ចេញរថយន្តពិសេសមួយ ធ្វើឲ្យ Rolls-Royce លក់រថយន្តបានច្រើនបំផុត ក្នុងឆ្នាំ ២០១៨
- 2019-01-16 06:47:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញរថយន្តពិសេសមួយ ធ្វើឲ្យ Rolls-Royce លក់រថយន្តបានច្រើនបំផុត ក្នុងឆ្នាំ ២០១៨
ចន្លោះមិនឃើញ
ឆ្នាំ ២០១៩ ចូលមកដល់ក្រុមហ៊ុនរថយន្តជាច្រើននៅក្នុងពិភពលោក បានបញ្ចេញទិន្នន័យលក់របស់ខ្លួនក្នុងឆ្នាំចាស់ ឆ្នាំ ២០១៨។ ក្នុងឆ្នាំនេះ Rolls-Royce ដែលជាក្រុមហ៊ុនផលិតរថយន្តប្រណីតៗ ល្អលំដាប់សេដ្ឋីក្នុងពិភពលោកបានប្រារព្ធខួប ១១៥ ឆ្នាំ របស់ខ្លួនរួចមកហើយ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានប្រកាសពីការកើនឡើងនៃចំនួនលក់រថយន្តប្រណីតរបស់ខ្លួនកាលពីឆ្នាំ ២០១៨ ផងដែរ។
ជាមួយនឹងមុខជំនួញរបស់ខ្លួននៅជុំវិញពិភពលោក ដែលមានសហរដ្ឋអាមេរិកជាទីផ្សារធំបំផុតនោះ ក្រុមហ៊ុនចំណុះ BMW ដែលមានមូលដ្ឋាននៅ Goodwood ប្រទេសអង់គ្លេសនេះ លក់រថយន្តបានដល់ទៅ ៤ ១០៧ គ្រឿងកាលពីឆ្នាំទៅមិញ។ ចំនួននេះ ស្ដាប់ទៅដូចជាទាបជាងឆ្ងាយបើប្រៀបធៀបនឹងក្រុមហ៊ុនយក្សផលិតរថយន្តគ្រួសារដូចជា Toyota និង Volkswagen ជាដើម ប៉ុន្តែ បើមើលតម្លៃជាមធ្យមរបស់ Rolls-Royce ដែលខ្ទង់ ៣០០ ០០០ ដុល្លារជាងនោះ ចំនួននេះពិតជាមិនតិចឡើយ។
មានចំណុចមួយប្លែកពីក្រុមហ៊ុនរថយន្តដទៃ គឺ Rolls-Royce បញ្ចេញទិន្នន័យលក់រថយន្តបានក៏ពិតមែន ប៉ុន្តែមិនបានបញ្ចេញប្រាប់ថាម៉ូដែលណាមួយលក់បានប៉ុន្មានឡើយ។ ហេតុផលនោះគឺ Rolls-Royce មិនចង់ឲ្យអតិថិជនខ្លួនមានអារម្មណ៍ថា រថយន្តដែលខ្លួនបានទិញក្លាយទៅជារថយន្តសាមញ្ញ ព្រោះមានគេទិញជិះច្រើនពេកនោះ។ យ៉ាងណាមិញ Rolls-Royce បានបង្ហើបថាការកើនឡើងនៃការលក់ គឺមកពីការបញ្ចេញ Rolls-Royce Phantom ជំនាន់ទី ៨ ដែលផ្លាស់ប្ដូររូបរាងច្រើន និងមានបច្ចេកវិទ្យាទំនើបជាងមុន។
រីឯតួឯក ដែលជួយឲ្យការលក់របស់ Rolls-Royce កើនឡើងស្រឺតៗតែម្ដងនោះ គឺរថយន្ត SUV ដំបូងរបស់ខ្លួន Cullinan ដែលទើបនឹងចេញមុខដំបូងក្នុងឆ្នាំនេះ ដែលមានតម្លៃចាប់ផ្ដើមដល់ទៅ ៣២៥ ០០០ ដុល្លារអាមេរិក (ទីផ្សារបរទេស)។ ខុសប្លែកពី Rolls-Royce ទាំងអស់ដែលមានរូបរាង Sedan នោះ Rolls-Royce Cullinan ជារថយន្តតួខ្ពស់ប្រណីត ដែលមានបច្ចេកវិទ្យាខ្ពស់ ប្រើប្រាស់ម៉ាស៊ីនប្រចាំត្រកូល V12 និងមានសមត្ថភាពបើកលើផ្លូវលំបាក (Off-Road) ទៀតផង។
គួរបញ្ជាក់ផងដែរថា ទោះបីជារថយន្តរបស់ Rolls-Royce ភាគច្រើនមានតម្លៃចាប់ផ្ដើមខ្ទង់ ៣០០ ០០០ ដុល្លារក៏ដោយ ក៏អតិថិជនភាគច្រើនមិនដែលជ្រើសយក Based-Option នេះដែរ ពោលគឺគេចង់បានការតុបតែងបន្ថែមឲ្យសមនឹងចំណង់ចំណូលចិត្ត និងភាពស៊ីវិល័យនៃជីវិតលំដាប់សេដ្ឋីរបស់ពួកគេ។ ដូចនេះ Rolls-Royce មួយគ្រឿងៗ មានតម្លៃថ្លៃខ្លាំងលើសពីតម្លៃចាប់ផ្ដើម អាចខុសគ្នា ២ ដងក៏មានដែរ ជាហេតុធ្វើឲ្យគេពិបាកប៉ាន់ស្មានពីចំណូលរបស់ក្រុមហ៊ុនអង់គ្លេសមួយនេះ។
ចុចអាន៖