​អាយុគ្រាន់ជាតួលេខ! ទោះខាងស្រីវ័យច្រើនជាង តែគូស្នេហ៍ទាំងនេះ ផ្អែមល្ហែមខ្លាំងដូចស្ករតាំងម៉ែ​

  • 2018-12-06 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 280

ចន្លោះមិនឃើញ

មិន​ចាំ​បាច់​ទាល់​តែ​ខាង​ស្រី​មាន​​អាយុ​តិច​​ជាង​ខាង​ប្រុស​ ទើប​ស្រលាញ់​​គ្នា​បាន​​ឡើយ ​ព្រោះ​គូ​ស្នេហ៍​​ច្រើន​ដួង​ខាង​ក្រោម​នេះ ​សាង​ភាព​ផ្អែម​ល្ហែម​ គួរ​ឲ្យ​ច្រណែន ដោយ​មិន​ខ្វល់​ខ្វាយ​រឿង​អាយុ​ ខាង​ប្រុស​​ក្មេង​ជាង​នោះ​ទ។

សាត រស្មី ​និង​ ឆៃ ​ដា​ពិសិដ្ឋ

​មួយ​គូ​នេះ ​ថ្វី​ត្បិត​ខាង​ស្រី​មាន​អាយុ​បង​ខាង​ប្រុស​​​ជាង ១០​ឆ្នាំ​ ក៏​ដោយ ​តែ​ចំណង​ស្នេហ៍​របស់​ពួក​គេ​ ​​នៅ​តែ​រឹង​មាំ ​។ ឆៃ ​ដា​ពិសិដ្ឋ ក្មួយ​ប្រុស​លោក​ព្រាប ​សុវត្ថិ ​ធ្លាប់​បញ្ជាក់​រួច​ហើយ​ថា ​រូប​គេ​មិន​ខ្វល់​រឿង​អាយុ​ឡើយ ​។ សំខាន់​ ​​ពេល​នៅ​ក្បែរ​​គូ​ដណ្ដឹង ​ខ្លួន​មាន​អារម្មណ៍​ថា​មាន​ក្ដី​សុខ ​និង​សុភមង្គល ​ដោយសារ​ រស្មី​​ ជា​មនុស្ស​គួរ​ឲ្យ​ស្រលាញ់ ​ចេះ​ផ្ដល់​តម្លៃ ​និង​គោរព​ក្រុម​គ្រួសារ​សាច់​​ញាតិ​របស់​លោក។

លើស​ពី​នេះ ​សូម្បី​លោក​យាយ​របស់​ខាង​ប្រុស ​ក៏​ស្រលាញ់​ពេញ​ចិត្ត​អនាគត​ចៅ​ប្រសា​ស្រី​ម្នាក់​នេះ​ផង​ដែរ ​ដោយ​មិន​ខ្វល់​លើ​បញ្ហា​អាយុ​ច្រើន​ ​ឬ​ធ្លាប់​ឆ្លង​កាត់​អាពាហ៍ពិពាហ៍​ម្ដង​រួច​ហើយ ​នោះ​ទេ។

ទេព ​បូ​ព្រឹក្ស ​និង ​ G-Devith

​​​តារា​ចម្រៀង​ទាំង​ពីរ​មាន​អាយុ​​ខុស​គ្នា ​ត្រឹម​ ១​ឆ្នាំ​ប៉ុណ្ណោះ ​ដោយ​កញ្ញា ​បូ​ព្រឹក្ស កើត​នៅ​ខែ​ធ្នូ ឆ្នាំ ១៩៩៣ ​ហើយ​លោក G-Devith កើត​នៅ​ខែ​តុលា ​ឆ្នាំ ១៩៩៤។ ​​គូ​ស្នេហ៍​ទាំង​ពី​រ​នៅ​តែ​ផ្អែម​ល្ហែម ​និង​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​គ្នា ​ដូច​ស្រមោច​និង​ស្ករ ​។

​ជា​ពិសេស ​​រយៈ​ពេល​ស្រលាញ់​គ្នា​ជាង​២​ឆ្នាំ​មក​នេះ ​ពួក​គេ​តែង​ផ្ដល់​អំណោយ​ជា​វត្ថុ​មាន​តម្លៃ ​ និង​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​ រាប់​មិន​អស់​ជាមួយ​គ្នា ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​តារា​យុវវ័យ​​ទាំង​ពីរ​ដួង ​ស្ទើរ​លើស​ជាតិ​ស្ករ​ទៅ​ហើយ។

