របរ​លក់​ចេក​អាំង​បន្ទះ ឈ្ងុយឆ្ងាញ់​ របស់​អ្នកភូមិ​ស្នា​ពីមុខ ឃុំ​ព្រែកខ្ពប

  • 2018-11-25 03:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រៅ​ពី​ការងារ​ធ្វើ​ស្រែ​ចម្ការ ធ្វើ​ណែម​លក់​ អ្នក​ភូមិ​ស្នាពី​មុខ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯកភ្នំ ខេត្ត​បាត់​ដំបង មាន​មុខរបរ​មួយ​ទៀត​ គឺ​ធ្វើ​ចេក​អាំង​បន្ទះ លក់​តាម​ផ្ទះ និង​បោះ​ដុំ​ទៅ​កាន់​ទីផ្សារ​ផ្សេង​ៗ​ក្នុង​ខេត្ត។ មែនទែន​ទៅ របរ​នេះ​ក្មេងៗ​គេ​មិន​ធ្វើ​ទេ ប៉ុន្តែ​អ្នក​មាន​វ័យ​ចំណាស់​ ឬ​អ្នក​នៅ​ផ្ទះ ពួកគេ​ធ្វើ​ចេក​អាំង​បន្ទះ​នេះ ព្រោះ​មិន​សូវ​ចំណាយ​កម្លាំង​ខ្លាំង និង ដើមទុន​ច្រើន។

អ៊ំស្រី ស៊ីថា វ័យ​ជាង ៥០ឆ្នាំ រស់​នៅ​ភូមិ​ស្នាពី​មុខ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង បាន​ប្រាប់ Sabay ថា ការ​ធ្វើ​ចេក​អាំង​បន្ទះ​នេះ បាន​ចាប់​ផ្ដើម​អស់​រយៈពេល​ជាង ១០ឆ្នាំ​មក​ហើយ ដោយ​មូលហេតុ​រក​របរ​នេះ​ថា ចំណាយ​ដើម​តិច ហើយ​អាច​រក​ចំណូល​បាន​តក់ៗ​ប្រចាំ​ថ្ងៃ​ បន្ថែម​លើ​ចំណូល​កូនៗ ហើយ​ការងារ​នេះ​ក៏​មិន​សូវ​ចំណាយ​កម្លាំង​ខ្លាំង។

អ៊ំស្រី ស៊ីថា កំពុង​ជិតចេកជាបន្ទះៗ នៅ​មុខផ្ទះ​របស់​គាត់ ត្រើយខាងកើត​ នៃស្ពាន​ផ្សារប្រហុក ខេត្តបាត់ដំបង

ជាមធ្យម​ខ្ញុំ​រក​ចំណូល​បាន​ប្រហែល​ពី​ ១ម៉ឺន​រៀល-២ម៉ឺន​រៀល ក្នុង​១ថ្ងៃ។ ចេក​អាំង​បន្ទះ​នេះ​ភ្ញៀវ​ភាគច្រើន​ដែល​មក​ទិញ គឺ​ជា​ភ្ញៀវ​ទេសចរណ៍​ មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​ ហើយ​ក៏​មាន​ជនបរទេស​ដែរ ដែល​បាន​មក​កម្សាន្ត​ខេត្ត​បាត់​ដំបង​ ហើយ​មក​លេង​ផ្សារ​ប្រហុក​ផង និង​មក​មើល​គេ​ធ្វើ​ណែម"។

