កត្តា​សំខាន់​ៗ​​ក្នុង​សង្វៀន​ ONE នៅ​ម៉ាឡេស៊ីថ្ងៃសុក្រ​នេះ​

  • 2018-12-05 04:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​សុក្រ​ ទី​៧​ ខែ​ធ្នូ​នេះ ​ជើង​ខ្លាំង​កម្ពុជា​២​នាក់​នឹង​បង្ហាញ​មុខ​ទៀត​លើ​ឆាក​ក្បាច់​គុន​អន្តរជាតិ​ ONE: DESTINY OF CHAMPIONS នៅ​ប្រទេស​ម៉ាឡេស៊ី​គឺ ចាន់ រតនា តទល់​នឹង​ជើង​ខ្លាំង​មិន​ដែល​ចាញ់​ឥណ្ឌូណេស៊ី​ ខណៈ​កីឡា​ការិនី​ខ្មែរ​-​អាមេរិក​ទើប​រះ​ថ្មី​ ឯម សុវណ្ណារី​ ប្រឈម​នឹង​អ្នក​លេង​ ក្បាច់​ក្រោម​អ៊ុយក្រែន។

សង្វៀន​​គួរ​ឲ្យ​ទាក់ទាញ​នៅ​កីឡដ្ឋាន​ Axiata Arena ទី​ក្រុង​កូឡាឡាំពួរ​នឹង​កក្រើក​ដោយ​ដោយ​អ្នក​លេង​ក្បាច់​គុន​ចម្រុះ​ជាតិ​សាសន៍​១៣​គូ​​​ពាក់​មុខ​យក្ស​ដាក់​គ្នា​ចំពោះ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់។

ការ​បង្ហាញ​ខ្លួន​របស់​តារា​ប្រដាល់​ទើប​រះ​ថ្មី​

កីឡា​ការិនី​ខ្មែរ​-​អាមេរិក​ ឯម​ សុវណ្ណារី​ មាន​ឱកាស​បញ្ចេញ​ស្នាដៃ​ក្នុង​ព្រឹត្តិការណ៍​របស់​ ONE ដែល​មិន​មែន​គ្រប់​គ្នា​អាច​ធ្វើ​បាន​នោះ​ទេ។ ការ​ប្រកួត​មុន​ៗ​របស់​នាង​ គឺ​នាង​បាន​ផ្តួល​​ដៃ​គូ​​ឲ្យ​សន្លប់​ត្រឹម​តែ​១៨​វិនាទី​ប៉ុណ្ណោះ​ ហើយ​ឥឡូវ​នេះ​នាង​នឹង​ត្រូវ​ប្រឈម​មុខ​​នឹង​ជើង​ Iryna “Delsa” Kyselova ​ជា​ជើង​ឯក​ស្រី​អ៊ុយក្រែន។

Iryna និង សុវណ្ណារី

អ្នក​ប្រដាល់​ Iryna មាន​បទ​ពិសោធ​លើ​សង្វៀន​ប្រដាល់​ច្រើន​ជាង​ សុវណ្ណារី​ ដល់​ទៅ​ ៦​ដង។ យ៉ាង​ណា​មិញ​កីឡា​ការិនី​ខ្មែរ​-​អាមេរិក​ ក៏​បាន​ត្រៀម​ស្នៀត​ស្រេច​បាច់​ ហើយ​នាង​បាន​ប្រាប់​​អ្នក​គាំទ្រ​ថា​៖ «​ចិត្ត​និង​កាយ​ ខ្ញុំ​ត្រៀម​រួច​រាល់​ហើយ​។ ខ្ញុំ​ទន្ទឹង​ចាំ​តែ​ដល់​​ភ្លាម​ៗ»។

ការ​ទន្ទឹង​រង់​ចាំ​យូរ​​របស់​ ចាន់​ រតនា​ បាន​មក​ដល់​ហើយ​

តារា​ប្រដាល់​ប្រចាំ​ដួង​ចិត្ត​អ្នក​គាំទ្រ​កម្ពុជា​ ចាន់​ រតនា​ ស្រេក​ឃ្លាន​​ឡើង​សង្វៀន​ ONE​ យូរ​មក​ហើយ​។ លើក​នេះ​រូប​គេ​ពុះ​កញ្រ្ជោល​ជាង​ពេល​ណា​ៗ​ទាំង​អស់​ក្នុង​ការ​បញ្ចេញ​ស្នៀត​ថ្មី​ៗ​ដែល​ខ្លួន​បាន​សំងំ​ហាត់​ជា​យូរ​មក​ហើយ​។ អ្នក​គាំទ្រ​ទាំង​អស់​ប្រាកដជា​មិន​ខក​បំណង​ឡើយ​នៅ​ពេល​​រូប​គេ​ជួប​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី​ Abro Fernandes។