​សុខ សោ​ម៉ា​វត្តី ​និង ​លី វ៉ា​ហេទ

​​ថ្វី​ត្បិត ​សោ​ម៉ា​វត្តី ​មិន​ដែល​សារភាព​ត្រង់​ៗ​ថា ​កីឡាករ លី ​វ៉ា​ហេទ​ ជា​ម្ចាស់​ចិត្ត​របស់​ខ្លួន​មែន ​តែ​សកម្មភាព ​និង​ភាព​ស្និទ្ធ​ស្នាល​ស្ទើរ​បេះ​គ្នា​មិន​ចេញ ​មិន​អាច​កុហក​ភ្នែក​ទស្សនិកជន​បាន​ឡើយ។ ​ពិធី​ការីនី​ពូកែ​កំប្លែង​រូប​នេះ ​តែង​បង្ហោះ​សារ​មាន​ន័យ​ត្រជាក់​ជ្រៅ​ក្នុង​បេះ​ដូង ​ដោយ​ភ្ជាប់​ជាមួយ​រូប ​លោក ​លី ​វ៉ា​ហេទ​ ជា​រឿយ​ៗ ​នៅ​លើ​បណ្ដាញ​សង្គម។

សូម្បី​​កម្មវិធី​សំខាន់​ៗ ​ដូច​ជា ​ឡើង​ផ្ទះ ​ខួប​កំណើត​ និង​ប្រកួត​បាល់​ទាត់​ជា​ដើម ​ក៏​អ្នក​ទាំង​ពីរ​តែង​បង្ហាញ​មុខ​រួម​គ្នា ​មិន​ឲ្យ​ម្នាក់​ណា​នៅ​ឯកោ​ ដែរ។ ទោះ​អ្នក​នាង ​សុខ សោ​ម៉ា​វត្តី ​មាន​អាយុ​ឈាន​ចូល​៣០​ឆ្នាំ​ទៅ​ហើយ ​តែ​សម្រាប់​លី ​វ៉ា​ហេទ​ វិញ ​​ចាត់​ទុក​ម្ចាស់​ស្នេហ៍​របស់​ខ្លួន​ ប្រៀប​ដូច​ជា​​ក្មេង​ស្រី​ម្នាក់​ ​មិន​​ទាន់​ធំ។​​​

សួស វីសា ​និង ​លោក ​ថម មី

​ក្រោយ​​​លែង​លាក់​លៀម​ ​តា​រា​ចម្រៀង​ សួស ​វីសា ​និង​ លោក ​ថម មី​​ បាន​​រៀប​ចំ​កម្មវិធី​ខួប​គម្រប់​​ចំណង​ស្នេហ៍​​រយៈ​ពេល ៤​ឆ្នាំ យ៉ាង​​រីក​រាយ​កាល​ពី​ថ្មី​ៗ​នេះ។ ​ម្ចាស់​បទ ​"កំដរ​ខ្ញុំ​បន្តិច បាន​ទេ​" ធ្លាប់​និយាយ​ថា ​លោក ​ថម មី​ មាន​អាយុ​ប្អូន​នាង ​ដល់​ទៅ​៣​ឆ្នាំ ​ដូច្នេះ​ នាង​មិន​ស្រលាញ់​​ទេ ហើយ​ស្នេហា​កន្លង​មក​ ​ត្រឹម​ជា​ការ​សម្ដែង​ប៉ុណ្ណោះ។

ទន្ទឹម​នឹង​បង្ហាញ​ពេចន៍​អរគុណ គុណ​សម្បត្តិ របស់​ម្ចាស់​ចិត្ត​​ក្នុង​ថ្ងៃ​ខួប​ស្នេហ៍ សួស វីសា ក៏​អះអាង​ថា ដល់​ពេល​ដែល​នាង​ត្រូវ​តប​ស្នង​ដល់​មនុស្ស​ពិសេស​ដោយ​ក្ដី​ស្រលាញ់​វិញ​ដូច​គ្នា លែង​លាក់​លៀម​បន្ត​ទៀត​ហើយ៕​​​​​​

​​

​​​


អត្ថបទ៖ លឹម សុនា