អាមេរិកសុំឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ជៀសវាងប្រើឧបករណ៍របស់ Huawei
- 2018-11-25 08:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកសុំឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ជៀសវាងប្រើឧបករណ៍របស់ Huawei
ចន្លោះមិនឃើញ
រដ្ឋាភិបាលអាមេរិក កំពុងតែបញ្ចុះបញ្ចូលឱ្យប្រទេសសម្ព័ន្ធទាំងអស់ ដែលផ្ដល់សេវាអ៊ីនធឺណិតទាំងអស់របស់ខ្លួន ជៀសវាងប្រើឧបករណ៍ទូរគមនាគមន៍ របស់ក្រុមហ៊ុន Huawei Technologies ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Wall Street Journal កាលពីថ្មីៗ។
យោងតាម WSJ ដែលស្រង់សម្ដីប្រភពពាក់ព័ន្ធរឿងនេះ មន្ត្រីសហរដ្ឋអាមេរិក បានទៅជួបជាមួយរដ្ឋាភិបាល និងប្រតិបត្តិករទូរគមនាគមន៍ ក្នុងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដែលឧបករណ៍អេឡិចត្រូនិករបស់ Huawei កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយហើយ។ ប្រភពបន្ថែមថា អាមេរិកធ្វើបែបនេះ ដើម្បីសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិត ហើយថ្មីៗនេះដែរក្រុមហ៊ុន Huawei បានស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាមេរិក។
មេដឹកនាំភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងអ្នកផ្សេងទៀត បាននិយាយថា ពួកគេព្រួយបារម្ភថា Huawei និងក្រុមហ៊ុនចិនដទៃទៀត អាចស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន ឬគណបក្សកុម្មុយនិស្តកំពុងកាន់អំណាច ដែលបង្កើនហានិភ័យនៃអំពើចារកម្ម។
WSJ បានរាយការណ៍ទៀតថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើការបង្កើនជំនួយហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍ទូរគមនាគមន៍ នៅក្នុងប្រទេសដែលគេចចេញពីឧបករណ៍ផលិតដោយប្រទេសចិន។ ក្ដីបារម្ភមួយទៀតរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍របស់ចិនក្នុងប្រទេស ដែលមានមូលដ្ឋានយោធាអាមេរិក ដូចជា អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន។
យ៉ាងណាជុំវីញបញ្ហានេះដែរ មិនទាន់មានការឆ្លើយតបណាមួយ ធ្វើឡើងដោយក្រុមហ៊ុន Huawei នៅឡើយទេ៕