អ្នកធ្វើ Troll ឆាវឆាវប្រឹងទាំងត្រដរ ទម្រាំរកចំណូលបានជាង ១ ពាន់ដុល្លារក្នុងមួយខែ
- 2018-12-06 05:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកធ្វើ Troll ឆាវឆាវប្រឹងទាំងត្រដរ ទម្រាំរកចំណូលបានជាង ១ ពាន់ដុល្លារក្នុងមួយខែ
ចន្លោះមិនឃើញ
ថ្វីបើកើតក្នុងគ្រួសារជីវភាពក្រីក្រ ប៉ុន្តែ អ៊ុយ រិទ្ធី មិនក្រចំណេះឡើយ ដោយកាលពីបឋមសិក្សា កុមារារូបនេះ ជាសិស្សពូកែរៀនឱ្យភ្លោះថ្នាក់។ ប៉ុន្តែដោយជីវភាពលំបាកពេក រៀនមិនបានជាប់លាប់ រិទ្ធី ក៏ឈប់ត្រឹមថ្នាក់ទី៨ ប៉ុណ្ណោះ ដោយយកពេលមកធ្វើថ្នល់ ប្ដូរជាមួយថវិកា ៦ ០០០ រៀលក្នុងមួយថ្ងៃ។
ធ្វើបានកន្លះឆ្នាំ យុវជនកំព្រាឪពុកតាំងពីក្មេង ហើយម្ដាយទើបចែកឋានកាលពីប៉ុន្មានឆ្នាំនេះ ក៏លាស្រុកកំណើត និងបងប្អូនមកភ្នំពេញ អំឡុងឆ្នាំ២០០៨។ ក្នុងទីក្រុងដ៏ស៊ីវិល័យ កូនពៅក្នុងចំណោមបងប្អូន៥នាក់ បានធ្វើជាកម្មករផ្សារដែក ទទួលបានតម្លៃពលកម្ម ៣ម៉ឺនរៀលក្នុងមួយខែ។
ធ្វើបានត្រឹមខ្ទង់៣ទៅ៤ខែប៉ុណ្ណោះក៏ឈប់ ហើយក៏មកធ្វើជាអ្នកយាមម៉ូតូ នៅភោជនីយដ្ឋានល្បីឈ្មោះមួយ ។ បន្ទាប់មក រិទ្ធី បានមកធ្វើជាអ្នកចម្លងឌីសក្នុងក្រុមហ៊ុនមួយ មានបៀវត្ស ១២ម៉ឺនរៀលក្នុងខែ។ នៅទីនេះយុវជនវ័យ ២៧ឆ្នាំ រៀនសូត្របានច្រើន ទាំងការកាត់តវីដេអូ។ ថ្ងៃមួយថៅកែរបស់ រិទ្ធី ចង់មានអ្នកបញ្ចូលសំឡេងផ្ទាល់ខ្លួន ហើយគាត់ក៏បានយកលោក ទៅផ្ញើជាមួយអ្នកបញ្ចូលសំឡេងជើងចាស់ម្នាក់ គឺអ្នកស្រីរំដួល។
ជាមួយអ្នកស្រីរំដួល ដែលលោកសុំធ្វើម្ដាយធម៌ រិទ្ធី បានរៀនបញ្ចូលសំឡេងគ្រប់រសជាតិ ទាំងចិន ទាំងខ្មែរ ក្នុងរយៈពេលជិត២ឆ្នាំ។ កាលនោះលោកទទួលបានកម្រៃ ១ភាគ១០ដុល្លារ និងច្រើនជាងនេះតាមរឿងវែងឬខ្លី។
ចំណែកថៅកែរបស់លោកវិញ ដោយពេលនោះ ឌីសកូពី ត្រូវបានគេហាមច្រើន ក៏ឈប់លក់ទៅប្រកបអាជីវកម្មផ្សេង ខណៈលោក រិទ្ធី បានទៅធ្វើអ្នកគប់ប៉េងប៉ោងនៅវត្តភ្នំមួយរយៈ។ អាចថាជានិស្ស័យ ពេលកំពុងធ្វើអ្នកគប់ប៉េងប៉ោង ក៏មានសិស្សច្បងដែលធ្វើការកន្លែងថៅកែចាស់ ហៅលោកមកបញ្ចូលសំឡេងនៅហង្សមាស។ បញ្ចូលសំឡេងបានថ្នឹកគួរសម រិទ្ធី ត្រូវថៅកែឱ្យប្រាក់ខែ ២៥០ និងឡើង ៣០០ ក្នុងមួយខែ។
អំឡុងពេលនោះ អ្នកភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រែកកាបាស ខេត្តតាកែវ ក៏ចាប់ផ្ដើមធ្វើវីដេអូផេក Troll ហើយ Troll បទញីកែងជើង និងផ្ទុះខ្លាំងដោយមានអ្នក Like និង Share ជាច្រើនមែនទែន។
អតីតសិស្សវិទ្យាល័យហេងសំរិន្ធព្រៃល្វា បានបញ្ជាក់ថា ក្រោយមកក៏មកធ្វើផេកខ្លួនឯង ធ្វើវីដេអូ Troll រហូតដល់បច្ចុប្បន្ន និងទទួលបានអ្នកឧបត្ថម្ភជាហូរហែ។ ចំពោះប្រាក់អ្នកឧបត្ថម្ភពីមុន លោកគិតពីភ្ញៀវ ៣០ដុល្លារ ឡើង ៥០ ដុល្លារក្នុងវីដេអូរយៈ៣នាទីមួយ និងពេលនេះ ៨០ ដុល្លារក្នុងមួយវីដេអូ។
លោក រិទ្ធី ថ្លែងក្នុងបន្ទប់ជួលដ៏តូចថា៖ “ពីមុនខ្ញុំយកធូរថ្លៃគឺមានថ្លៃ Sponsor ច្រើនមែនទែន អត់មានពេលធ្វើ តែឥឡូវខ្ញុំដំឡើងតិច ដើម្បីដកឃ្លា ណាមួយខ្ញុំមានក្រុមការងារធ្វើដែរ ត្រូវការចំណាយលើពួកគាត់ និងបង់ថ្លៃផ្ទះទឹកភ្លើង។ ផ្ទះ១០០ ទាំងទឹកភ្លើង ១៤០"។
លោក រិទ្ធី ក៏បានបង្កើតគណនី YouTube ក្នុងឆ្នាំ២០១៧ ដែលមានអ្នក Subcribe ជាង ២០ម៉ឺននាពេលបច្ចុប្បន្ន។ លោកថាទាំង Sponsor និង YouTube លោកអាចរកចំណូលបានខ្ទង់ពាន់ដុល្លារដែរក្នុងមួយខែ។
“YouTube មួយខែ ៣០០ អ៊ីចឹងសរុបមួយខែខ្ញុំបាន២ពាន់ដុល្លារ ប៉ុន្តែអត់ទៀងទេ បើជាមធ្យមជាង១ពាន់ តែផាត់ថ្លៃហូបចុក ក្រុមការងារ ទឹកភ្លើងថ្លៃផ្ទះ សល់ខ្ទង់ ៥ ទៅ ៦ រយដែរ"។