អ៊ំស្រី ស៊ីថា បាន​បន្ថែម​ថា ការ​ធ្វើ​ចេក​អាំង​បន្ទះ​នេះ គឺ​យក​ចេក​ណាំវ៉ា​សៀម មក​ជិត​ជា​ចំណិត​ស្ដើងៗ ហើយ​យក​មក​ដាក់​ហាល ដែល​ប្រើ​ពេល​ ២-៣ ថ្ងៃ អាស្រ័យ​លើ​អាកាស​ធាតុ។ បន្ទាប់​ពី​ហាល​រួច​គឺ​មូល​ជា​ដុំ ដោយ​ក្នុង​១ដុំ លក់​ចេញ ៤ ០០០ រៀល។ "មូល​ហេតុ​យក​ចេក​ណាំ​វ៉ា​សៀម ព្រោះ​ចេក​ណាំ​វ៉ា​នេះ​យក​ពូជ​ចេក​ពី​សៀម​ ទើប​អ្នក​ភូមិ​នៅ​ទី​នេះ​ហៅ​ថា ចេក​ណាំវ៉ា​សៀម ហើយ​ពូជ​នេះ ធ្វើ​ចេក​អាំង​នេះ​ឆ្ងាញ់ និង​ តម្លៃ​ទិញ​មក​ធូរ​ថ្លៃ"។

ចេកណាំវ៉ាសៀម រសជាតិផ្អែម​ កំពុង​ហាល​ នៅក្បែរស្ពាន​ផ្សារប្រហុក

អ៊ុំស្រី ស៊ីថា ដែល​មាន​កូន​ ៤នាក់​ ប្រុស​១ ស្រី៣នាក់ បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​បាន​មក​លេង​ផ្សារ​ប្រហុក​ ខេត្ត​បាត់ដំបង កុំ​ភ្លេច​មក​ជួយ​ទិញ​ចេក​អាំង​បន្ទះ​នេះ ដើម្បី​ជួយ​ជីវភាព​គាត់​ផង ព្រោះ​ការងារ​ធ្វើ​ចេកអាំង​បន្ទះ​ នៅ​ក្នុង​ភូមិ​ត្រូវ​បាន​គេ​បោះបង់​ចោល​ច្រើន​ហើយ នៅ​សល់​តែ​ ១-៣ ផ្ទះ​ប៉ុណ្ណោះ នៅ​ក្នុង​ភូមិ។

ពូជចេកណាំវ៉ាសៀម ដែលអ្នកភូមិ​ស្នាពីមុខ ឃុំព្រែកខ្ពប និយម​ដាំ ដែលពូជ​នេះ​យក​មកពីប្រទេស​ថៃ

ចង់​ញុំា​ចេក​អាំង​បន្ទះ​ រសជាតិ​ឈ្ងុយឆ្ងាញ់​ របស់​អ៊ំស្រី ស៊ីថា ប្រិយ​មិត្ត​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្សារ​ប្រហុក​ឆ្លងកាត់​ស្ពាន​ផ្សារ​ប្រហុក​ នៅ​ត្រើយ​ខាង​កើត នឹង​ឃើញ​ផ្ទះ​តូច​មួយ​ និង​ឃើញ​មាន​ហាល​ចេក​អាំង​បន្ទះ​ជាច្រើន​មិន​ខាន ដូច្នេះ​កុំ​ភ្លេច​ជួយ​ទិញ​ចេក​អាំង​បន្ទះ​​គាត់​ផង​ណា៎!​

ផ្ទះតូច​របស់​អ៊ំស្រី ស៊ីថា ស្ថិត​នៅ​ខាង​កើត​ស្ពាន​ផ្សារប្រហុក

សូមបញ្ជាក់ថា ឃុំព្រែកខ្ពប មាន៥ភូមិ ស្ថិត​នៅ​ក្នុងស្រុកឯកភ្នំ ដែល​មាន​ចម្ងាយប្រមាណ​ជា ១៣គីឡូម៉ែត្រ ពី​ទីរួមខេត្ត​បាត់ដំបង។ នៅទី​នេះ មាន​ផ្សារ​ប្រហុក​ធំមួយ និង ត្រើយខាងកើត​ នៃស្ពាន​ផ្សារប្រហុក​ ប្រជាជន​ភាគច្រើន​និយម​ធ្វើ​ណែម​លក់ ដែល​ទាក់ទាញភ្ញៀវទេសចរ​ ជាហូរហែរ​ ទៅទស្សនា​ជីវភាព​របស់​អ្នក​ភូមិ និង វប្បធម៌ប្រពៃណី នៅទី​នោះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា