កម្ពុជានឹងមានរោងចក្រកែច្នៃរោមសត្វ និងស្បែកសត្វធ្វើសំលៀកបំពាក់ដំបូងបង្អស់

  • 2019-01-18 08:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះថា ​ស៊ីភែល (ខេមបូឌា) ខូ អិលធីឌី ​​មាន​គម្រោង​​បង្កើត​​រោងចក្រ​ផលិត​រ៉ូប​ធ្វើ​ពី​រោមសត្វ និង​ស្បែក​សត្វ កែច្នៃ​ស្បែក​សត្វ និង​ស្បែក​សត្វ​ជាប់​រោមសត្វ​ លើ​ផ្ទៃដី​ទំហំ ១៦ ៧៧០ម៉ែត្រក្រឡា មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិព្រៃសំព័រ ​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រូបតំណាង

គម្រោង​នេះ​ ត្រូវ​បាន​ក្រសួង​ពាក់ព័ន្ធ​រួមមាន ​ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន  ជួប​ប្រជុំ​ជាមួយ​តំណាង​ក្រុម​ហ៊ុន​ ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមកាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ក្រោមការដឹកនាំប្រជុំដោយឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន

ជា​លទ្ធផល​ក្រោយ​ការ​ប្រជុំ​អន្តរ​ក្រសួង​​រួចមក តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​អនុវត្ត​តាម​ដូចជា​៖​​​

១. ត្រូវ​គ្រប់គ្រង​សំណល់រឹង-រាវ ទាំងក្នុង និងក្រៅរោងចក្រ ឱ្យបានត្រឹមត្រូវ ជាពិសេសនៅមុខរោងចក្រឱ្យបានស្អាត

២. ប្រសិន​បើគម្រោងនេះ​ផលិតរ៉ូបធ្វើពី​រោមសត្វ ​និង​កែច្នៃ​រោម​សត្វ​ផង​ ត្រូវ​មាន​របាយការណ៍​ទាំង​ពីរ​ផ្នែក​ដាក់​ចូល​ក្នុង​របាយការណ៍​នេះ​ ប៉ុន្តែ​បើ​គម្រោង​គ្មាន​ការ​ផលិតរ៉ូបទេ​ យើង​ទទួល​យក​របាយការណ៍​នេះ តែ​ត្រូវ​ប្តូរ​ចំណង​ជើង​ឈ្មោះ​គម្រោងវិញ ហើយ​បើ​ទៅថ្ងៃ​មុខ​ ក្រុមហ៊ុន​មានគម្រោង​ធ្វើរោងចក្រផលិតរ៉ូបធ្វើ​ពីរោមសត្វ នៅ​ទីតាំង​ផ្សេង​ក្រុមហ៊ុន​ត្រូវ​ធ្វើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដាច់​ដោយ​ឡែក​ពី​គ្នា

៣.ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​បញ្ចូល​មតិយោបល់​ទាំងឡាយ​ដែល​អង្គប្រជុំ​បាន​លើកឡើង​ត្រូវ​បញ្ចូល​ទាំងអស់​ក្នុង​របាយការណ៍នេះ​។ ​​​​​​

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី