ទិញ Ferrari តម្លៃជាង ៩ ម៉ឺនដុល្លារ កើតរឿងក្ដី ប្ដឹងឈ្នះក្រុមហ៊ុនលក់រថយន្តបានដល់ ៥,៨ លានដុល្លារ
- 2019-01-02 07:49:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញ Ferrari តម្លៃជាង ៩ ម៉ឺនដុល្លារ កើតរឿងក្ដី ប្ដឹងឈ្នះក្រុមហ៊ុនលក់រថយន្តបានដល់ ៥,៨ លានដុល្លារ
ចន្លោះមិនឃើញ
តុលាការបានបញ្ជាឲ្យក្រុមហ៊ុនចែកចាយរថយន្ត Mercedes-Benz នៅរដ្ឋ Arkansas សហរដ្ឋអាមេរិក ត្រូវសងជំងឺចិត្តបុរសម្នាក់ឈ្មោះ Hamid Adeli ប្រមាណ ៥,៨ លានដុល្លារអាមរិក ក្រោយពីការកាត់ក្ដីលើពាក្យបណ្ដឹងរបស់បុរសមកពីរដ្ឋ Virginia នេះ ដែលបានប្ដឹងក្រុមហ៊ុនចែកចាយរថយន្តនោះថា បានឆបោកលោក ក្នុងកិច្ចសន្យាទិញដូររថយន្ត Ferrari មួយទឹក មួយគ្រឿងដែលមានតម្លៃជាង ៩ ម៉ឺនដុល្លារ។
ដំបូងឡើយ រឿងនេះកើតឡើងនៅពេលដែលលោក Adeli បានបញ្ជាទិញរថយន្ត Ferrari F430 ស៊េរីឆ្នាំ ២០០៦ កាលពីឆ្នាំ ២០១៦ ជាមួយនឹងក្រុមហ៊ុនចែកចាយរថយន្ត Mercedes-Benz នៅភាគពាយព្យនៃរដ្ឋ Arkansas ដោយមិនបានមកពិនិត្យមើលរថយន្តដោយផ្ទាល់ឡើយ ដោយលោកជឿទុកចិត្តតាមរយៈការឆ្លើយឆ្លងតាមទូរសព្ទ ការតេតាមវីដេអូ និងការផ្ងើសារ រវាងលោកនិងបុគ្គលិកផ្នែកលក់នៅតំណាងចែកចាយនោះ។ បើតាមការលើកឡើងរបស់ក្រុមហ៊ុនចែកចាយនោះ ខ្លួនបានដាក់រថយន្ត Ferrari F430 នោះ ឲ្យធ្វើការត្រួតពិនិត្យបច្ចេកទេសមុននឹងលក់ចេញនៅឯតំណាងចែកចាយ Ferrari នៅ Plano រដ្ឋតិចសាស់។
រឿងហេតុដែលកើតឡើងបន្ទាប់ពីរថយន្តត្រូវដឹកជញ្ជូនឲ្យលោក Adeli គឺ នៅពេលដែលលោកបើកឡានចេញពីកន្លែងដែលគេទម្លាក់ឡានឲ្យ Adeli ធំក្លិនសាំងចេញពីក្នុងរថយន្ត ហើយព្រឹកបន្ទាប់ពីលោកដាក់ឡានក្នុងការ៉ាស់ចោលមួយយប់ ក្លិនសាំងកាន់តែអាក្រក់ថែមទៀត។ លោកក៏បានទាក់ទងទៅ អ្នកគ្រប់គ្រងរបស់ Mercedes ហើយក៏យករថយន្តរបស់លោកទៅឲ្យ ក្រុមហ៊ុនក្នុងតំបន់ធ្វើការត្រួតពិនិត្យ។ ក្រោយមកលោកក៏បានដឹងថា រថយន្ត Ferrari F430 នោះ មានបញ្ហាស្នប់បូមប្រេងលេចធ្លាយ បញ្ហាបូម និងបំពង់ស៊ីម៉ាំងមានកន្លែងលេចធ្លាយថែមទៀតផង។
ក្រោយមក Adeli ក៏បានទៅទាក់ទងនឹងក្រុមហ៊ុនចែកចាយ Mercedes-Benz ពីបញ្ហានេះ ប៉ុន្តែខាងតំណាងចែកចាយមិនទទួលចេញថ្លៃជួសជុលឡើយ ដោយហេតុថារថយន្តត្រូវបានលក់ចេញរួចរាល់ហើយ ទើបលោក Adeli សម្រេចដាក់ពាក្យប្ដឹង ពីបទរំលោភលើការធានា ការឆបោក និងការបោកប្រាស់ក្នុងការទិញដូរ។
ខាងតុលាការបានបញ្ជាឲ្យតំណាងចែកចាយ សងប្រាក់ចំនួន ៦ ៨៣៥ ដុល្លារសម្រាប់ការសងជំងឺចិត្ត ១៣ ៣៦៦ ដុល្លារសម្រាប់ការខូចខាត និង ៥,៨ លានដុល្លារសម្រាប់ការដាក់ពិន័យធ្ងន់ធ្ងរដល់ខាងក្រុមហ៊ុននោះ។ នាពេលនេះ ខាងដំណាងចែកចាយបានប្ដឹងជំទាស់នឹងសេចក្ដីសម្រេចចិត្តនេះហើយ។
ចុចអាន៖