ចំណុចគួរ​ដឹង ដើម្បី​ទទួល​បានប្រាក់​ឧបត្ថម្ភ​ពី​ប.ស.ស ពេល​សម្រាល​កូន​​

  • 2018-12-03 07:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ឲ្យ​ដឹង​ថា​ខ្លួនបាន​ចំណាយ​ថវិកា​ជាង​៥លាន​ដុល្លារ​​ជិត​មួយ​ឆ្នាំ​២០១៨​នេះ​សម្រាប់​បើក​ជា​ប្រាក់​ឧបត្ថម្ភ​ដល់កម្មការិនី​ទាំងក្នុង​ និង​ក្រៅ​ប្រ​ព័ន្ធ​ក្នុងការ​សម្រាល​កូន​។

បេឡាជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា​ ប.ស.ស បាន​សរសេរ​នៅ​លើ ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃនេះ​​ថាគិត​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០១៨ នេះ​ប.ស.ស បាន​បើក​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​សរុប​ជាង​២៣​ពាន់​លាន​រៀល ឬប្រ​ហាក់​ប្រហែល​នឹង​៥,៦​លាន​ដុល្លារ​អាមេរិក​ដល់​កម្មការិនី​ទាំងក្នុង​ និង​ក្រៅ​ប្រ​ព័ន្ធ​ដែលជា​សមាជិក​របស់​ប.ស.ស។ ស្រ្តី​សម្រាល​កូន​ស្រុបមាន​ចំនួន​៥៨ ៦៩៨​នាក់ ក្នុង​នោះ​​ស្រ្តី​មាន​កូនភ្លោះពីរ​ចំនួន​៤២៨នាក់ និង​ភ្លោះបីចំនួន​ប្រាំនាក់។

​បើ​តាម​ប.ស.ស ស្រ្តី​សម្រាល​កូន​ម្នាក់​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤០​ម៉ឺន​រៀល សម្រាល​កូន​ភ្លោះ​ពីរ​​​នាក់​ទទួលបានថវិកា​​ចំនួន៨០​ម៉ឺន​រៀល និង​សម្រាលបាន​កូន​ភ្លោះ​បី​បានទទួល​ថវិកាចំនួន​១២០​ម៉ឺន​រៀល និង​ប្រាក់​ឧបត្ថម្ភបន្ថែមពី​សម្តេច​ ហ៊ុន សែន ចំនួន​៥លាន​រៀល​បន្ថែម​ទៀត។

ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ ប.ស.ស ​កម្មការិនី​ទាំង​ក្នុង​នឹង​ក្រៅ​ប្រព័ន្ធ​ត្រូវ ទៅ​បំពេញ​បែប​បទ​នៅទី​ស្នាក់​ការ​ ប.ស.ស ទូទាំង​រាជធានី ​ខេត្ត​ ក្នុងរយៈ​​ពេល​យ៉ាង​យូរ​ បី​ខែ មុន​ពេល​សម្រាល​កូន ដោយ​សាមី​ខ្លួន​ត្រូវ​ភ្ជាប់​​ជា​មួយ​នូវ​លិខិត​ពិនិត្យ​ផ្ទៃ​ពោះ ​ដែល​បាន​បញ្ជាក់​កាលបរិច្ឆេទ​ត្រូវ​សម្រាល​ ​បណ្ណ​សមាជិក​ ប.ស.ស ឬ​ប​ណ្ណមូល​និធិសមធម៌​សុខាភិបាល ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរសព្ទ​ដែល​អាច​ទំនាក់​ទំនង​បាន។

​ក្នុង​ករណីសាមីខ្លួន​មិន​បាន​​បំពេញ​បែបប​ទ​នៅ ​ប.ស.ស ក្នុង​រយៈ​ពេល​ខាង​លើ ​សាមី​ជន​ ឬ​អ្នក​តំណាង​ ត្រូវ​ជូន​ដំណឹង​ជា​បន្ទាន់​មក​កាន់ ​ប.ស.ស យ៉ាង​យូរបំ​ផុត ១(មួយ)ខែ ក្រោយ​ថ្ងៃ​សម្រាល​កូន។ សម្រាប់​ចំណុច​មួយទៀត​គឺ​សាមី​ខ្លួន ឬសាច់​ញ្ញាតិ​ត្រូវ​ជូនដំណឹង​មក​ ប.ស.ស​ តាម​រយៈ​លេខ​ទូរសព្ទ​ទាក់ទង​​បន្ទាន់​ ១២៨៦ ពេល​ដែល​សម្រាក​ក្នុង​មូលដ្ឋាន​សុខាភិបាល​ (មន្ទីរពេទ្យ) ដែល​គ្មាន​ភ្នាក់ងារ​ ប.ស.ស នៅប្រចាំការ៕

អត្ថបទ៖ ទូច សុខា