អស់​ពី​ឡាន វៀតណាម ជិត​ចេញ​លក់​ទូរសព្ទ​ផលិត​ក្នុង​ស្រុក​លើក​ដំបូង​

  • 2018-12-03 08:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ទីផ្សារ​ធំ​បំផុត​នៅ​វៀតណាម Vingroup បាន​ប្រកាស​ថា ខ្លួន​នឹង​បញ្ចេញ​ស្មាតហ្វូន​​ផលិត​ក្នុង​ស្រុក​លើក​ដំបូង​ ចំនួន ៤​ម៉ូដែល នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​ម៉ាក​យីហោ "Vsmart” ​។

យោង​តាម​សារព័ត៌មាន Reuters ដែល​ដក​ស្រង់​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន ​Vingroup នៅ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​បាន​ឲ្យដឹង​ថា ស្មាតហ្វូន Vsmart ត្រូវ​បាន​ផលិត​ឡើង​នៅ​រោងចក្រ​នា​ក្រុង Haiphong ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម។ រោងចក្រ Vingroup នោះ អាច​ផលិត​ស្មាត​ហ្វូន ចំនួន ៥​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ក្នុង​ដំណាក់កាល​ទី​មួយ​។

សេចក្ដីថ្លែងការណ៍​ដដែល​បន្ត​ថា Vingroup មាន​ភាគហ៊ុន ៥១​ភាគរយ នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អេស្ប៉ាញ BQ ហើយ​ខ្លួន​នឹង​ប្រើប្រាស់​អ្នក​ជំនាញ​អេស្ប៉ាញ ដើម្បី​អភិវឌ្ឍ​ស្មាតហ្វូន​របស់​ខ្លួន​ឲ្យ​កាន់តែ​ទំនើប​ នៅ​ពេល​អនាគត។ យ៉ាង​ណា​មិញ ​មិនទាន់​មាន​ការ​បង្ហាញ​រូបរាង​ស្មាតហ្វូន​ Vsmart ជា​ផ្លូវការ​ នៅឡើយទេ។

សូម​ជម្រាប​ថា ក្រុមហ៊ុន Vingroup ជា​ក្រុមហ៊ុន​របស់​វៀតណាម​ទី​មួយ ដែល​បាន​ផលិត​រថយន្ត​ក្នុង​ស្រុក​លើក​ដំបូង​ ក្រោម​ម៉ាក​យីហោ VinFast ដែល​ទើបតែ​ប្រកាស​ចេញ​ជាផ្លូវការ​កាលពី ២​ខែ​កន្លង​ទៅ​។

Vingroup នឹង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​យក្ស​ ដូចជា Samsung និង Apple ដែល​កំពុង​លក់​ស្មាតហ្វូន​សម្រាប់​ប្រជាជន​វៀតណាម​ជាង ៩៥​លាន​នាក់។ វៀតណាម គឺ​ជា​ទីតាំង​ដំឡើង​ទូរសព្ទ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ Samsung ធំ​បំផុត​នៅ​លើ​ពិភពលោក​។

គួរ​បញ្ជាក់​ថា តាម​សេចក្ដីថ្លែងការណ៍​ខាងលើ Vingroup នឹង​ផលិត​ទូរទស្សន៍​ស្មាត​ធីវី និង​ផលិតផល​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​ផង​ដែរ នៅ​ពេល​អនាគត​៕

ប្រភព៖ Kley Kley   ប្រែសម្រួល៖ លាភ