ទម្លាប់​ល្អ ៧ យ៉ាង​អ្នក​គួរ​ដឹង ​បើ​ចង់​ថត​រូប​​តាម​ទូរសព្ទ​ចេញ​មក​ស្អាត​ប្លែក!

  • 2018-12-26 01:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​និយាយ​ដល់​ថត​រូប​ស្អាត រូប​ឡូយ អ្នក​ប្រាកដ​ជា​នឹក​ឃើញ​ដល់​កាមេរ៉ា​ដាក់ Lens ថ្លៃៗ ថត​ព្រិល​ក្រោយ​ដាច់​ស្អាត​អីចឹង​ជាដើម។ ដោយឡែក​ថ្ងៃនេះ Sabay នឹង​បង្ហាញ​ពី​ទម្លាប់​ល្អ​សាមញ្ញៗ ៧ យ៉ាង​អ្នក​គួរ​ដឹង ​បើ​ចង់​ថត​រូប​តាម​ទូរសព្ទ​ឲ្យ​ឡូយ​ដូច​គេ មិន​ចាំបាច់​ទាល់​តែ​មាន​កាមេរ៉ា​ដាក់ Lens ​ថ្លៃៗ​ទេ។

១) រៀន​ថតរូប យ៉ាង​តិច​មួយ​ថ្ងៃ ១ សន្លឹក

​ស្ដាប់​ទៅ​ដូច​ធ្ងន់ធ្ងរ​ណាស់ មួយ​ថ្ងៃ​១ ត្រូវ​តែ​បាន ១ សន្លឹក។ ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​ទឹក​ដៃ​ថត​រូប​តាម​ទូរសព្ទ​អ្នក​រីកចម្រើន ​គួរ​តែ​សាកល្បង​មើល។ ​អ្នក​អាច​ថត​ស្លឹកឈើ ដើមឈើ ជ្រុង​របង កែវ​ទឹក សត្វ​ចិញ្ចឹម​ឬ​ថត​របស់​នៅ​ជុំវិញ​ក៏​អ្នក។

២) ថត​រូប​ម្ដង ចុច​យក​ច្រើន​សន្លឹក

​នេះ​ជា​ទម្លាប់​ល្អ​មួយ​ដែល អ្នក​ថត​រូប​ភាគ​ច្រើន​បាន​យក​ដាក់​ជាប់​ខ្លួន​តែ​ម្ដង។ ការ​ដែល​អ្នក​ចុច​យក​រូប​តែ​មួយ តែ​មាន​ច្រើន​រសជាតិ ច្រើន​សន្លឹក ពេល​អ្នក​ចង់​យក​មក​មើល គឺ​ប្លែក​ភ្នែក ហើយ​អាច​យក​ទៅ​ផុស​លើ​ហ្វេសប៊ុក​បាន។

៣) រក​កន្លែង​ភ្លឺៗ មុន​នឹង​ចុច​ថត

​ពន្លឺ ជា​ធាតុ​សំខាន់​ក្នុង​រូបថត។ បើ​អ្នក​ថត​មិន​សូវ​ស្អាត តែ​បាន​ពន្លឺ​យោង​ក៏​រូប​នោះ ក៏​មើល​យល់​ដែរ។ ដូច​នេះ ទម្លាប់​ថត​រូប​ពេល​មាន​ពន្លឺ ជួយ​ឲ្យ​រូប​ថត​អ្នក​ប្លែក​ជាង​រាល់​ដង បើ​ជឿ​សាក​មើល​ទៅ។

៤) ទម្លាប់ BackUp រូប​ទុក ពេល​ថត​ហើយ

​កុំ​បណ្តោយ​ដល់​ពេល​បាត់​រូប​ទើប​ស្ដាយ។ អ្នក​គួរ​តែ​មាន​ទម្លាប់​ BackUp រូប​ទុក ឬ Copy ទុក​ពេល​ថត​ហើយ​ដូច​ជា ដាក់​លើ Cloud, ដាក់​ក្នុង Flash ឬ External Hardisk ជាដើម។

៥) ថត​រូប​ហើយ ផុស​ក្នុង Group ឲ្យ​គេ Comment

ការ​ធ្វើ​អីចឹង អ្នក​អាច​ដឹង​ពី​ទឹក​ដៃ​ថត​រូប​របស់​អ្នក ឡើង​ដល់​កម្រិត​ណា។ មុន​នឹង​ផុស​ក្នុង​ក្រុម​លើ Facebook ឬ ផុស​លើ Instagram អ្នក​គួរ​រៀប​រាប់​បន្តិច​ពី​រូបភាព​នោះ ​ឲ្យ​គេ​យល់។

៦) ​រៀន​សូត្រ របៀប​ថត

ទម្លាប់​រៀន​សូត្រ​ពី​អ្នក​ដទៃ នោះ​ទឹក​ដៃ​ថតរូប​អ្នក​ក៏​ឡើង​តាម​នោះ​ដែរ ប៉ុន្តែ​មិន​មែន​ឲ្យ​ចម្លង​តាម​គេ​ទេ។ អ្នក​ត្រូវ​ដាក់​ចិត្ត​ទទួល​យក​ទាំង comment ល្អ​និង​មិន​ល្អ ទោះ​ជា​ថ្ងៃ​នេះ មិន​ទាន់​អាច​ថត​បាន​ស្អាត ឬ​ឡូយ​ទាក់​ទាញ អ្នក​គួរ​ព្យាយាម​បន្ត​ទៀត។

៧) ដាក់​ទូរសព្ទ​ជាប់​ខ្លួន

មិន​ប្រាប់​ក៏​ដឹង​ដែរ​រឿង​ហ្នឹង ប៉ុន្តែ​ដាក់​ទូរសព្ទ​ជាប់​ខ្លួន​បែប​នេះ សម្រាប់​ការ​ថត​រូប​បែប​ចៃដន្យ​ដែល​កើត​ឡើង​​ភ្លាមៗ​ដូច​ជា ​ក្មេង​ជិះ​កង់​ស្ពាយ​កូន​ឆ្កែ​អីចឹង​ជាដើម។ ជាង​នេះ​ទៀត ដើម្បី​ជា​ទម្លាប់​ល្អ​សម្រាប់​អ្នក​ចង់​ថត​រូប​ប្លែកៗ បើ​អាច​កុំ​ដាក់​លេខ​កូដ​អេក្រង់​ច្រើន​ខ្ទង់​ពេក ​អ្នក​គ្រាន់​តែ​ស្កេន​ដៃ ឬ​អូស​កាមេរ៉ា​ថត យក​តែ​ម្តង។

៧ ចំណុច​ខាង​លើ​ ខាង​នឹង​មិន​ត្រូវ​ទាំង​អស់​នោះ​ទេ តែ​អ្នក​គ្រាន់​តែ​ដឹង​ផ្លូវ នឹង​ចេះ​ផ្លាស់​ប្តូរ​ទម្លាប់​ នោះ ទូរសព្ទ​តម្លៃ​ជាង ១០០ ដុល្លារ​របស់​អ្នក ក៏​អាច​ទាក់​ចិត្ត​អ្នក​មើល​បាន​ផង​ដែរ៕


អត្ថបទ៖ រក្សា