Muller នឹង​ខកខាន​ប្រកួត​ប៉ះ​នឹង​ Liverpool ទាំង​ ២​ជើង​នៅ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ UCL

  • 2019-01-11 13:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​​ក្លឹប​ Bayern Munich កីឡាករ​ Thomas Muller នឹង​ខកខាន​ជួយ​ក្លឹប​របស់​ខ្លួន​ពេល​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Liverpool ទាំង​ ២​ជើង​នៅ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​។

មូលហេតុ​នៃ​ការ​ខកខាន​នេះ គឺ​ដោយ​សារ​តែ​រូប​គេ​ត្រូវ​ពិន័យ​មិន​ឲ្យ​ចូល​លេង​ ២​ប្រកួត​បន្ទាប់​ពី​ទទួល​បាន​កាត​ក្រហម​កំឡុង​ពេល​ប្រកួត​ប៉ះ​នឹង​ក្លឹប​ហុល្លង់​ Ajax កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។ នៅ​ពេល​នោះ Muller បាន​ហក់​ទៅ​ធាក់ចំ​​ក្បាល​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ Ajax កីឡាករ​ Nico Tagliafico ក្នុង​គោលបំណង​ឆក់​យក​បាល់​។

យ៉ាងណាក៏ដោយ​ កីឡាករ​អាល្លឺម៉ង់​រូប​នេះ បាន​បង្ហោះ​សារ​សុំទោស​កីឡាករ​ Ajax នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ក្រោយ​ពេល​ចប់​ការ​ប្រកួត​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ការ​បាន​កាត​ក្រហម​ពេល​នោះ​ជា​លើក​ទី ១​ សម្រាប់​ Muller ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។

Thomas Muller បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ UEFA Champions Leagueបាន​ ១០៧​ប្រកួត​ និង​ រក​គ្រាប់​បាល់​បាន ៤២​គ្រាប់​ក្នុង​កម្មវិធី​នោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី