Michael Johnson ៖ "ខ្ញុំ​ឈប់​រាប់ បន្ទាប់​ពី​ធ្លាក់​ការងារ​​៤២​កន្លែង"

  • 2018-11-24 08:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Michael Johnson អតីត​ប្រធាន​ក្រុម Derby County ក្រោយ​បាន​តែងតាំង​ជា​គ្រូ​ជម្រើស​ជាតិ​ប្រទេស ហ្គូយ៉ាណា កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ បាន​រំលឹក​ទៅ​ដល់​ពេលវេលា​ដ៏​ជូរចត់​បំផុត​ក្នុង​ជីវិត។ លោក​បាន​រៀបរាប់​ថា លោក​ឈប់​រាប់​ ​បន្ទាប់​ពី​លោក​ធ្លាក់​ការងារ​៤២​កន្លែង។

អតីត​កីឡាករ Birmingham City និង​ Derby County បាន​ប្រាប់​ The Guardian ថា​ក្រោយ​ចូលនិវត្តន៍​ពី​កីឡាករ​កាល​ពី​ឆ្នាំ​២០០៩ លោក​ចងចាំ​​ការសន្ទនា​ដ៏​ជូរចត់​ជាមួយ Pharrel កូន​ប្រុស​ច្បង​ក្នុងចំណោម​កូន​ទាំង​៣​របស់​លោក។

"ខ្ញុំ​តែងតែ​និយាយ​ថា៖ ប្រសិន​បើ​អ្នក​ធ្វើការ​លំបាក​ក្នុង​ជីវិត​អ្នក​នឹង​​ទទួល​បាន​ការ​តបស្នង"។ កូន​ប្រុស​ខ្ញុំ​និយាយ​ថា "ប៉ា​ទៅ​ក្រៅ​ទៀត​ហើយ?” ខ្ញុំ​និយាយ​ថា "ប៉ា​ចេញ​ទៅ​​កម្មវិធី​ជួបជុំ​បង្កើន​ទំនាក់ទំនង (networking meeting)”។ កូន​ប្រុស​ខ្ញុំ​និយាយ​ថា "ប៉ុន្តែ​ប៉ា​មិន​ទាន់​មាន​ការងារ​ណា​មួយ​នៅ​ឡើយ មែន​អត់?” ​​​​​ខ្ញុំ​និយាយ​ថា "ទេ ទេ មិន​អីចឹង​ទេ។ ប៉ា​ជិត​មាន​ការងារ​ហើយ"។ កូន​ប្រុស​ខ្ញុំ​និយាយ​ថា "ប៉ុន្តែ ប៉ា​បាន​និយាយ​ថា ប្រសិន​បើ​​ប៉ា​បន្ត និង ប្រឹង​ធ្វើ​ការងារ​ច្រើន ប៉ា​នឹង​ទទួល​បាន​ការងារ​ដ៏​សមរម្យ​មួយ។ ហេតុ​អ្វី​បាន​ជា​ប៉ា​មិន​ទាន់​មាន​ការងារ​ធ្វើ​ទៀត"?

Johnson បាន​និយាយ​ថា​​លោក​បាន​ដាក់​ពាក្យ​ធ្វើ​ជា​គ្រូ​បង្វឹក ប៉ុន្តែ​ CV របស់​លោក​ត្រូវ​បាន​បដិសេធ​។ លោក​មិន​ចាំ​ថា​ប៉ុន្មាន​ទេ ព្រោះ​​លោក​ធ្លាក់​ច្រើន​កន្លែង​​ពេក។ "ខ្ញុំ​ឈប់​រាប់ បន្ទាប់​ពី​ធ្លាក់​ការងារ​៤២​កន្លែង។ ខ្ញុំ​ទទួល​បាន​ការ​ឆ្លើយតប​៥​ទៅ​៦​ដែរ ហើយ​ខ្ញុំ​ត្រូវ​បាន​គេ​ហៅ​សម្ភាសន៍​២​កន្លែង ហើយ​១​ក្នុងចំណោម​នោះ​ជា​ក្លឹប​មិន​លេង​ក្នុង​លីគ​ទៀត"។

