ហ៊ុន​ ច័ន្ទរាជ្យ៖​ Superlek​ ជា​អ្នក​ប្រដាល់​ក្បាច់​ ចិត្រា​ ត្រូវ​តែ​ហាត់​ឲ្យខ្លាំង​ទើប​អាច​ទៅ​រួច​

  • 2019-01-21 03:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡៅ​ ចិត្រា​ ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ និង​ខិតខំ​ហ្វឹកហាត់​ទ្វេដង​ទើប​អាច​ទៅ​រួច​ ព្រោះ​កីឡាករ​ម្ចាស់​ផ្ទះ​ Superlek​ ចាត់​ចូល​លំដាប់​ A​ លើ​ប្រភេទ​ទម្ងន់​នេះ​ហើយ​ និង​ជា​អ្នក​ប្រដាល់​វ៉ៃ​ក្បាច់​ម្នាក់​ផង​ដែរ។​ នេះ​ជា​ការ​លើក​ឡើង​របស់​គ្រូ​ប្រដាល់​​ក្លឹប​ CTT​ ហ៊ុន​ ច័ន្ទរាជ្យ​។

កីឡាករ ឡៅ​ ចិត្រា​

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ចិត្រា​ ប៉ះ​ជើង​ខ្លាំង​ថៃ​ Superlek​ មិន​មែន​ជា​កីឡាករ​ធម្មតា​ឡើយ​ ពោល​គឺ​ជា​កីឡាករ​លំដាប់​ A​ ម្នាក់​ដែរ​នៅ​ប្រទេស​​ថៃ។​ អ្នក​ប្រដាល់​ថៃ​រូប​នេះ​រឹង​មាំ​ ចេញ​​អាវុធ​ធ្ងន់​ គឺ​គេ​មាន​ទាំង​អស់។​ សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​ ឡៅ​ ចិត្រា​ ក៏​មិន​អន់​ដែរ​ ពោល​​គឺលំដាប់​ប្រទេស​ដូច​គ្នា​ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​ខែ​កុម្ភៈ​ ដាច់​ខាត​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​យូរ​បន្តិច​ អាច​ថា​លែង​ប្រកួត​នៅ​ខ្មែរ​សិន​ក៏​ល្អ​ និង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​បំផុត។​

កីឡាករ Superlek(រូបភាព One)

អតីត​អ្នក​ប្រដាល់​ MMA​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ បើ​អាច​ឈប់​ប្រកួត​ក្នុង​ស្រុក​សិន​ក៏​ល្អ​ដែរ ព្រោះ​ខ្លាច​មាន​របួស​ចៃដន្យ​ណា​មួយ​មើល​មិន​ឃើញ។​ ក្រៅ​ពី​នេះ​ផ្ដោត​អារម្មណ៍​ ១០០%​ តែ​លើ​ការ​ហ្វឹកហាត់​ និង​ប្រកួត​នៅ​កម្មវិធី​ធំ​ One Championship​ នេះ​សិន​បាន​ហើយ។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​កម្ពុជា​ ឡៅ​ ចិត្រា​ នឹង​ត្រូវ​ឡើង​សង្វៀន​ One Champinship​ នា​ថ្ងៃ​ទី១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​ទី​ក្រុង​បាងកក ប្រទេសថៃ ​លើប្រភេទ​ទម្ងន់​ ៦១​,២ គីឡូក្រាម​ ជា​មួយ​ម្ចាស់​ផ្ទះ​ថៃ​ Superlek៕​

អត្ថបទ៖ នួន ស៊ីណា​