មកដឹង ជីវប្រវត្តិ Victoria Bechkham មិនត្រឹមជាភរិយាតារាបាល់ទាត់ ថែមទាំងមានឥទ្ធិពលខ្លាំងនៅអង់គ្លេស

  • 2019-01-25 08:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី Victoria Caroline Beckham ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភរិយា​របស់​កំពូល​តារា​បាល់​ទាត់ David Bechkham គឺ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​អង់គ្លេស។

អ្នក​ស្រី Victoria Beckham បាន​កើត​នៅ​ថ្ងៃ​ទី ១៧ ខែ​មេសា​ឆ្នាំ ១៩៧៤ ក្នុង​ទីក្រុង Essex ប្រទេស​អង់គ្លេស​ដែល​មាន​ម្ដាយ​ឈ្មោះ Jacqueline Doreen ជា​បុគ្គលិក​ធានា​រ៉ាប់រ៉ង និង​ឪពុក Anthony William Adams ជា​វិស្វករ​អេឡិចត្រូនិក។ កើត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឋានៈ​មធ្យម Victoria Beckham ត្រូវ​បាន​បញ្ជូន​ទៅ​រៀន​នៅ​សាលា The Jason Theatre ដែល​អ្នក​ស្រី​សិក្សា​ពី​ការ​រាំ និង​ការ​ដើរ​ម៉ូដ​តាម​ក្ដី​ស្រលាញ់​របស់​ខ្លួន។ នៅ​ក្នុង​ឆ្នាំ ១៩៩៣ Victoria ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ក្រុម Spice Girl ដែល​បាន​ក្លាយ​ជា​ក្រុម​រាំ​កំពូល​ក្នុង ២៩​ប្រទេស​ និង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ក្នុង​ឆ្នាំ ២០០៧។

ថ្វី​បើ​អ្នក​ស្រី​ទទួល​ភាព​ល្បី​ល្បាញ​ដោយសារ​ជា​សមាជិក​ក្នុង​ក្រុម​រាំ Spice Girl ក្ដី ជោគ​ជ័យ​របស់​អ្នកស្រី Victoria ជោគជ័យ​សព្វ​ថ្ងៃ​របស់ Victoria បាន​មក​ពី​ការ​ច្នៃ​ម៉ូដ​សំលៀកបំពាក់, ការ​លក់​វែនតា និង​ទឹក​អប់​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ ២០០៨ ដោយ​មាន​ចំណាប់​អារម្មណ៍​ផ្នែក​ខាង​ម៉ូត​សំលៀកបំពាក់ Vitoria បាន​បញ្ចេញ​ឈុត​សំលៀកបំពាក់​ដំបូង​បង្អស់​របស់​ខ្លួន Silhouette Enhancing។ លើស​ពី​នេះ​ទៀត អ្នក​ស្រី​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ចំណោម ១០០​នាក់​នៅ​ចក្រភព​អង់គ្លេស។

គួរ​ឲ្យ​ដឹង​ថា អ្នក​ស្រី Victoria បាន​រៀប​ការ​ជាមួយ​កំពូល​តារា​បាល់​ទាត់​ពិភពលោក David Beckham កាល​ពី​ឆ្នាំ ១៩៩៩ និង​បង្កើត​បាន​កូន ៤​នាក់ ៖ Brooklyn Joseph, Romeo James, Cruz David និង Haper Seven។ សព្វ​ថ្ងៃ​នេះ Victoria និង​ស្វាមី​របស់​ខ្លួន ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ទឹក​ប្រាក់​សរុប ៤៥០ លាន​ដុល្លារ៕

អត្ថបទ ៖ រ័ត្ន