Apple បញ្ជា​ឲ្យ​បន្ថយ​ការ​ផលិត​ iPhone XR/XS ជា​លើក​ទីពីរ​ ព្រោះហេតុផលដដែល

  • 2018-11-28 02:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​កន្លង​ទៅ​​មាន​ការ​អះអាង​ថា​ Apple បាន​បញ្ជា​ឲ្យ​ដៃ​គូ​ផ្គត់ផ្គង់​របស់​ខ្លួន​កាត់​បន្ថយ​ការ​ផលិត​ iPhone XR និង iPhone XS/XS Max ​​ដោយ​សារ​តែ​មាន​​តម្រូវ​ការ​ទាប។ ថ្ងៃ​នេះ​ដែរ​មាន​ការ​ចេញ​ផ្សាយ​ថ្មី​​ដែល​អះអាង​ថា​ Apple បាន​បន្ថយ​ចំនួន​ផលិត​ iPhone ជំនាន់​ចុង​ក្រោយ​នេះ​ជា​លើក​ទី​ពីរ។

ហេតុផល​នៃ​ការ​កាត់​បន្ថយ​គឺ​ដោយ​សារ​តែ​មាន​តម្រូវ​ការ​ទាប​ ដូច​លើក​ដំបូង​ដែរ។ ការ​ចុះ​ផ្សាយ​របស់​ Digitimes មិន​បាន​បញ្ជាក់​ថា​កាត់​បន្ថយ​ចំនួន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​បាន​អះអាង​ថា​ប៉ះពាល់​​ដល់​ដៃ​គូ​ផ្គត់ផ្គង់​នៅ​តៃវ៉ាន់​ឯណោះ។

ជាក់ស្ដែង​ក្រុមហ៊ុន​មួយ​បាន​បង្ខំ​ចិត្ត​កាត់​បន្ថយ​បុគ្គលិក​ ១១០​ នាក់​ដោយ​សារ​ការ​កាត់​បន្ថយ​នេះ។ បន្ថែម​ពី​នេះ​ក្រុមហ៊ុន​ Largan Precision ដែល​ផ្គត់ផ្គង់​ឡេន​កាមេរ៉ា​ iPhone ​ប៉ាន់​ស្មាន​ថា​នឹង​ធ្លាក់​ចុះ​ចំណូល​​ខ្លាំង​នៅ​ខែ​វិច្ឆិកា​នេះ។

​ក៏​មាន​ការ​អះអាង​ថា​ក្រុមហ៊ុន​ TSMC ​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ផលិត​ឈីប​ A12 Bionic ក៏​ត្រូវ​កាត់​បន្ថយ​ការ​ផលិត​ផង​ដែរ។ យ៉ាងណាក្ដី​ TSMC មិន​សូវ​រង​ផល​ប៉ះពាល់​ធ្ងន់​ឡើយ​ ដោយ​សារ​ក្រុមហ៊ុន​នេះ​មាន​ផលិត​ឈីប​ឲ្យ​ក្រុមហ៊ុន​ដទៃ​ដូច​ជា​ Kirin 980 របស់​ Huawei ជា​ដើម៕

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង