គួរលើកទឹកចិត្ត! តារាល្បីៗខ្មែរ ស្រុះគ្នាក្នុងការងារសប្បុរសធម៌ រកថវិកាសម្រាប់ជួយជនក្រីក្រ
- 2019-01-14 08:58:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរលើកទឹកចិត្ត! តារាល្បីៗខ្មែរ ស្រុះគ្នាក្នុងការងារសប្បុរសធម៌ រកថវិកាសម្រាប់ជួយជនក្រីក្រ
ចន្លោះមិនឃើញ
សិល្បករ-សិល្បការិនីខ្មែរល្បីៗប្រមាណជា៣០រូប បានរួមដៃគ្នាបង្កឲ្យមានការសប្បាយរីករាយយ៉ាងកក្រើកនៅក្នុងកម្មវិធីសប្បុរសធម៌ លើកទី១០ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្មីៗនេះ។
សិល្បករល្បីៗទាំងនោះមាន តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ,លោក ឆន សុវណ្ណរាជ អ្នកនាង ទូច ស្រីល័ក្ខ ,លោក ហ្សូណូ ,លោក ដួង វីរៈសិទ្ធ កញ្ញា វីរៈ និច្ច ,លោក ចន អេឡិចហ្សូរ៉ា ,កញ្ញា ឌី សូនីតា ,លោក ឆាយ វីរៈយុទ្ធ ,កុមារា ឆេង ប្រសិទ្ធរួមទាំងតារាសិល្បៈប្រុស-ស្រីល្បីៗជាច្រើនរូបទៀតផងដែរ។
ពួកគេម្នាក់បានច្រៀង និងរាំបទចម្រៀង២-៣បទរៀងៗខ្លួន បង្កភាពសប្បាយរីករាយមែនទែននាឱកាសនោះ។ តាមការបញ្ជាក់ពីមន្ត្រីព្រឹត្តិការសប្បុរសធម៌នេះ បានឲ្យដឹងថា កម្មវិធីសប្បុរសធម៌នេះ បានឈានមកដល់លើកទី១០ ហើយ។ គំនិតដើម គឺធ្វើឡើងដើម្បីប្រមូលថវិកា សម្រាប់ការងារមនុស្សធម៌ ដូចជាជួយដល់ប្រជាពលរដ្ឋជួបការខ្វះខាត កុមារកំព្រា ចាស់ជរា និស្សិតជួបការខ្វះខាត និងអ្នកសិល្បៈចាស់ជរា មានជំងឺបាត់បង់សមត្ថភាពជាដើម។
កញ្ញា ឱក សុគន្ធកញ្ញា ម្នាក់ក្នុងចំណោមតារាល្បីទាំងដែលមានវត្តមានក្នុងកម្មវិធីនេះ បានលើកឡើងថា ខ្លួនឯងផ្ទាល់ សប្បាយរីករាយណាស់ដែលចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាងថា សង្ឃឹមថា កម្មវិធីនេះហ្នឹងមានជាហូរហែទៀតនាពេលមុខ ហើយនាងរីករាយនឹងចូលរួមជាថ្មីប្រសិនបើការរៀបចំអំណោយផលដល់ពេលវេលារបស់នាង។
នៅចុងបញ្ចប់នៃកម្មវិធីសប្បុរសធម៌លើកទី១០ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ គណៈអធិបតីមាន លោក ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ពិន ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ជេត ជាលី សកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាដើម បានផ្ដល់ជូននូវលិខិតសរសើរជូនសិល្បកររៀងខ្លួន ទុកជាថ្លែងអំណរគុណចំពោះពួកគេ ដែលបានស្ម័គ្រចិត្តចូលរួមច្រៀង និងរាំកម្សាន្តនៅក្នុងកម្មវិធីទាំងមូលដោយមិនគិតកម្រៃ៕