ស្រលាញ់គ្នាច្រើនឆ្នាំ ម្តងនេះ ចន ច័ន្ទលក្ខិណា ដាច់ចិត្តទម្លាយមិនរៀបការជាមួយ ហេង ឡុង

  • 2019-01-16 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចំណង​ស្នេហ៍​អ្នក​នាង ​ចន ច័ន្ទ​លក្ខិណា និង​លោក ហេង ឡុង ​មាន​រយៈ ពេល​យូរ​ឆ្នាំ​ហើយ ​ដោយ​ទស្សនិកជន​ជា​ច្រើន​ តែង​ទន្ទឹង​រង់​ចាំ​វេលា​ជ័យ​របស់​អ្នក​ទាំង​ពីរ។ មក​ដល់​ពេល​នេះ ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដាច់​ចិត្ត​ទម្លាយ​ពី​បំណង​ពិត​របស់​ខ្លួន លើ​រឿង​​នេះ​ថា ​មិន​រៀប​ការ​ជាមួយ​លោក​ ហេង​ ឡុង​ នោះ​ទេ។

​មូល​ហេតុ​​មិន​មែន​ដោយសារ​បង​ស្រី​របស់​លោក ​ចន ច័ន្ទ​តារា​ អស់​ចិត្ត​ឈប់​ស្រលាញ់​លោក​ ហេង ​ឡុង​ នោះ​ឡើយ។ ​ផ្ទុយ​ទៅ​វិញ​រយៈ​ពេល​ដែល​មើល​ចិត្ត​ថ្លើម​គ្នា​មក​នេះ ​អ្នក​នាង ​ចន​ច័ន្ទ យល់​ថា ជីវិត​គូ​របស់​អ្នក​ទាំង​ពីរ​អាច​ដើរ​ជាមួយ​គ្នា​បាន ​ប៉ុន្តែ​មិន​ចាំ​បាច់​ត្រូវ​រៀប​ចំ​មង្គលការ​នោះ​ទេ។ ដោយសារ​តែ​ការ​រស់​នៅ​រាល់​ថ្ងៃ​ មាន​ភាព​ល្អ​ប្រសើរ និង​ចុះ​សម្រុង​គ្នា​ល្អ​ហើយ ​ដូច្នេះ​ តួ​ឯក​ក្នុង​រឿង​"ចៅ​ពស់​កេង​កង" ​លែង​ចង់​គិត​ពី​មង្គលការ​ ទៀត​​។

​​អ្នក​នាង ចន ច័ន្ទ​លក្ខិណា និង​លោក ហេង ឡុង មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយ​គ្នា​​ជាង​៤​ឆ្នាំ​មក​ហើយ ​បន្ទាប់​ពី​អ្នក​នាង​ចែក​ផ្លូវ​ជា​មួយ​លោក យុត្ថារ៉ា ឆានី ។ ​លោក ហេង ឡុង​ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​អ្នក​ជំនួញ​ធំ​ម្នាក់ ​​ផង​ដែរ។

កន្លង​មក​​គូស្នេហ៍​ទាំង​ពីរ បាន​បង្ហាញ​រូប​ស្លៀក​ឈុត​កូន​កំលោះ​ក្រមុំ​ ធ្វើ​ឲ្យ​មហាជន​សង្ស័យ​ថា ​អ្នក​នាង​ ចន​ច័ន្ទ​ និង​លោក​ ហេង​ ឡុង ​ជិត​មាន​ដំណឹង​ល្អ​ឆាប់​ៗ​មិន​ខាន។ ​ប៉ុន្តែ ​​​ប្រធាន​សមាគម​រូប​នេះ ​អះ​អាង​ថា​នោះ​គ្រាន់​ជា​រូប​ថត​អនុស្សាវរីយ៍​របស់​អ្នក​​ទាំង​ពីរ​ប៉ុណ្ណោះ ដោយ​គ្រា​នោះ​​​អ្នក​នាង ​ចន​ច័ន្ទ​ បាន​កំណត់​ថា ​ទំ​នង​អាច​​២​ឆ្នាំ​ខាង​មុខ។ ប៉ុន្តែ​ពេល​នេះ ​អ្វី​ៗ​បាន​ស្រាយ​ច្បាស់​ហើយ​ថា ​តារា​ចាស់​វស្សា​រូប​នេះ ​​សម្រេច​មិន​រៀប​ចំ​ពិធី​រៀប​ការ​ជាមួយ​លោក ហេង ឡុង​ នោះ​ទេ៕

អត្ថបទ៖ លឹម សុនា