Michael Johnson ពេល​កំពុង​លេង​ឲ្យ Birmingham ក្នុងឆ្នាំ​១៩៩៧

Johnson បន្ថែម​ថា​លោក​ត្រូវ​បន្ត​ភាព​អត់​ការងារ​ធ្វើ​របៀប​នេះ​អស់​រយៈ​ពេល​៦​ទៅ​៧​ឆ្នាំ។ លោក​បាន​អង្គុយ​មើល​ទូរទស្សន៍​ពេញៗ​១​ថ្ងៃ ហើយ​លោក​ធ្លាប់​​បាន​ប្រាប់​ខ្លួន​ឯង​ថា​លោក​គួរ​តែ​ធ្វើ​អ្វី​ម្យ៉ាង។ គំនិត​នេះ​បាន​ញ៉ាំង​ឲ្យ​លោក​ចង់​បោះបង់​ចិត្ត​ធ្វើ​គ្រូ​បង្វឹក ហើយ​ងាក​ទៅ​ចាប់​អាជីព​ជា​តៃកុងឡាន​​ដឹក​ទំនិញ​វិញ។

តែ​លោក​លែង​បាន​ធ្វើ​ជា​តៃកុង​ឡាន​ បន្ទាប់​ពី​ពេល​ដែល​លោក​​សម្ភាសន៍​តាម Skype ជាមួយ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រទេស​ហ្គូយ៉ាណា។ រឿង​ដ៏​ភ្ញាក់ផ្អើល​បាន​កើតឡើង​។ Johnson បាន​ប្រាប់​ទៅ​កូន​លោក​ដោយ​មោទនភាព​ថា "មើល​នែ មើល​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ប៉ា​របស់​កូន។ ប្រាកដ​ណាស់ ឧបសគ្គ​តែង​កើត​មាន​នៅ​លើ​មាគ៌ា​នៃ​ការ​តស៊ូ ប៉ុន្តែ​កុំ​បោះបង់ នោះ​អ្នក​នឹង​ទទួល​បាន​វា"។

​ហ្គូយ៉ាណា ប្រទេស​ស្ថិត​នៅ​ទ្វីប​អាហ្រ្វិក​ខាង​ត្បូង​មួយ​នេះ​ធំ​ជាង​កម្ពុជា​ដល់​ទៅ​ជាង​១​ដង ប៉ុន្តែ​មាន​ប្រជាជន​ប្រមាណ​តែ ៨០​ម៉ឺន​នាក់​ប៉ុណ្ណោះ។ យ៉ាងណាក្តី ហ្គូយ៉ាណា​មាន​ក្រុម​បាល់ទាត់​​ដែល​មាន​កីឡាករ​១០​នាក់​កំពុង​ប្រកប​អាជីព​នៅ​អង់គ្លេស​រួមមាន៖ អ្នក​ចាំទី​ Kai McKenzie-Lyle យុវជន​របស់​ Liverpool ខ្សែ​បម្រើ​ Kadell Daniel របស់​ក្លឹប Dover នៅ​ក្របខ័ណ្ឌ National League អង់គ្លេស​ជា​ដើម។

​Johnson មើល​ឃើញ​ថា​ការ​ចូល​លេង​បាល់​នៅ​វ័យ​ក្មេង​​របស់​លោក ធ្វើ​ឲ្យ​លោក​មិន​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់ រួម​ផ្សំ​នឹង​ការ​ឆាប់​ដើរ​ចេញ​ពី​​អាជីព​បាល់ទាត់ ​​បុរស​វ័យ​៤៧​ឆ្នាំ​រូប​នេះ​​ជឿថា​ជា​ដំណើរ​រប៉ាក់រប៉ើក​​នៅ​ពេល​លោក​ចង់​ក្លាយ​ខ្លួន​ជា​គ្រូ​បង្វឹក។

ម្ល៉ោះ​ហើយ​បន្ទាប់​ពី​នោះ អតីត​កីឡាករ​ធ្លាប់​​ប្រកប​អាជីព​នៅ​អង់គ្លេស​រូប​នេះ​ប្រឹង​រៀន​ដើម្បី​បាន​អាជ្ញាប័ណ្ណ​​គ្រូ​បង្វឹក​បាល់ទាត់​អាជីព​ (Uefa pro licence)។ លោក​បាន​ចុះ​ឈ្មោះ​ចូលរៀន​អនុបណ្ឌិត​ផ្នែក​កីឡា​នៅ​សាកលវិទ្យាល័យ Manchester Metropolitan។

​​​​Johnson បន្ត​ថា​​​​ការ​ក្លាយ​ខ្លួន​ជា​គ្រូ​បង្វឹក​ហ្គូយ៉ាណា គឺ​ជា​ជំហាន​នៃ​ការ​ផ្លាស់ប្ដូរ​ក្នុង​អាជីព​របស់​លោក៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម