ឫកពា ៦យ៉ាង ទោះធ្វើការក្រុមហ៊ុនលំដាប់បានប្រាក់ខែខ្ពស់ គង់តែគេដាក់Black List

  • 2018-12-07 09:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 489

ចន្លោះមិនឃើញ

ជីវិត​ប្រកប​អាជីព​ការងារ​របស់​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​សង្គម​ ត្រូវការ​​អភិវឌ្ឍ​ខ្លួន​ឲ្យ​លឿន​បំផុត​តាម​សមត្ថភាព​និងឱកាស។ ​ទន្ទឹម​នឹងនេះ​​ ដើម្បី​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​​ឆាប់​ឡើង​តំណែង ឬ​ប្រាក់​ខែ​ក្នុង​ក្រុមហ៊ុន​មួយ គឺ​ទាមទារ​ឱ្យ​បុគ្គលិក​នោះ​មាន​គុណ​សម្បត្តិ​​ច្រើន​ជាង​ចំណុច​អវិជ្ជមាន។ ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​របស់​លោក ផុន សុវណ្ណ​ដេត ដែល​ជា​អ្នក​គ្រប់​គ្រង​ជាន់ខ្ពស់ក្នុង​ក្រុមហ៊ុន​ឯកជន​​ផ្នែក​ព័ត៌មាន​វិទ្យា​មួយ​កន្លែង ពី​កំហុស​ឆ្គង​របស់​បុគ្គលិក​ក្នុង​ការ​បំពេញ​ការងារ។​​

រូបតំណាង

១. ធ្វើ​ការ​ដើម្បី​តែ​ប្រាក់​ខែ

លោក ផុន សុវណ្ណដេត​ លើក​ឡើង​ថា បុគ្គលិក​ខ្លះ​បំពេញ​ការងារ​ដែល​ខ្លួន​កំពុង​តែ​ធ្វើ​មិន​បាន​​ធ្វើ​ដោយ​កើត​ចេញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​ការងារ​នោះ​ទេ ​ពោល​គឺ​បំពេញ​ការងារ​ឱ្យ​តែ​រួច​ប៉ុណ្ណោះ​។ ​បុគ្គលិក​បែប​នេះ​ ទោះ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ណា​ក៏​មិន​ងាយ​នឹង​ឡើង​តំណែង ឬ​ឡើង​ប្រាក់​ខែ​ឡើយ​។ ​ដើម្បី​ក្លាយ​ជា​បុគ្គលិក​ល្អ​គួរ​ធ្វើ​ការងារ​ដោយ​កើត​ចេញ​ពី​ចិត្ត ​និង​ខិតខំ​ធ្វើ​ឱ្យ​បាន​ល្អ​ ទើប​មាន​លទ្ធផល​ល្អ​ដូចគ្នា​។

២. ​រង់​ចាំ​ការងារ​មក​ដល់

អ្នក​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​ផ្នែក​ព័ត៌មាន​វិទ្យា​រូប​នេះ​ប្រាប់​ទៀត​ថា ត្រង់​ចំណុច​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ​ក្នុង​ការ​បង្ហាញ​អំពី​សក្ដានុពល និង​សមត្ថភាព​ដែល​ខ្លួន​មាន​។ ជា​បុគ្គលិក​ឆ្នើម​ម្នាក់​ក្នុង​ក្រុមហ៊ុន គួរ​តែ​ស្រវេស្រវា​ក្នុង​ការ​បំពេញ​ការងារ​ដោយ​ខ្លួន​ឯង​ខ្លះ មិន​មែន​ចាំ​តែ​ថ្នាក់​លើ​បង្គាប់​នោះ​ទេ ​ព្រោះ​ពេល​ខ្លះ​ថ្នាក់​លើ​ក៏​ចង់​ដឹង​ពី​បុគ្គលិក​ម្នាក់​នោះ​ដែរ ថា​តើ​​អាច​បង្កើត​ការងារ​ដោយ​ខ្លួន​ឯង​បាន​ដែរ​ទេ?​ ចំពោះ​កំហុស​ឆ្គង​របស់​បុគ្គលិក​វិញ នៅ​ពេល​ដែល​ថ្នាក់​លើ​កំពុង​តែ​មមាញឹក​ក្នុង​ការងារ​ ខ្លួន​បែរ​ជា​មាន​ពេល​អង្គុយ​លេង​ទៅ​វិញ​។

៣. មានជំងឺ "តួឯក"

