ថៃដាក់តម្លៃបន្ទប់ ចាប់ពី១០ដុល្លារ សម្រាប់ភ្ញៀវទៅលេងបុណ្យសមុទ្រនៅកោះកុង

  • 2018-12-01 04:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​សមុទ្រ នឹង​ចាប់​ផ្ដើម​នៅ​​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ទឹក​ដី​ពណ៌​បៃតង ខេត្ត​កោះកុង។ ​មក​ទល់​ពេល​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ​បន្ទប់​ស្នាក់នៅ​សម្រាប់​ពិធីបុណ្យ​នេះ​ ​ត្រូវ​បាន​កក់​ស្ទើរ​អស់ ដែល​ហេតុ​តម្រូវ​ឲ្យ​ភ្ញៀវទេសចរ​មួយ​ចំនួន​ ដែល​ចង់​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ តែ​មិន​ទាន់​មាន​កន្លែង​ស្នាក់​នៅ​ ចាំបាច់​ត្រូវ​រក​កន្លែង​ទុក​មុន​។

​លោក ហ៊ឹប សុធារី ប្រធាន​គ្រប់គ្រង​បុគ្គលិក​នៃ​សណ្ឋាគារ Apex Koh Kong Resort Hotel បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថ្មីៗនេះថា សម្រាប់​រយៈពេល ៣ ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​នាពេល​ខាង​មុខ បន្ទប់​សណ្ឋាគារ​របស់​លោក​ត្រូវ​បាន​អតិថិជន​កក់​អស់​ហើយ ដោយ​អតិថិជន​ភាគច្រើន​ជា​អ្នក​នៅ​ភ្នំពេញ​។

ពេល​ធម្មតា​បន្ទប់​ស្នាក់នៅ​របស់ Apex Koh Kong Resort Hotel មាន​តម្លៃ​ចាប់ពី ១០ ​ដុល្លារ​ឡើង​ទៅ តែ​សម្រាប់​ពិធីបុណ្យ​សមុទ្រ​តម្លៃ​បាន​កើនឡើង​ជា​ប្រហែល​ ២០ ​ភាគរយ​។

យ៉ាងណាក្ដី​ ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​ស្នាក់​នៅ​ ក្រសួង​ទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សហការ​ជាមួយ​ថៃ​ (ខេត្តត្រាត) ​ដោយ​ស្នើ​ឲ្យ​ត្រៀម​បន្ទប់​សម្រាប់​ទទួល​ភ្ញៀវ​មិន​តិច​ជាង ៦០០​បន្ទប់​ មិន​ចាំបាច់​មាន​លិខិតឆ្លងដែន(Passport) ​នោះ​ទេ។

សមុទ្រខេត្តត្រាត

តាម​ប្រភព​ពី​ក្រសួង​ថា​​ ខាងភាគី​ថៃ (ខេត្តត្រាត) ក៏​បាន​ផ្តល់​កិច្ចសហការដ៏ល្អ ​ក្នុងការ​ត្រៀម​រៀបចំ​ទទួល​ភ្ញៀវ​ស្នាក់នៅ ក្នុង​តម្លែ​សមរម្យ ទាំងនៅខ្លងយ៉ែ និងនៅត្រាត ដែលតម្លៃចន្លោះពី ៣០០-៨០០បាត ​ស្នាក់​នៅខ្លងយ៉ៃ គិតជា​ប្រាក់​ដុល្លារ​ប្រមាណ​១០ ទៅ២០ដុល្លារ​ និង​ចន្លោះពី ១២០០-១៥០០បាត ស្នាក់​នៅ​ទី​រួម​ខេត្តត្រាត​ គិតជា​ប្រាក់​ដុល្លារ​ប្រមាណ​ ៣៧ដុល្លារ ទៅ៤៥ដុល្លារ ​។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានត្រៀមតង់សម្រាកកាយ សម្រាប់ទទួល​ភ្ញៀវផងដែរ៕

អត្ថបទ៖ ស៊ិន សាវ៉េត