ក្រុមហ៊ុន​ផលិត​ហ្គេម PUBG Mobile ​ចេញ​ច្បាប់​ថ្មី ដាក់​កំហិត​ក្មេង​ចូលចិត្ត​ញៀន​ហ្គេម

  • 2018-11-06 11:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Tencent នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​នូវ​ដំណើរការ​មួយ​ចំនួន​ក្នុង​គោលដៅ​ប្រឆាំង​នឹង​ឥទ្ធិពល​ញៀន​ហ្គេម​របស់​កុមារ។ យោង​តាម​សារព័ត៌មាន WSJ បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​មេ​អ្នក​បង្កើត​ហ្គេម PUBG Mobile មួយ​នេះ ​នឹង​មាន​ប្រព័ន្ធ​ដាក់​កំហិត​លើ​ពេលវេលា​លេង​ហ្គេម Online ចំនួន ១០ របស់​យុវវ័យ​ក្នុង​ប្រទេស​ចិន។

ការ​អនុវត្ត​ជា​លើក​ដំបូង​ចាប់​ផ្តើម​ឡើង​តាំង​ពី​ខែ​កញ្ញា ដោយ​ផ្តោត​ចម្បង​លើ​កុមារ​មាន​វ័យ​ក្រោម ១២ ឆ្នាំ​ដែល​បាន​លេង​ហ្គេម Honor of Kings នឹង​តម្រូវ​ឲ្យ​អាច​ចំណាយ​ពេល​ត្រឹម​តែ​ ១ ម៉ោង​ ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​ហ្គេម​នេះ​ផ្ទុះ​ភាព​ល្បីល្បាញ​ខ្លាំង រហូត​បណ្ដាល​ឲ្យ​សិស្ស​ជា​ច្រើន​ឈប់​ធ្វើ​កិច្ចការ​សាលា និង​ខ្លះ​ទៀត​មិន​បាន​ចូល​ដំណេក​ដោយ​សារ​ញៀន​នឹង​ហ្គេម។

សម្រាប់​អ្នក​លេង​ដែល​មាន​វ័យ​ចាប់​ពី ១៣ ដល់​ ១៨ ឆ្នាំ​នឹង​ដាក់​កំហិត​ត្រឹម ២ ម៉ោង​ ប្រចាំ​ថ្ងៃ ហើយ​ពួក​គេ​នឹង​ហាមឃាត់​មិន​ឲ្យ​ចូល​លេង​ចន្លោះ​ម៉ោង ៩ យប់​ដល់​ម៉ោង ៨ ព្រឹក នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​របស់ Tencent បាន​បង្ហើប​ប្រាប់។ ថ្លែង​ប្រាប់ WSJ៖ "កិច្ច​ការពារ​អនីតិជន​ជា​ភារកិច្ច​ចាំ​បាច់​បំផុត​ដែល​សង្គមជាតិ​ទាំង​មូល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ហើយ Tencent ពិត​ជា​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​រឿងរ៉ាវ​ទាំង​នេះ"។

ដើម្បី​ដំណើរការ​ច្បាប់​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ ក្រុមហ៊ុន​មាន​គម្រោង​នឹង​តម្រូវ​ឲ្យ​អ្នក​លេង​ទាំង​អស់​បង្ហោះ​ចូល​នូវ​អត្តសញ្ញាណប័ណ្ណ​ឬ​ឯកសារ​ពាក់ព័ន្ធ​ណា​មួយ​ភ្ជាប់​ក្នុង​គណនី​នោះ មិន​ថា​ថ្មី​ឬ​ចាស់ ​ហើយ​នឹង​មាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​រាល់​ទិន្នន័យ​ទាំង​អស់។

សារ​នេះ​ឆ្លើយតប​នឹង​របាយការណ៍​ពី Niko Partners ដែល​ថា​កំណើន​អ្នក​លេង​ហ្គេម​នឹង​កើន​ដល់ ១ ពាន់​លាន​នាក់ ខណៈ​ចំណូល​អាច​ទទួល​បាន ៤២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២ ពោល​គឺ​កើន​ពី​អ្នក​លេង ៦០៤ លាន​នាក់​ក្នុង​ពេល​បច្ចុប្បន្ន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ កៅ រក្សា