រូបតំណាង

​​ការអភិវឌ្ឍ​ខ្លួន​ គឺចៀសមិនផុត​ពី​កំហុស​ ឬ​បរាជ័យ​ឡើយ​ ប៉ុន្តែអ្វី​ដែល​សំខាន់​ បើ​បុគ្គល​រូប​ណា​មិន​ព្រម​ទទួល​ស្គាល់​កំហុស​ខ្លួនឯង ​ហើយ​ថែម​ទាំង​មានអំនួត​ធ្វើរឿង​ឆ្គាំឆ្គង​ដដែលៗ​ ស្អី​ក៏​ចេះ​ៗ ​បុគ្គល​នោះ​នឹង​ក្លាយជា​មនុស្ស​ដែល​ឆ្លងជំងឺ​ដ៏​អាក្រក់​មួយ​ក្នុង​សង្គម​ការងារដែល​គេ​និយម​ហៅថា​ ជំងឺ​តួឯក​។ ​ជំងឺ​ប្រភេទ​នេះ​ជ្រាបទៅនរណាម្នាក់ហើយ នឹង​ធ្វើឲ្យ​បុគ្គល​រូបនោះ​ឯកា ​និង​គ្មាន​អ្នក​ចង់ក្បែរ​ឡើយ​។ ប៉ុន្តែយ៉ាងណាក៏​នៅមាន​វិធីរំដោះ​ខ្លួន​ចេញ​ពី​ជំងឺនេះ​ផងដែរ​។ ​​ ​

៤. ​​ឆាប់​បាក់​ទឹក​ចិត្ត

ឆាប់​បាក់​ទឹក​ចិត្ត​ គឺ​ជា​កំហុស​ដ៏​ធំ​មួយ​ក្នុង​នាម​ជា​បុគ្គលិក​កំពុង​បំពេញ​ការងារ​ម្នាក់​ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​ទៅ​កាន់​ថ្នាក់​លើ​។ ​ជា​ធម្មតា​ការងារ​តែង​មាន​ឧបសគ្គ​ និង​ជួប​ផល​លំបាក​ដោយ​ជៀស​មិន​ផុត។ ដូច្នេះ​ហើយ​ប្រសិន​បើ​ក្នុង​កាលៈទេសៈ​មួយ​ពេល​ដែល​ការងារ​កំពុង​តែ​ជួប​បញ្ហា តែ​បែរ​ជា​បាក់​ទឹក​ចិត្ត មិន​ខិត​ខំ​បន្ត នោះ​ហើយ​ជា​ពេល​ដែល​ថ្នាក់​លើ​អាច​កាត់​សេចក្ដី​ថា បុគ្គលិក​នោះ​មាន​លក្ខណៈ​ដូចម្ដេច​។

៥. ​មិន​ទទួល​ស្គាល់​កំហុស

ក្នុង​ការ​បំពេញ​ការងារ​ជៀស​មិន​ផុត​ពី​កំហុស ដែល​តែងតែ​កើត​មាន​។ ​ដូច្នេះ​ហើយ​ប្រសិន​បើ​ខុស​​គួរ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន មិន​មែន​ឆ្លើយ​យក​រួច​ខ្លួន​ដោយ​ពុំ​មាន​ហេតុផល​នោះ​ទេ។ ​ជា​បុគ្គលិក​ល្អ​ម្នាក់​នៅ​ពេល​ធ្វើ​ខុស​អ្វី​មួយ​ គួរ​យក​កំហុស​នោះ​ទៅ​សិក្សា ហើយ​ធ្វើ​ការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង គឺ​ជា​រឿង​ល្អ​បំផុត​។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់​លោក ផុន សុវណ្ណ​ដេត​។

​៦. ធ្វើ​ការ​តាម​អារម្មណ៍

មក​ដល់​ចំណុច​នេះ​ លោក សុវណ្ណដេត ប្រាប់​ថា អារម្មណ៍​ពី​ខាង​ក្រៅ និង​ម៉ោង​បំពេញ​ការងារ​ត្រូវ​បែង​ចែក​គ្នា​ឱ្យ​ដាច់​ កុំ​យក​មក​លាយឡំ​គ្នា​ឱ្យ​សោះ​។ ​បុគ្គលិក​ដែល​មាន​ទម្លាប់​មិន​ល្អ​នោះ គឺ​យក​អារម្មណ៍​ផ្ទាល់​ខ្លួន​មក​បូក​បញ្ចូល​ជាមួយ​ការងារ ​មានន័យ​ថា ប្រសិន​បើ​អារម្មណ៍​ល្អ​គឺ​បំពេញ​ការងារ​ដោយ​ធម្មតា ប៉ុន្តែ​បើ​មាន​អារម្មណ៍​មិន​ល្អ​ពី​ខាង​ក្រៅ​បែរ​ជា​ជះ​កំហឹង​ដាក់​ការងារ​ធ្វើ​ការ​ខ្ជះខ្ជាយ​។ ​ដូច្នេះ​បើ​មាន​ទម្លាប់​ធ្វើ​ការ​បែប​នេះ គួរ​កែ​ប្រែ​ជា​បន្ទាន់​ ប្រសិន​បើ​ចង់​ឡើង​ប្រាក់ខែ​ ឬ​ឡើង​តំណែង​ក្នុង​ក្រុមហ៊ុន​៕​ ​​​


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