អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ ស្ថិតដល់ចំនួនគួរឲ្យបារម្ភ

  • 2019-01-11 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ បាន​លើកឡើង​ពី​ក្ដី​បារម្ភ​ អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បាន​បន្ត​សម្លាប់​ជនរងគ្រោះ​នៅ​កម្ពុជា​ជា​ប្រចាំ​។ ក្នុង​១ថ្ងៃ​ៗ អ្នក​ស្លាប់​តាម​ដង​ផ្លូវ​​ មាន​ចំនួន​ចន្លោះ​ពី​ ៤​ ទៅ​៥នាក់។ នេះ​បើ​តាម​ប្រសាសន៍​បញ្ជាក់ ​របស់​នាយក​អង្គការ​មួយ ​ដែល​ធ្វើការ​លើ​ផ្នែក​ចរាចរណ៍។

លោក គឹម បញ្ញា នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី បាន​លើក​ឡើង​ដូច្នេះ ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​មួយ​ ​ដែល​បាន​ចូលរួម​ពី​​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍ រួម​នឹង​វិស័យ​ឯកជន។​

លោក​ក៏​បាន​ប្រាប់ Sabay ​បន្ថែម​ថា ចំនួន​មនុស្ស ៥នាក់ បាន​ស្លាប់​ប្រចាំ​ថ្ងៃ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ក្ដី​បារម្ភ​មួយ​របស់ក្រុម​ការងារ និង​សម្រាប់​ប្រទេស​កម្ពុជា​។

លោក គឹម បញ្ញា (រូបពាក់អាវ ស អង្គុយកណ្តាល)

លោក​ថា ​រឿង​ចាំបាច់​ត្រូវ​ធ្វើ​នៅ​ពេល​នេះ គឺ​សុំ​ឲ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា​ ពី​គ្រប់​ផ្នែក ពិសេស​វិស័យ​ឯកជន ដែល​មាន​ទាំង​ប្រភព​ធនធាន​មនុស្ស និង​ថវិកា ដើម្បី​​ឲ្យ​មាន​ការ​រឹត​បន្តឹង​ ការ​គោរព​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ ឈាន​ទៅ​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា កុំ​ឲ្យ​បន្ត​បាត់បង់​ជីវិត​ប្រចាំ​ថ្ងៃ​ទៀត។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ ក្នុង​ចំណោម​វិស័យ​ឯកជន​ដែល​បាន​គាំទ្រ​គ្រប់​ផ្នែក និង​ចូលរួម​ជាមួយ​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍ លោកស្រី កាន់ ណារ៉ា នាយក​គ្រប់គ្រង​នាយកដ្ឋាន​ផ្នែក​អតិថិជន និង ទីផ្សារ​នៃ​ក្រុមហ៊ុន Manulife Cambodia បាន​ប្រាប់​ Sabay ថា ក្នុង​នាម​អ្នកស្រី​តំណាង​ក្រុមហ៊ុន​នឹង​បន្ត​ឆន្ទៈ​នេះ​ចូលរួម​ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ពី​គ្រោះថ្នាក់​ចរាចរណ៍។

អ្នក​ស្រី​បាន​រំលឹក​ថា កន្លង​ទៅ​ក្រុមហ៊ុន Manulife Cambodia បាន​ចូលរួម​គាំទ្រ​ការងារ​សង្គម​ ជាក់​ស្ដែង​ដូចជា ការ​ចែក​មួក​សុវត្ថិភាព​តាម​សាលារៀន និង​ការ​ចូលរួម​សកម្មភាព​នានា ​ជាមួយ​ក្រុមការងារសុវត្ថិភាព​ចរាចរណ៍​នេះ​ជាដើម។

សូម​បញ្ជាក់​ថា តួ​លេខ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៧ មាន​មនុស្ស ១៩៧៦ បានស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​ចំនួន​នេះ គឺ​ច្រើន​ជាង ១០០ដង នៃ​ចំនួន​អ្នក​ស្លាប់​ដោយសារ ជំងឺ​គ្រុនចាញ់ ជំងឺ​គ្រុនឈាម និង​គ្រោះថ្នាក់​គ្រាប់​មីន​បូក​បញ្ចូល​គ្នា។

គិត​ត្រឹម​ឆ្នាំ​២០២០ខាងមុខ ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍ ដែល​មាន​ការ​ចូលរួម​ពី​អង្គការ ក្រៅ​រដ្ឋាភិបាល ស្ថាប័ន​រដ្ឋ និង​វិស័យ​ឯកជន កំពុង​រក​វិធី​ធ្វើ​យ៉ាងណា​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​​ថយ​ចុះ​ឲ្យ​បាន ​៥០%។

អត្ថបទ៖ ពៅ រក្សា