​ចំបាប់​បង្ហាញ​​ក្ដី​រំពឹង​ខ្ពស់​ដណ្ដើម​មេដាយ​ស៊ីហ្គេម​ឆ្នាំ​ក្រោយ​តែ​មាន​ការ​លំបាក​មួយ

  • 2018-11-29 03:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​កំពុង​​​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រជែង​មេដាយ​ស៊ីហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន ប៉ុន្តែ​ក្នុង​នោះ​គឺ​មាន​ការ​​លំបាក​មួយ។

លោក Cassey Barnet ប្រគល់រង្វាន់ដល់កីឡាករ

ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​​កាល​​ពី​ម្សិល​មិញ​នេះ​លោក Cassey Barnet អនុ​ប្រធាន​សហព័ន្ធ​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ​សហព័ន្ធ​របស់​លោក​​កំពុង​មាន​ក្ដី​រំពឹង​ខ្ពស់​ក្នុង​ការ​ទទួល​បាន​មេដាយ​ពី​ស៊ីហ្គេម​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ចំណុច​ព្រួយបារម្ភ​មួយ​ដែរ​គឺ ដោយសារ​ខ្លាច​ហ្វីលីពីន​មិន​ដាក់​បញ្ចូល​ប្រភេទ​វិញ្ញាសា​​​ទម្ងន់​ធ្ងន់ ដែល​ជា​ប្រភេទ​វិញ្ញាសា​​មួយ​កម្ពុជា​មាន​សក្ដានុពល។

មូលហេតុ​ដែល​​នាំ​ឲ្យ​លោក​មាន​ក្ដី​រំពឹង​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​ក្រោយ​ ពី​ព្រោះ​កាល​ពី​ពេល​ថ្មី​នេះ សហព័ន្ធ​របស់​ខ្លួន​បាន​បង្ហាញ​ភាព​ខ្លាំង​ក្នុង​​ការ​ប្រកួត​ជើង​ឯក​អាស៊ីអាគ្នេយ៍​ ដោយ​ឈ្នះ​មេដាយ​មាស​៣​គ្រឿង ប្រាក់៤គ្រឿង និង​សំរឹទ្ធ​៩​គ្រឿង។ ចំពោះ​ក្ដី​កង្វល់​ខាង​លើ​វិញ ប្រសិន​បើ​ហ្វីលីពីន​មិន​ដាក់​បញ្ចូល​មែន​លោក​​ នឹង​ធ្វើ​ការ​តវ៉ា។

​ទាក់​ទង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​​ឆ្នាំ​២០១៨​ វិញ​​លោក​មើល​ឃើញ​ថា មាន​ភាព​រីក​ចម្រើន​ខ្លាំង​​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ដោយ​សារ​សហព័ន្ធ​យក​ចិត្ត​ទុក​ដាក់​បណ្ដុះបណ្ដាល​​យុវជន​​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

លោក ធិន វិចិត្រ ប្រគល់រង្វាន់ដល់​កីឡាករ

​ជា​មួយ​គ្នា​នោះ​លោក ធិន វិចិត្រ​ អគ្គលេខាធិការ​សហព័ន្ធ​ចំបាប់​ក៏​បាន​​​លើក​ឡើង​ពី​ការ​ខុស​ប្លែក​គ្នា​​កាល​ពី​ឆ្នាំ​មុន​ៗ​របស់​កីឡាករ​-​កីឡា​ការិនី​មក​ពី​តាម​បណ្ដា​ខេត្ត​គឺ​​ខ្លាំង​ៗ​ជាង​មុន​បើ​ទោះ​កីឡាករ​-​កីឡា​ការិនី​ទាំង​នោះ​មាន​ពេល​ហ្វឹកហាត់​មិន​បាន​គ្រប់​គ្រាន់​ក្ដី។ ​ជាង​​នេះទៅ​ទៀត​ឆ្នាំ​នេះ​មាន​កីឡា​ការិនី​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ម្នាក់​អាច​ឈ្នះ​កីឡា​ការិនី​ថ្នាល​របស់​ជម្រើស​ជាតិ​ទៀត​ផង។

​លោក​បន្ថែម​ថា នេះ​ជា​រឿង​ល្អ​មែនទែន​សម្រាប់​សហព័ន្ធ​ ដោយសារ​ភាព​រីក​ចម្រើន​តាម​បណ្ដា​ខេត្ត​ នឹង​ធ្វើ​ឲ្យ​ចំបាប់​​​កម្ពុជា​បន្ត​ភាព​ខ្លាំង​បាន​យូរ​អង្វែង​លើ​ឆាក​អន្តរជាតិ ​ពិសេស​ស៊ីហ្គេម​តែ​ម្ដង។

​ជា​លទ្ធផល​សម្រាប់​ការ​ប្រកួត​​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ចំបាប់​គឺ​ជយលាភី​លេខ​​១​បាន​ទៅ​ក្លឹប​​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​ដែល​ទទួល​បាន​មេដាយ​មាស​៦ ប្រាក់​៦ សំរឹទ្ធ២ ​ចំណាត់​ថ្នាក់​លេខ​២​បាន​ទៅ​ក្រសួង​មហាផ្ទៃ​មាស ៦ ប្រាក់​៥ សំរឹទ្ធ​៣ ​លេខ​៣​បាន​ទៅ​បារមី​ម៉ឺន​ឯក​(ខេត្ត​កណ្ដាល) មាស​៣ ប្រាក់​២ សំរឹទ្ធ​៤ និង​លេខ​៤ ​បាន​ទៅ​ខេត្ត​ព្រៃវែង​ ប្រាក់ ៤ សំរឹទ្ធ​ ៥ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម