ចៀសវាង​ការក្លែងបន្លំ និង​ដំណើរការលឿនជាងមុន ក្រសួង​ រៀបចំ​បែបបទ​ថ្មីផ្ទេរ​កម្មសិទ្ធិ​យានយន្ត

  • 2018-12-06 05:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ពាក់ព័ន្ធ កំពុង​រៀបចំ​ប្រកាស​ថ្មី​មួយ ដើម្បី​រៀបចំ​បែប​បទ និង​នីតិវិធី​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​កាន់តែ​មាន​ភាព​សាមញ្ញ និង​ងាយស្រួល។

ក្នុង​កិច្ច​ប្រជុំ​ កាល​ពី​ថ្ងៃ​ទី​៥ធ្នូ នៅ​ទីស្ដីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ការ​ដឹកនាំ​របស់​លោក​ ពៅ ម៉ាលី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ អន្តរ​ក្រសួង​បាន​ពិនិត្យ​ និង​កែស្រួល​ខ្លឹមសារ​​លើ​ប្រកាស​អន្តរ​ក្រសួង​ស្ដីពី បែបបទ​និង​នីតិវិធី​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ​យាន​យន្ត ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

កិច្ចប្រជុំអន្តរក្រសួង​ ដើម្បី​រៀបចំ​​ប្រកាស​ថ្មី​មួយ ដើម្បី​រៀបចំ​បែប​បទ និង​នីតិវិធី​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​កាន់តែ​មាន​ភាព​សាមញ្ញ និង​ងាយស្រួល កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន (រូបថត៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន)

កិច្ចប្រជុំ​នេះ​ បាន​ផ្តោត​ទៅ​លើ​របៀបវារៈ ចំនួន​ពីរ​គឺ ទី​១ សេចក្តី​ព្រាង ប្រកាស​អន្តរក្រសួង ស្តីពី​នីតិវិធី​បង់ពន្ធ​ប្រថាប់ត្រា និង​ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត និង​ទី​២ ការ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​អន្តរ​ក្រសួង ដើម្បី​តភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹកជញ្ជូន​ផ្លូវគោក និង​ប្រព័ន្ធ​ទិន្នន័យ​ពន្ធដារ​។

អន្តរ​ក្រសួង​បាន​ឯកភាព​ថា ​ដើម្បី​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​បាន ប្រជាពលរដ្ឋ​ជា​ម្ចាស់​យានយន្ត និង​ត្រូវ​ទៅ​បំពេញ​សំណុំ​បែបបទ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​កម្មសិទ្ធិ នៅ​ទីតាំង​ផ្តល់​សេវា កំណត់​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ជា​មុន​សិន។

បន្ទាប់​មក​ ម្ចាស់​កម្មសិទ្ធិ​យានយន្ត នឹង​ត្រូវ​យក​ឯកសារ​ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​កម្មសិទ្ធិ និង​ឯកសារ​ពាក់ព័ន្ធ​មក​កាន់ ទីតាំង​ផ្តល់​សេវា​ដែល​កំណត់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្នើ​ផ្ទេរ​កម្មសិទ្ធិ​តែម្តង​ជា​ការស្រេច​។

អន្តរក្រសួង នឹង​បង្កើត​ក្រុម​ការងារ តភ្ជាប់​ប្រព័ន្ធ​ចែក​រំលែក​ទិន្នន័យ​ជាមួយ​គ្នា​ទៅវិញទៅមក ដើម្បី​ចូលរួម​កាត់​បន្ថយ​ពេល​វេលា​ទទួល​សេវា និង​នីតិវិធី​ស្មុគស្មាញ​ក្នុង​ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត និង​ដើម្បី​លុប​បំបាត់​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ក៏​ដូចជា​ជំរុញ​ការ​លុប​យានយន្ត​ដែល មិន​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រចាំ​ឆ្នាំ ឬ​មិន​បាន​យក​មក​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ។

តាម​រយៈ​កិច្ច​ប្រជុំ​ពិភាក្សា​នេះ ទទួល​បាន​លទ្ធផល​ជា​ទី​ផ្លែផ្កា ដោយ​ខ្លឹមសារ​នៃ​ប្រកាស​អន្តរ​ក្រសួង ស្ទើរតែ​ទាំងស្រុង​ត្រូវ​បាន​ឯកភាព អនុលោម​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយឡែក ប្រការ​មួយ​ចំនួន​តូច​ដែល​អង្គប្រជុំ ថ្នាក់​ជំនាញ​មិន​ទាន់​បាន​សម្រេច នឹង​ត្រូវ​ទុក​ជូន​ថ្នាក់​ដឹកនាំ​ពិនិត្យ និង​សម្រេច​។

សូម​ជម្រាប​ថា កន្លង​ទៅ​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​ធ្វើការ​តភ្ជាប់​ប្រព័ន្ធ ជាមួយ​នឹង​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា និង​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ផ្ទៀងផ្ទាត់​សន្លឹក​ពន្ធ​នាំចូល ដែល​បាន​ចូលរួម​ចំណែក​ពង្រឹង​ការ​គ្រប់គ្រង​ចុះ​បញ្ជី​យានយន្ត​កាន់តែ​ប្រសើរ និង​បាន​បង្កើន​ចំណូល​ពន្ធ​នាំចូល​ជូន​ជាតិ​ផង​ដែរ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

ប្រភព៖ Kley Kley

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី