សេម រ៉កខ័រ ចង់​ប្រើ​តន្ត្រី​ដើម្បី​ជា​សំឡេង​ដល់​អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត

  • 2018-11-14 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឆ្លង​កាត់​ការ​តស៊ូ​និង​ភាព​លំបាក​រាប់​មិន​អស់​ តារា​ចម្រៀង​ចង្វាក់​រ៉ក សេម រ៉កខ័រ បាន​ប្ដេជ្ញា​ប្រើប្រាស់​អាជីព​ជា​អ្នក​ចម្រៀង​របស់​ខ្លួន​ដើម្បី​ជា​សំឡេង​និង​សារ​លើក​ទឹក​ចិត្ត​ដល់​អ្នក​កំពុង​តែ​មាន​ការ​តស៊ូ​និង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ក្នុង​ជីវិត​។

ថ្លែង​មក​កាន់​ Sabay តារា​ចម្រៀង​រ៉ក សេម រ៉កខ័រ ចាប់​ផ្ដើម​ច្រៀង​តាំង​ពី​វ័យ​ក្មេង​មក​ម្ល៉េះ ប៉ុន្តែ​ក៏​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​នេះ​ទាំង​ស្រុង​នៅ​ឆ្នាំ ២០១២ ជា​អ្នក​ច្រៀង​នាំ​មុខ​នៅ​ក្នុង​ក្រុម​ចង្វាក់ Heavy Metal ឈ្មោះ "No Forever” អស់​រយៈ​ពេល​២​ឆ្នាំ។ បន្ទាប់​មក​ទើប សេម បាន​ចាក​ចេញ​ជា​ក្រុម​និង​ចាប់​ផ្ដើម​ក្លាយ​ជា​តារា​ចម្រៀង​ទោល​។ ខណៈ​ពេល​នោះ សេម​ ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​ច្រៀង​បទ "You're The One” សម្រាប់​កម្មវិធី "ស្នេហ៍៩" របស់​ BBC និង​បទ​មួយ​ទៀត​ចំណង​ជើង​ងា "ឈឺ​យ៉ាង​ណា​ក៏​ចាំ" ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី "Songkite Season Of Love”។

ក្នុង​នាម​ជា​តារា​ចម្រៀង​ LGBT ម្នាក់ តារា​រូប​​នេះ​បាន​បញ្ជាក់​ប្រាប់​ថា ខ្លួន​ចង់​ប្រើ​ប្រាស់​ឱកាស​ជា​អ្នក​ចម្រៀង​នេះ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ក៏​ដូច​ជា​សារ​សំឡេង​ដល់​បណ្ដា​ អ្នក​ដែល​មាន​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​ ជា​ការ​ផ្ដល់​កម្លាំង​ចិត្ត​គ្រប់​បែប​យ៉ាង​មិន​ថា​ជា​ការ​ អប់​រំ បញ្ហា​សង្គម​ផ្សេង​ៗ​ ព្រម​ទាំង​រឿង​រ៉ាវ​ស្នេហា​ផង​ដែរ។ ជាក់​ស្ដែង​បទ​ "កុំ​ឈប់" របស់​ សេម គឺ​ផ្ដោត​សំខាន់​ចំពោះ​អ្នក​មាន​អាការៈ​បាក់​ទឹក​ចិត្ត​តែ​ម្ដង ដោយ​ជំរុញ​ឲ្យ​ពួក​គេ​ជម្នះ​រាល់​ការ​លំបាក​នឹង​នៅ​តែ​មាន​សង្ឃឹម​ក្នុង​ជីវិត។

ជុំ​វិញ​ការ​លំបាក​ផ្សេងៗ​ក្នុង​អាជីព​នេះ ដោយ​ខ្លួន​ជា​តារា​ចម្រៀង​ក្នុង​សហគមន៍ LGBT មួយ​រូប សេម​ ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ បើ​គិត​ប្រៀប​ធៀប​ពី​ ៥ឆ្នាំ​មុន​រហូត​ដល់​ពេល​បច្ចុប្បន្ន។ បញ្ហា​នោះ​រាប់​បញ្ចូល​ទាំង​ ស្ទីល​នៃ​តន្ដ្រី​ ព្រម​ទាំង​​មិន​មាន​ការ​គាំទ្រ​ពី​សំណាក់​មិត្តភ័ក្ដិ​គ្រួសារ​ ជា​ពិសេស​ក្នុង​វិស័យ​សិល្បៈ​តែ​ម្ដង។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ម្ចាស់​បទ "កុំ​ឈប់"​ រូប​នេះ​នៅ​តែ​បន្ត​ការ​តស៊ូ​របស់​ខ្លួន​ ដោយ​មាន​ឆន្ទ​ក្នុង​ចិត្ត​ដូច្នេះ​ថា "បរាជ័យ​មាន​ច្រើន​រាប់​មិន​អស់ ហើយ​នៅ​តែ​មាន​អ្នក​គាំទ្រ​ ទោះ​បី​ជា​មាន​អ្នក​ស្អប់ ដូច្នេះ​ត្រូវ​តែ​ផ្ដោត​អារម្មណ៍​ជា​មួយ​ខ្លួន​ឯង​និង​អ្នក​គាំទ្រ​ជាជាង​បណ្ដា​ពួក Haters”។

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ ទស្សនា​វីដេអូ​សម្ភាសន៍​ទាំង​ស្រុង​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