Honor V20 ប្រកាស​ជា​ផ្លូវការ តម្លៃ​តែ​ជាង ៤០០ ដុល្លារ កប់​ទាំង​រាង​កម្លាំង​ក៏​ខ្លាំង

  • 2018-12-26 12:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Huawei បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​ស្មាតហ្វូន Honor V20 ក្នុង​ប្រទេស​ចិន មុន​ឆ្ពោះ​ទៅ​ទីផ្សារ​អន្តរជាតិ​នា​ថ្ងៃ​ទី ២២ មករា​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

ចំណុច​រសើប​នៃ​ស្មាតហ្វូន​ជំនាន់​ក្រោយ​នេះ​គឺ​ប្រើប្រាស់​នូវ​សំបក​ខ្នង​ក្រោយ​ប្រភេទ Nanolithography ដំបូង​គេ​បង្អស់​ក្នុង​លោក រំលេច​ឆ្នូង​រាង​អក្សរ V ផ្លាស់ប្ដូរ​ពណ៌​តាម​បន្លាស់​មុំ​នៃ​ជ្រុង អាច​ផ្តល់​ប្រយោជន៍​ក្នុង​ការ​រក្សា​រចនាបថ​ស្រស់​ស្អាត​ក្នុង​រយៈ​ពេល​យូរ។ (មាន​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម)

View 20 នៃ​ត្រកូល Honor ចុង​ឆ្នាំ ២០១៨ នេះ​មាន​ស្នាម​ឆក​រាង​រង្វង់​ទុក​បង្កប់​កាមេរ៉ា​មុខ​នៅ​ផ្នែក​ចំហៀង​ខាង​ឆ្វេង ជាមួយ​ផ្ទៃ​អេក្រង់​ទំហំ ៦,៤ អ៊ីញ LCD 1080p លាត​ស្មើ​ ៩១,៨ ភាគរយ​​ប្រភេទ FullView Display 3.0 ដ៏​ស៊ីវិល័យ។ អម​កម្លាំង​ម៉ាស៊ីន​ខ្លាំង RAM 6GB/8GB ជាមួយ​អង្គ​ផ្ទុក 128GB/256GB និង​ប្រើប្រាស់​បន្ទះ​ឈីប Kirin 980។

បង្កប់​ដោយ​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់ ម៉ូឌែល​នេះ​ក៏​អាច​ផ្តិត​យក​រូបភាព​នូវ​កាមេរ៉ាមុខ​ទំហំ 25MP ខណៈ​ខាង​ក្រោយ​ទំហំ 48MP ជាមួយ​មុខងារ Quad-Bayer អនុញ្ញាត​ឲ្យ​ផ្លាស់​កម្រិត​ភីកសែល​ទៅ HDR 12MP សម្រាប់​ការ​ថត​ពេល​យប់។

ស្ថិត​ក្នុង​ជម្រើស ៣ ពណ៌​មាន​ក្រហម ខៀវ ខ្មៅ ដោយ​ជម្រើស 6/128GB តម្លៃ ៤៣៥ ដុល្លារ ខណៈ 8/128GB តម្លៃ ៥១០ ដុល្លារ រីឯ​នឹង​ជំនាន់​ពិសេស Moschino មាន RAM 8GB និង​អង្គ​ផ្ទុក 256GB ថ្លៃ ៥៨០ ដុល្លារ ចាប់​លក់​ក្នុង​ទីផ្សារ​ប្រទេស​ចិន​នា​ថ្ងៃ​ទី ២៨ ធ្នូ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena | GSMarena   ប្រែ​សម្រួល៖ កៅ រក្សា