ចាន់ រតនា និង Abro Fernandes

រតនា​និយាយ​ថា ៖«ខ្ញុំ​ចង់​បង្ហាញ​អ្វី​ដែល​ថ្មី​ទៅ​ ONE Championship​ ឱ្យ​គេ​ចាប់​អារម្មណ៍​ ខ្ញុំ​ច្រើន​ជាង​នេះ​ទៀត។ ខ្ញុំ​ប្រកួត​មិន​សម្រាប់​តែ​ខ្លួន​ឯង​ទេ​ ប៉ុន្តែ​ខ្ញុំ​ប្រកួត​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្ញុំ​ទាំង​អស់​ផង​ដែរ។ តាម​ពិត​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​ ពេល​ឃើញ​អ្នក​គាំទ្រ​ខ្ញុំ​សប្បាយ​ចិត្ត»។

ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​​ប្រដាល់​សេរី​កម្រិត​ពិភព​លោក​

គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​ជា​ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​ប្រដាល់​សេរី​កម្រិត​ពិភព​លោក​របស់​ថៃ​ Yodsanklai​ និង​អ្នក​គុន​និយម​ឆ្លង​ដែន​របស់​អូស្ត្រាលី​ Luis Regis។

Yodsanklai ​ដែល​ជា​ម្ចាស់​​ខ្សែក្រវាត់​ពិភពលោក​ Muay Thai World Champion នៅ​សង្វៀន​ល្បី​​ Lumpinee​ ​និង​ខ្សែ​ក្រវាត់​ជា​ច្រើន​ទៀត​បាន​កសាង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺរ​ច្រើន​ឆ្នាំ​មក​ហើយ។ លើក​នេះ​រូប​គេ​ប្តេជ្ញា​​ផ្តួល​កីឡាករ​អូស្ត្រាលី​ឲ្យ​ខាង​តែ​​បាន។

​ជើង​ខ្លាំង​ Regis ​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ប្រេស៊ីល​ ប៉ុន្តែ​រស់​នៅ​ប្រទេស​អូស្ត្រាលី​​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ដាក់​ទាំង​ចិត្ត​ និង​កាយ​ធ្វើ​ជា​អ្នក​ប្រដាល់​រហូត​ដល់​ សព្វ​ថ្ងៃ​ដោយ​មាន​គោល​ដៅ​តែ​មួយ​គត់​គឺ​ស្ពាយ​ខ្សែ​ក្រវាត់​​​ពិភព​លោក។ តាម​ពិត​​ទៅ​រូប​គេ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​រួច​ហើយ។

កីឡាករ​ប្រេស៊ីល-អូស្ត្រាលី​និយាយ​ថា ៖«បើ​មើល​កំណត់​ត្រា​ផ្ទាល់​របស់​ខ្ញុំ​ វា​មិន​​ច្រើន​នោះ​ទេ​ ប៉ុន្តែ​ការ​ឈ្នះ​ទាំង​២៥​ដង​នោះ​ សុទ្ធ​តែ​បាន​ដោយ​វាយ​ភាគី​ឲ្យ​សន្លប់​ដល់​ដី​ទាំង​អស់។ពេល​គេ​កំពុង​ឈ​វ៉ៃ​ត​ទល់​​មុខ​ខ្ញុំ​ បើ​សិន​ខ្ញុំ​ចាប់​គេ​ជាប់​ ខ្ញុំ​ដឹង​ថា​ ខ្ញុំ​អាច​បង្ក្រាប​គេ​ក្រោម​កណ្ដាប់​ដៃ​របស់​ខ្ញុំ​បាន»។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សង្វៀន​ ONE រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រដាល់​សេរី​​ដណ្ដើម​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក បន្ទាប់​ពី​រៀប​ចំ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ MMA និង​ប្រដាល់​សកល​ជា​បន្ត​បន្ទាប់​មក។​ ចាំ​តាម​ដាន​ទាំង​អស់​គ្នា​​ថា​តើ​ នរណា​ជា​ម្ចាស់​ខ្សែ​ក្រវាត់? ចុះ​អ្នក​លេង​គុន​ខ្មែរ​អាច​បង្កើត​កំណត់​ត្រា​ជូន​ជាតិ​បាន​ទេ?

គូប្រកួត

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម