៥ ចំណុច លែង​ត្រូវ​គេ​ឌឺ​រឿង​ស្បែក​ជើង​ស្អុយ

  • 2018-11-14 04:31:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ស្បែក​ជើង​ទើប​តែ​ទិញ​ថ្មី​ចេស ពាក់​មិន​ទាន់​បាន​ប៉ុន្មាន តែ​ក៏​ត្រូវ​បង្ខំ​ចិត្ត​បោះ​ចោល ឬ​ទុក​ចោល ដោយ​សារ​មាន​ក្លិន​មិន​ល្អ។ ពិសេស​រាល់​ពេល​ពាក់​ម្ដងៗ ក្រៅ​ពី​ពិបាក​ទ្រាំ​នឹង​ក្លិន​ខ្លួន​ឯង​ហើយ ក៏​ត្រូវ​ទទួល​បាន​ការ​ឌឺដង​ពី​មិត្តភ័ក្ដិ​ផង​ដែរ។ ថ្ងៃនេះ Sabay នឹង​លើក​យក​វិធី​ងាយៗ ៥ ចំណុច ដើម្បី​ជួយ​បំបាត់​ក្លិន​ស្បែកជើង។

១. ក្លាស្សេ៖ កុំ​ប្លែក​បើ​ឮ​ថា​យក​ស្បែក​ជើង​ទៅ​ក្លាស្សេ​នោះ ព្រោះ​វា​អាច​សម្លាប់​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ស្បែក​ជើង ហើយ​ក៏​អាច​បំបាត់​ក្លិន​បាន​យ៉ាង​ល្អ​ផង​ដែរ។ វិធី​ធ្វើ​គ្រាន់​តែ​រក​ថង់​មួយ​មក​ច្រក​ស្បែក​ជើង ចង​វា​ឲ្យ​ជិត បន្ទាប់​មក​យក​ទៅ​ទុក​នៅ​កន្លែង​កក​ចោល​មួយ​ចប់ ស្អែក​ឡើង​អ្នក​នឹង​ដឹង​ពី​ប្រសិទ្ធ​ភាព។

២. សម្បក​ក្រូច៖ មិន​ថា​ជា​ក្រូច​ពោធិ៍សាត់ ក្រូច​លឿង ក្រូច​ឆ្មា សុទ្ធ​តែ​អាច​ប្រើ​បាន​ទាំង​អស់ ដោយ​គ្រាន់​តែ​យក​សំបក​វា​មក​ញាត់​ក្នុង​ស្បែក​ជើង ហើយ​ទុក​ចោល​មួយ​យប់​ជា​ការ​ស្រេច។

៣. ទឹក លាយ​ជាមួយ​ទឹក​ខ្មេះ៖ នេះ​ជា​វិធី​ផ្លូវ​កាត់ ដោយ​មិន​បាច់​ចំណាយ​ពេល​យូរ ដោយ​គ្រាន់​តែ​យក​ទឹក​ធម្មតា លាយ​ជាមួយ​ទឹក​ខ្មេះ​ឲ្យ​ស្មើ​គ្នា រួច​យក​មក​បាញ់​ក្នុង​ស្បែក​ជើង ហើយ​ទុក​ចោល​ប្រហែល​កន្លះ​ម៉ោង​ឲ្យ​ស្ងួត អាច​យក​មក​ពាក់​បាន​ហើយ។ តែ​បើ​ប្រញាប់​ខ្លាំង អ្នក​ក៏​អាច​យក​ម៉ាស៊ីន​ផ្លុំ​សក់​មក​ផ្លុំ​ឲ្យ​ឆាប់​ស្ងួត​ក៏​បាន។

៤. អាល់កុល៖ ចាក់​ទឹក​អាល់កុល លើ​សំឡី​មួយ​ដុំ​ឲ្យ​សើម​ជោគ រួច​យក​ទៅ​ដាក់​ក្នុង​ស្បែក​ជើង​ហើយ​ទុក​មួយ​យប់ ព្រឹក​ឡើង​អ្នក​នឹង​ដឹង​លទ្ធផល​ជាក់​ជា​មិនខាន។

៥. ម្សៅ​សូដា (Baking Soda)៖ វិធី​នេះ​កាន់​តែ​ងាយ ដោយ​គ្រាន់​តែ​យក​ម្សៅ​សូដា​មក​រោយ​ក្នុង​ស្បែក​ជើង​របស់​អ្នក ហើយ​ទុក​ចោល​មួយ​យប់ ព្រឹក​ឡើង​ចាំ​ទៅ​សាក​ហិត​ក្លិន​ម្ដង​ទៀត ប្រាកដ​ជា​បាត់​ដូច​គេ​បេះ។

ចង់​ដឹង​ច្បាស់ មើល​វីដេអូ​ខាង​ក្រោម៖


អត្ថបទ៖ វិទូ