Petr Cech ប្រកាស​ចូល​និវត្តន៍​ក្រោយ​ចប់​រដូវ​កាល​នេះ

  • 2019-01-15 11:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ចាស់​វស្សា​កីឡាករ​ Petr Cech បាន​ផុស​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​ ខ្លួន​នឹង​ចូល​និវត្តន៍​ហើយ​នៅ​ពេល​ចប់​រដូវ​កាល​នេះ។

កីឡាករ​សញ្ជាតិ​ឆេក​មួយ​នេះ បាន​ចំណាយ​ពេល​ជាង​ ២០​ឆ្នាំ​ក្នុង​អាជីព​របស់​ខ្លួន​ជា​កីឡាករ​ ហើយ​បាន​ប្រកប​អាជីព​ក្នុង​លីគ​កំពូល​អង់គ្លេស​រយៈពេល​ជាង​ ១៥​ឆ្នាំ​មក​ហើយ​ ដោយ​បាន​លេង​ឲ្យ​ក្លឹប​ទីក្រុង​ឡុងដុង​ទាំង​ពីរ​គឺ ក្លឹប​ Chelsea និង​ ក្លឹប Arsenal។

ក្នុង​រយៈពេល​ជាង​ ២០​ឆ្នាំ ក្នុង​អាជីព​របស់​ Cech រូប​គេ​បាន​ចាំ​ទី​បាន​ ៧៧១​ប្រកួត​ ដោយ​ក្នុង​នោះ​លេង​ឲ្យ​ក្លឹប​នៅ​ប្រទេស​កំណើត​ចំនួន​ ២ Blsany (១៩៩៩-២០០១) បាន​ ២៨​ប្រកួត​ Sparta Prague (២០០១-២០០២) បាន​ ៤២​ប្រកួត​ ក្លឹប​ Ligue 1 Rennes (២០០២-២០០៤) បាន​ ៧៨​ប្រកួត​។

ចាប់​ពី​ឆ្នាំ ២០០៤ គេ​បាន​ផ្ទេរ​មក​លេង​នៅ​ក្លឹប​អង់គ្លេស​ Chelsea ហើយ​បាន​បង្ហាញ​ខ្លួន​នៅ​ទីនោះ​បាន​ចំនួន ៤៩៤​ដង។ លុះ​ដល់​ឆ្នាំ ២០១៥ គេ​ត្រូវ​បាន​ផ្ទេរ​មក​កាន់​ក្លឹប​ Arsenal ហើយ​បាន​លេង​ ១២៩​ប្រកួត។

កីឡាករ​វ័យ​ ៣៦​ឆ្នាំ​នេះ​ដែរ​ គឺ​ជា​កីឡាករ​ដែល​បាន​ទប់​មិន​ឲ្យ​គេ​ស៊ុត​ចូល​បាន​ច្រើន​ប្រកួត​ជាង​គេ​ក្នុង​ Premier League ដោយ​ក្នុង​រយៈពេល​មួយ​ទសវត្ស​កន្លះ​នេះ រូប​គេ​បាន​ទប់​ Clean Sheet បាន​ចំនួន ១៦១​ដង​៕

ប្រភព៖ Instagram   ប្រែ​សម្រួល៖ ហ៊ីម រស្មី