ស្ងាត់​ៗ ចរិយា ពេជ្រ ឲ្យ​តម្រុយ ចេញ​ទៅ​តាម​ប្ដី​ឆាប់​ៗ​នេះ​ហើយ!

  • 2019-01-14 04:18:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន អតីត​តារា​សម្ដែង ចរិយា ពេជ្រ ប្រាប់​ថា នាង​គ្រោង​នឹង​ចាក​ចេញ​ទៅ​រស់​នៅ​ជាមួយ​ស្វាមី​នាង​នៅ​ឯ​នាយ​សមុទ្រ​ឆាប់​ៗ​នេះ​ហើយ ហើយ​នោះ​ជា​មូលហេតុ​ដែល​នាង​សម្រេច​ឈប់​រវីរវល់​ជាមួយ​សិល្បៈ​បន្ត​ទៀត។

ស្រី​ស្អាត ចរិយា ពេជ្រ បាន​ផ្អាក​ពី​សិល្បៈ ប្រមាណ​២​ឆ្នាំ​មក​ហើយ តាំង​ពី​មុន​រៀបការ​ម្ល៉េះ ពោល​គឺ​នាង​បាន​ដក​ខ្លួន​បន្តិច​ៗ​ម្ដង អំឡុង​ពេល​នោះ នាង​មាន​ចចាមអារ៉ាម​ស្នេហ៍​ជាមួយ​ខ្មែរ​អាណិកជន​ខ្មែរ​នៅ​អូស្ត្រាលី គឺ​ស្វាមី​នាង​បច្ចុប្បន្ន​នោះ​ឯង។ រហូត​ដល់​រៀបការ​រួច​ពាក់​កណ្ដាល​ឆ្នាំ​មុន នាង​បាន​ផ្ដាច់​ខ្លួន​ទាំង​ស្រុង​តែ​ម្ដង។ បញ្ហា​នោះ គឺ​ថា នាង​គ្រោង​ចាក​ចេញ​ទៅ​រស់​នៅ​ជាមួយ​ស្វាមី​ឆាប់​ៗ​នេះ។

“ខ្ញុំ​អត់​វិល​ទៅ​សិល្បៈ​វិញ​ទេ​បង ព្រោះ​ខ្ញុំ​ជិត​ចេញ​ទៅ​រស់​ជាមួយ​ស្វាមី​ហើយ ហើយ​ម្យ៉ាង​ស្វាមី​ខ្ញុំ គាត់​ថា​មិន​ចាំ​បាច់​ឲ្យ​ធ្វើ​អី​ទេ គឺ​គ្រាន់​នៅ​ផ្ទះ​ថែ​រក្សា​កូន​ក្នុង​ពោះ​បាន​​ហើយ!”។

ពេជ្រ បាន​ពពោះ​កូន​ដំបូង​ជាមួយ​ស្វាមី​លោក ជា ចឹម បាន​ជិត ៧ខែ​ហើយ ដោយ​នៅ​សល់​ពេល​តែ​ប្រមាណ ២​ខែ​ទៀត​ប៉ុណ្ណោះ កូន​ប្រុស​របស់​នាង នឹង​សម្រាល។ តាម​សាមី​ខ្លួន ដោយ​សារ​តែ​រឿង​ពពោះ​ជិត​សម្រាល​កូន​នេះ​ហើយ ទើប​ជា​ហេតុ​ដែល​នាង​ត្រូវ​ពន្យារ​ពេល​ចេញ​ទៅ​រស់​នៅ​ជាមួយ​ស្វាមី ពោល​គឺ ប្រសិន​បើ​មិន​ទាន់​មាន នាង​អាច​ចេញ​ទៅ​បាន​លឿន​ជាង​នេះ។

នាង និង​ស្វាមី បាន​ព្រមព្រៀង​គ្នា​សម្រាល​បុត្រ​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា យក​សញ្ជាតិ​ខ្មែរ​រួច​ហើយ​សិន ទើប​ចាក​ចេញ​ទៅ​តាម​ក្រោយ​តែ​ម្ដង ដោយ​ឯកសារ​បាន​ស្រេចបាច់​អស់​ទៅ​ហើយ។ បើ​ទោះ​ជា​បែប​នេះ​ក្ដី អតីត​ស្រី​ស្អាត​លេខ​២​របស់ "ប្រ៊ីដ​ស្តុន" កូន​របស់​នាង ក៏​នឹង​ទទួល​បាន​សញ្ជាតិ​ទី២ គឺ​សញ្ជាតិ​អូស្ត្រាលី​មួយ​ទៀត​ដែរ ស្រប​តាម​ច្បាប់​របស់​ប្រទេស​ដែនដី​សត្វ​កង់ហ្គូរូ​នេះ ដោយ​សារ​តែ​ស្វាមី​នាង​ជា​ពលរដ្ឋ​ស្រប​ច្បាប់​របស់​ប្រទេស​នេះ។

បន្ទាប់​ពី​បាន​ទាក់​ទង​គ្នា​អស់​ពេល​ប្រមាណ ៥​ឆ្នាំ ចរិយា ពេជ្រ បាន​សម្រេច​រៀបការ​ជាមួយ​លោក ជា ចឹម ជា​អាណិកជន​ខ្មែរ​រស់​នៅ​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី ១៥ មករា ២០១៨ ដោយ​មាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ចូល​រួម​ពិសា​ភោជនីយ​អាហារ ចំនួន ៥០តុ។

ក្រោយ​ពី​រៀបការ​ហើយ​មួយ​រយៈ ស្វាមី​នាង​បាន​ចាក​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី​វិញ។ ប៉ុន្តែ​ជា​រឿយ​ៗ លោក ចឹម រមែង​ឡើង​មក​រក​​​ភរិយា​ស្រស់​ស្អាត​របស់​ខ្លួន។ ការ​រស់​នៅ​បែក​គ្នា​នេះ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ចរិយា ពេជ្រ ដោយ​សារ​ត្រូវ​យក​ពេល​រត់​ឯកសារ​ដើម្បី​បាន​ចេញ​ទៅ​រស់​នៅ​ជុំ​គ្នា។ រង់​ចាំ​ឯកសារ​ធ្លាក់​ផង និង​មាន​គភ៌​ទើប គូស្វាមី ភរិយា មួយ​គូ​តស៊ូ​រស់​នៅ​ឆ្ងាយ​គ្នា​សិន។ ប៉ុន្តែ​ដូច​ការ​អះអាង​របស់ អតីត​ស្រី​ស្អាត​ខាង​លើ គឺ​នាង​គ្រោង​នឹង​ចេញ​ទៅ​រស់​នៅ​អូស្ត្រាលី​ឆាប់​ៗ​នេះ​ហើយ ក្រោយ​ពី​សម្រាល​កូន​ដំបូង​រួច៕

អត្ថបទ៖ ស៊ុន ហួត