​ទឹក​ដៃ​ល្អ​មែន មើល​ឡើង​ជក់​ចិត្ត វីដេអូ​ហ្គេម​និង​កម្មវិធី​ខ្មែរ​បង្ហាញ​នៅ G-Star Game Show

  • 2018-11-16 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យ៉ាង​តិច​មាន​ហ្គេម​ចំនួន ៣៥ មក​ពី ៧ ប្រទេស​ផ្សេង​គ្នា​នៅ​អាស៊ី​គឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និង វៀតណាម។ ក្នុង​នោះ​ដែរ ក៏​មាន​ហ្គេម​និង​កម្មវិធី​ក្នុង​ស្រុក​ល្បីៗ​ចំនួន​បី របស់​ក្រុម​អ្នក​ផលិត​ហ្គេម​ខ្មែរ ដែល​ត្រូវ​បាន​​អញ្ជើញ​ឲ្យ​ចូលរួម​តាំង​បង្ហាញ​ស្នាដៃ ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​​ហ្គេម​ដ៏​ធំ G-Star Game Show ប្រចាំ​ឆ្នាំ​២០១៨។

រូបភាព​ផ្តល់​ដោយ៖ យក់ ស៊ីវ៉ាល់រី

​ហ្គេម​ល្បីៗ​បី​ដែល​យក​មក​តាំង​បង្ហាញ​គឺ Osja AR 2.0 របស់ Sabay Studio, ហ្គេម”Angkor: Rise of Heroes" របស់ Sil Animation និង​ហ្គេម Osja Village របស់ Osja Studio។

​លោក យក់ ស៊ីវ៉ាល់រី ស្ថាបនិក​នៃ​ក្រុម Sil Animation បាន​ប្រាប់​ថា ចំពោះ​ហ្គេម​”Angkor: Rise of Heroes"​មិន​ទាន់​បញ្ចប់​ការ​ផលិត​ទាំង​មូល​នៅ​ឡើយ​ទេ។

#ទស្សនា​វីដេអូហ្គេម

​លោក​ត្រូវការ​បញ្ចូល​រូបភាព ភ្លេង សំឡេង Effect តួ​អង្គ បូករួម​ជាមួយ​វប្បធម៌​ ក្បាច់​គុណ ដែល​មាន​លក្ខណៈ​ជា​របស់​ខ្មែរ​ច្រើន​ទៀត ដើម្បី​ឲ្យ​មាន​ភាព​ទាក់​ទាញ និង​មាន​លក្ខណៈ​ស្តង់ដារ​អាច​ប្រជែង​នឹង​បរទេស​បាន។

ស្ថាបនិក​ដដែល​ បន្ថែម​ថា ទោះជាមិន​ទាន់​ពេញ​លេញ​ តែ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​​ហ្គេម​ដ៏​ធំ​ខាងលើ វីដេអូ​ហ្គេម​នេះ និង​កម្មវិធី ២ ទៀត​របស់ Osja Studio និង Sabay Osja ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់ developer ប្រទេស​ដទៃ មិន​តិច​នាក់​ទេ។

ចំពោះ​ហ្គេម Osja Village របស់ Osja Studio ជា​ប្រភេទ​ហ្គេម​ស៊ី​ពណ៌ ដែល​អាច​ឲ្យ​អ្នក​លេង អាច​ជ្រើសរើស​ដៃ​គូ​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ(Multi-player) ហើយ​ថែម​ទាំង​អាច​លេង​លើ Facebook បាន​ទៀត​ផង។

Osja AR

ចំណែក​កម្មវិធី Osja AR 2.0 របស់ Sabay Studio ជា​កម្មវិធី​មួយ​ដែល​ធ្វើ​ឲ្យ​របស់​សិប្បនិមិត្ត​មួយ​លេច​ចេញ​លើ​អេក្រង់​ទូរសព្ទ​ពិតៗ អំពី​វប្បធម៌​ខ្មែរ​ដូចជា តួអង្គ​របាំ​ក្ងោក តួ​អង្គ​ស្វា​ល្ខោន​ខោល ឬ​ប្រាសាទ​បុរាណ​ផ្សេងៗ ហើយ​ថែម​ទាំង​អាច​ថត​ទុក​បាន​ទៀត​ផង។

#ទស្សនា​ដំណើរការ​របស់ Osja AR ជំនាន់​ទី១

G-Star ដែល​ជា​កម្មវិធី​ជួប​ជុំ​ដ៏​ធំ​មួយ​រវាង​បណ្ដា​អ្នក​អភិវឌ្ឍន៍​ហ្គេម(Game developer) ល្បី​ៗ​នៅ​កូរ៉េ និង​​អ្នក​អភិវឌ្ឍន៍​ហ្គេម​ទូទាំង​ពិភពលោក។

ក្នុង​នោះ​ដែរ ក៏​មាន​ការ​ចូល​រួម​ពី​បណ្តា​ក្រុមហ៊ុន​ផលិត​ហ្គេម​ធំៗ​និង​ល្បីៗ​ជា​ច្រើន​ប្រទេស​ដូច​ជា កូរ៉េ ចិន ជប៉ុន ថែម​ទៀត​ផង។

លើស​ពី​ការ​តាំង​ពិព័រណ៍​ស្នាដៃ​ផលិត​ហ្គេម កម្មវិធី G-Star នេះ​ក៏​មាន​ការ​លេង​កីឡា​អេឡិចត្រូនិច (E-Sport) ការ​តាំង​លក់​សម្ភារៈ​ហ្គេម និង​ការ​ប្រកួត​ហ្គេម​ផ្សេង​ៗ​ដូចជា PUBG, Fornite ជាដើម។

កម្មវិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ ​វិច្ឆិកា​ឆ្នាំ ២០១៨ នៅ​ក្នុង​មជ្ឈមណ្ឌល (BEXCO Exhibition Center II) ប្រទេស​កូរ៉េ​ខាង​ត្បូង៕

អត្ថបទ៖ រក្សា