CES ជិតមកដល់ Apple លេងឌឺដងចុកៗដល់ Google និង Amazon
- 2019-01-06 05:07:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CES ជិតមកដល់ Apple លេងឌឺដងចុកៗដល់ Google និង Amazon
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ Consumer Electronics Show ឬដែលគេហៅកាត់ថា CES នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី ៨ ដល់ថ្ងៃទី ១១ មករា (GMT -8) នៅឯមជ្ឈមណ្ឌល Las Vegas Convention នាទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដែលវាជាព្រឹត្តិការណ៍ធំបំផុតមួយនៅលើពិភពលោក សម្រាប់ដាក់តាំងនូវផលិតផលថ្មីៗ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន ដោយមានក្រុមហ៊ុនរាប់រយរាប់ពាន់ចូលរួមផងដែរ បូករួមនឹងក្រុមហ៊ុនយក្សដូចជា Google និង Amazon ជាដើម។
យ៉ាងណាមិញ គេមិនឃើញមានកំពូលក្រុមហ៊ុន Apple មកចូលរួមក្នុងព្រឹត្តិការណ៍នេះសោះឡើយ តាំងតែពី CES បង្កើតឡើងមក ហើយ Apple ក៏គ្មានគម្រោងក្នុងការចូលរួមផងដែរ ព្រោះខ្លួនមានព្រឹត្តិការធំៗ ផ្ទាល់ខ្លួនតែម្ដងសម្រាប់បង្ហាញផលិតផលថ្មីដូចជា iPhone iPad និង MacBook ជាដើម គឺព្រឹត្តិការណ៍ Keynote ហើយក៏មានការបង្ហាញនូវសមិទ្ធផលកម្មវិធីដែលខ្លួនផលិតបានក្នុងកម្មវិធី WWDC ផងដែរ។
ទាក់ទិនទៅនឹង CES ឆ្នាំ២០១៩ នេះ Apple មិនត្រឹមតែមិនចូលរួមទេ ថែមទាំងលួចឌឺដងដល់ក្រុមហ៊ុនគូប្រជែងដែលចូលរួមព្រឹត្តិការណ៍នេះទៀត ដែលសំដៅទៅលើ Goolge និង Amazon តែម្ដង។ ក្នុងការរៀបចំដើម្បីបញ្ឆិតបញ្ឆៀង ឌឺដងដល់គូប្រជែងនេះ Apple បានប្រើពាក្យស្លោកដ៏ពេញនិយមគឺ "What happens in Vegas, stays in Vegas” ដែល Apple ជំនួសមកវិញដោយ "What happnes on your iPhone, stays on your iPhone” ដែលមានន័យថា អ្វីៗដែលកើតឡើងលើ iPhone របស់អ្នក វានឹងនៅតែក្នុង iPhone របស់អ្នកទេ។ ឃ្លានេះចង់សំដៅទៅលើ ការការពារភាពឯកជនរបស់អ្នកប្រើប្រាស់ iPhone ដោយខ្លួននឹងមិនឲ្យវាបែកធ្លាយទៅខាងក្រៅឡើយ ដូចជា ទិន្នន័យខ្ចៅដៃលើ Touch ID និង ផែននៃផ្ទៃមុខអ្នកប្រើប្រាស់ Face ID ជាដើម។ នេះជាការឌឺដង ទៅនឹងប្រព័ន្ធប្រតិបត្តិការ Android របស់ Google នឹង Alexa របស់ Amazon ដែលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
អ្វីដែលកាន់តែច្បាស់ថា Apple ធ្វើនេះដើម្បីឌឺដង Google ធំបំផុតនោះ គឺ Apple បានដាក់ពាក្យស្លោកជាផ្ទាំងផ្សាយពាណិជ្ជកម្មលើជញ្ជាំងសណ្ឋាគារមួយដែលផ្ទាំងនោះបែរមុខទៅចំមជ្ឈមណ្ឌល Las Vegas Convention (LVCC) តែម្ដង ដោយមានពណ៌ផ្ទុយពីផ្ទាំង "Hey Google” នៅ LVCC ហើយបានដាក់អាសយដ្ឋាន "apple.com/privacy” ឲ្យអ្នកបានឃើញចូលទៅឆែកពីគោលការណ៍រក្សាទិន្នន័យសម្ងាត់របស់ខ្លួនទៀតផង។
ចុចអាន៖