ឱកាសល្អ! ពិព័រណ៍​​យន្ត​ហោះ និង​បច្ចេកវិទ្យា បើក​ឱ្យ​​ចូល​ទស្សនា​ដោយ​សេរី

  • 2018-12-01 05:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ឱកាសល្អ​មួយ​សម្រាប់​យុវជន​ខ្មែរ ដែល​ស្រលាញ់​ចូល​ចិត្ត​វិស័យ​បច្ចេកវិទ្យា ព្រោះ​នា​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ​ធ្នូ ឆ្នាំ២០១៨ "ពិព័រណ៍​​យន្ត​ហោះ និង​បច្ចេកវិទ្យា" នឹង​បើក​ឱ្យ​​ចូល​ទស្សនា​ដោយ​សេរី ដែល​ធ្វើ​ឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស។

លោក ឈី កុលបុត្រា

យោង​តាម​លោក ឈី កុលបុត្រា ប្រធាន​ក្រុម​ដឹកនាំ​កម្មវិធី​ ​ពិព័រណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង បើក​​ឱ្យ​​យុវជន​ខ្មែរ​ មាន​ឧកាស​បង្ហាញ​សមត្ថភាព តាម​រយៈ​ការ​ប្រកួត​ប្រជែង មាន​ឧកាស​សិក្សា​ស្វែង​យល់​ពីបច្ចេកវិទ្យា យកបទពិសោធល្អៗពីគ្រូបច្ចេកវិទ្យាជំនាញៗ ហើយពួកគេ ក៏អាចបាន​ទស្សនា​ផលិតផល​បច្ចេកវិទ្យា​​ជាច្រើន​ទៀតដែរ។

លោក កុលបុត្រា បញ្ជាក់​ថា៖ “យើង​ចង់​ Inspire យុវជន​ខ្មែរ​ពី​បច្ចេកវិទ្យា និង​គ្រឿង​យន្ត​ហោះ ការ​ផលិត​យន្តហោះ ធ្វើ​យន្ត​ហោះ ...​ចង់​ឱ្យ​ពួកគាត់​មាន​ឱកាសបង្ហាញ​​ទេពកោសល្យ​របស់​គាត់។ អ្នក​ខ្លះ​ចេះ​ធ្វើ​យន្តហោះ តែ​គាត់​អត់​មាន​ឱកាសបង្ហាញ​សមត្ថភាព​ទេ"។

​ក្នុង​ពិព័រណ៍​នេះ មានប្រធាន​បទ​ប្រកួតប្រជែង​​ធំមួយ គឺ​ "ការ​ធ្វើ​យន្តហោះ​កៅស៊ូ" ដែល​​មាន​ក្រុម​ចំនួន​ ១៣​ ចូល​រួម​ ដោយក្នុង​១​ក្រុម​មាន​២​នាក់។ ការប្រកួត​ប្រជែង​ធ្វើ​យន្តហោះ​កៅស៊ូ (ហោះបាន) គឺ​ផ្ដោត​សំខាន់លើ រយៈកម្ពស់នៃការហោះ រយៈពេលនៃការហោះ ចង្ងាយនៃការហោះ ការឌីហ្សាញ និង​ការ​ធ្វើ​បទ​បង្ហាញ។

ក្រៅ​ពី​ការ​ប្រកួត​ប្រជែង អ្នក​ចូល​រួម​​ និងបេក្ខភាពប្រកួតក៏​អាច​ទស្សនា​យន្ត​ហោះ​ចំនួន ៨ គ្រឿង (Private Jet & Helicopter) មក​ពី​ស្ថាប័ន​​ផ្សេង​គ្នាដូចជា Heli Star ជាដើម រួមទាំង​​មាន​​ Work Shop អំពី​បច្ចេកវិទ្យា​​​ជាច្រើន​ទៀត​ផងដែរ។ ​

ពិព័រណ៍រយៈ​ពេល​បី​ថ្ងៃ​​ និង​បើ​ឱ្យ​ចូល​រួមទស្សនា​ដោយ​សេរី​នេះ ផ្ដួចផ្ដើម​រៀបចំ​ធ្វើ​ឡើង​ដោយ​សហភាព​​សហព័ន្ធ​​យុវជន​ខេត្ត​ស្វាយរៀង សហការជាមួយ STEM Cambodia និង​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា៕

យុវជនស្ម័គ្រចិត្តរៀបចំកម្មវិធី

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

​​

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី