Guadiola ៖ ប្រជែង​យក​ពាន Premier League តានតឹង​ដូច​ប្រកួត Barca-Madrid

  • 2018-12-15 06:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក Man City លោក Pep Guardiola ជឿ​ថា​ការ​ប្រកួត​ប្រជែង​ដើម្បី​ដណ្ដើម​ពាន Premier League គឺ​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​លោក​ធ្លាប់​មាន​​ក្នុង​ជំនួប​ស៊ីសាច់​ហុត​ឈាម​​រវាង Barcelona និង Real Madrid នៅ La Liga។

Guardiola បាន​ជួយ​ Barca លើក​ពាន La Liga ៣​លើក​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​៤​រដូវ​កាល​​ដែល​លោក​ដឹកនាំ​ក្លឹប​កាតាឡាន់​នៅ​អេស្ប៉ាញ ពោល​គឺ​​ក្នុង​ឆ្នាំ ២០០៩, ២០១០ និង ២០១១ មុន​ពេល​ដែល​​គូ​ប្រជែង​ធំ​ Real Madrid ឆក់​បាន​ឱកាស​លើក​ពាន​ក្នុង​ឆ្នាំ ២០១២។

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​មើល​ឃើញ​ពី​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ស្រដៀង​គ្នា​នេះ ដោយ​ឆ្លងកាត់​១៦​​ប្រកួត​កន្លង​មក Man City មាន​ក្រុម​ខ្លាំង​​ជា​ច្រើន​សុទ្ធ​តែ​កំពុង​ប្រទាញប្រទង់​នៅ​កំពូល​តារាង​ដូច​យ៉ាង៖ Liverpool, Spurs, Chelsea និង Arsenal ជា​ដើម​ ហើយ​ខុស​គ្នា​ពី La Liga ដែល​មាន​​​គូ​ប្រជែង​ធំ​​តែ​មួយ​ពីរ​ប៉ុណ្ណោះ។

គ្រូ​បង្វឹក​វ័យ​៤៧​ឆ្នាំ​បាន​និយាយ​ថា​សម្ពាធ​ដែល​ត្រូវ​តែ​ឈ្នះ​គ្រប់​ការ​ប្រកួត ដូច​​អារម្មណ៍​ដែល​លោក​ធ្លាប់​មាន​នៅ Barca។

“មិន​ត្រឹម​តែ Liverpool ទេ​សូម្បី​តែ Chelsea,​ Tottenham, Arsenal និង [Manchester] United សុទ្ធ​តែ​អាច​មក​ដណ្ដើម​កន្លែង​យើង​គ្រប់​ពេល។ តែ​អារម្មណ៍​នេះ ស្រដៀង​គ្នា​ទៅ Madrid ដែល​តែងតែ​ចង់​ឈ្នះ​រាល់​ការ​ប្រកួត ហើយ​យើង​ដឹង​ថា យើង​ត្រូវ​តែ​ឈ្នះ។ យើង​អាច​ចាញ់​ប្រកួត​ទល់​នឹង Real Madrid ប៉ុន្តែ​យើង​ត្រូវ​តែ​ឈ្នះ​ក្រុម​ផ្សេង..."។ លោក Guardiola បាន​និយាយ។

អតីត​គ្រូ​បង្វឹក Barcelona រូប​នេះ​បាន​និយាយ​ថា​ Liverpool ចិញ្ចឹម​ចិត្ត​លើក​ពាន​លីគ​កំពូល​អង់គ្លេស​​ជា​លើក​ទី១​របស់​ខ្លួន​ក្រោយ​ខកខាន​មិន​បាន​ស្គាល់​រសជាតិ​ពាន​នេះ ​ចាប់តាំង​ពី​លើក​ចុងក្រោយ​​ក្នុង​ឆ្នាំ ១៩៩០។

​លោក​ Guardiola ជា​គ្រូ​បង្វឹក​ម្នាក់​ដែល​គេ​ចាត់ទុក​ថា​ជោគជ័យ​គ្រប់​ទីកន្លែង ដោយ​ធ្លាប់​បាន​ជួយ​ Barcelona លើក​ពាន La Liga ៣​ដង​ក្នុង​រយៈ​ពេល​៤​រដូវ​កាល ជួយ Bayern Munich លើក​ពាន Bundesliga ៣​លើក​ជាប់ៗ​គ្នា និង ចុងក្រោយ​មក​ជួយ Man City លើក​ពាន Premier Leauge ២​លើក​ក្នុង​រយៈពេល​៣​រដូវ​កាល​ចុងក្រោយ​នេះ៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី