ចិញ្ចឹមក្រពើតែ១មុខ អាចរកចំណូលបានដល់ ២០ ម៉ឺនដុល្លារ
- 2019-01-27 07:52:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិញ្ចឹមក្រពើតែ១មុខ អាចរកចំណូលបានដល់ ២០ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងទីតាំងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានដំណើរការមកជាង២០ឆ្នាំ ម្ចាស់កសិដ្ឋាន បានបង្ហើបថា របរនេះអាចរកចំណូលបានពី១៥-២០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ស្របពេលទីផ្សារក្រពើរបស់កម្ពុជាកំពុងមានសក្ដានុពល។
ក្នុងដំណើរចុះពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៧ មករានេះ លោក ខូយ ឈីន ដែលជាម្ចាស់កសិដ្ឋានខាងលើបានឲ្យដឹងថា ទីផ្សារបច្ចុប្បន្នកូនក្រពើ មួយក្បាលលក់បានតម្លៃពី១៥ ទៅ២០ដុល្លារ ចិញ្ចឹមបានអាយុ ៣ឆ្នាំតម្លៃ ៥ ទៅ៦ដុល្លារក្នុងមួយគីឡូ ហើយជាបច្ចេកទេសក្រពើ ចិញ្ចឹមដល់អាយុ ៣ឆ្នាំ ទើបស្បែករបស់វាមានគុណភាពល្អត្រូវតាមស្តង់ដារទីផ្សារនាំចេញ។
លោក ខូយ ឈីន បានបញ្ជាក់ថា ជាមធ្យមក្នុងមួយឆ្នាំ កសិដ្ឋានលោកអាចរកបានចំណូលពី១៥-២០ ម៉ឺនដុល្លារ ដោយការនាំចេញបាន ១ម៉ឺន ទៅ ១ម៉ឺន ៥ពាន់ក្បាល។ លោកថា សព្វថ្ងៃកសិដ្ឋានមានមេ-បា ចំនួន១២០០ ក្បាល និងជំទង់ចំនួន ៣២០០ក្បាល ចិញ្ចឹមលើផ្ទៃដី ១៦០០០ម៉ែត្រការ៉េ ដោយបែងចែកជាអាងមេ-បា ពូជ កូន និងក្រពើជំទង់។
យ៉ាងណាមិញ ជារួមក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញកូនក្រពើប្រមាណ ៣២ម៉ឺនក្បាលក្នុងនោះទីផ្សារភាគច្រើនជាប្រទេសវៀតណាម និងថៃ។ ដោយមើលឃើញទីផ្សារក្រពើមានសក្ដានុពលនេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឲ្យកសិដ្ឋានសហការជាមួយរដ្ឋបាលជលផលដើម្បីអនុវត្តការងារបច្ចេកទេសបន្ថែម ច្បាប់ការងារសាយតេស្ត និងទីផ្សារធ្វើយ៉ាងណាជំរុញទីផ្សារក្រពើកម្ពុជាឲ្យបានទូលំទូលាយ ពិសេសទីផ្សារចិន។ ម៉្យាងវិញទៀត គួរខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពទាំងការងារផលិតកម្ម និងកែច្នៃ ប្រសើរជាងនាំចេញកូន និងមេ-បាពូជ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារជូនដល់ពលរដ្ឋនៅមូលដ្ឋាន ហើយគួរសិក្សាពីលទ្ធភាពចិញ្ចឹមបង្កងដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារខេត្តសៀមរាប។
ប្រភព៖ ក្រសួងកសិកម្ម