លោះមិនឃើញ
ចំនួនលក់ស្មាតហ្វូនសរុបជាសកលបន្តធ្លាក់ចុះ ៤ ត្រីមាសជាប់ៗគ្នា ដោយត្រីមាសទី ៣ ឆ្នាំ ២០១៨ នេះចំនួនលក់សរុបមាន ៣៦០ លានគ្រឿង បានធ្លាក់ចុះ ៨% បើធៀបនឹងត្រីមាសទី ៣ ឆ្នាំទៅ។ នេះបើតាមការចុះផ្សាយរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Strategy Analytics។
Linda Sui អ្នកចាត់ការរបស់ Strategy Analytics បានលើកឡើងថាទីផ្សារស្មាតហ្វូនកំពុងជួបវិបត្តិ ដោយសារកត្តាដូចជាអ្នកប្រើប្រាស់មិនងាយដូរស្មាតហ្វូនថ្មី, ការផ្គត់ផ្គង់លើសពីតម្រូវការ និង កង្វះខាតនៃការច្នៃប្រឌិតថ្មីៗផងដែរ។
បើតាមតួលេខរបស់ IDC ឯណោះវិញបានបង្ហាញថា Samsung នៅតែជាស្ដេចក្រាញ់ក្នុងទីផ្សារស្មាតហ្វូនដោយក្ដោបក្ដាប់ទីផ្សារបាន ២០% ជាមួយចំនួនលក់ ៧២,៣ លានគ្រឿង។ ទោះយ៉ាងណាបើធៀបនឹងឆ្នាំ ២០១៧ ចំនួនលក់នេះមានការធ្លាក់ចុះ ១៣%។
Samsung រងការប្រកួតប្រជែងខ្លាំងពីសំណាក់ក្រុមហ៊ុន Huawei, Xiaomi និងក្រុមហ៊ុនចិនដទៃទៀត លើទីផ្សារប្រទេសចិន និងឥណ្ឌា ដោយនេះជាបញ្ហាកង្វល់ធំមួយដែល Samsung ត្រូវដោះស្រាយ មុនយឺតពេល។
Huawei ដែលឈរនៅតំណែងលេខ ២ ចំនួនលក់មានការកើនឡើង ៣២% ដោយអាចលក់បាន ៥២ លានគ្រឿងនៅត្រីមាសទី ៣ ឆ្នាំ ២០១៨។ ត្បិតថាស្មាតហ្វូនរបស់ក្រុមហ៊ុននេះមិនអាចចូលទីផ្សារអាមេរិកខាងជើងបាន ប៉ុន្តែទទួលបានការពេញនិយមខ្លាំងនៅតំបន់ដទៃទៀតលើពិភពលោក ដែលអាចក្ដោបក្ដាប់ទីផ្សារបាន ១៤%។
លេខ ៣ បានទៅលើក្រុមហ៊ុន Apple ដែលអាចលក់ iPhone បាន ៤៦,៩ លានគ្រឿង ជាមួយការកាន់កាប់ទីផ្សារសកលបាន ១៣%។ តួលេខនេះមិនមានការកើនឡើងឡើយ បើប្រៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០១៧។
Xiaomi ឈរនៅលេខ ៤ ដោយលក់ស្មាតហ្វូនបាន ៣៣ លានគ្រឿង មានទីផ្សារ ៩,២% និងលេខ ៥ បានទៅលើ Oppo លក់ស្មាតហ្វូនបាន ៣១,២% មានទីផ្សារ ៨,៧%៕
ចុចអាន៖