Tesla នឹង​បញ្ចេញ​រថយន្ត​ប្រភេទ Pick-Up នា​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ នេះ​ហើយ

  • 2019-01-31 04:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ពាក្យ​ចចាមអារ៉ាម និង​ប្រភព​ជិត​ស្និទ្ធនឹង Tesla បាន​ឲ្យដឹង​យូរ​មក​ហើយ​ថា ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​ជំនាញ​ខាង​ផលិត​រថយន្ត​ប្រើ​អគ្គិសនី​សុទ្ធ​មួយ​នេះ កំពុង​សំងំ​ផលិត​រថយន្ត​ប្រភេទ​សល់​ឃ្លុប​ក្រោយ Pick-Up ដែល​នឹង​ក្លាយ​ជា​រថយន្ត​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ Pick-Up​ ដែល​នឹង​ប្រើ​អាគុយ​សុទ្ធ​តែ​ម្ដង មិន​មាន​ប្រើ​ឥន្ធនៈ។

រូប​តំណាង

CEO របស់ Tesla លោក Elon Musk បាន​បង្ហើប​នៅ​ក្នុង​សន្និសីទ​បូកសរុប​លទ្ធផល​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ថា ក្រុមហ៊ុន​រំពឹង​​នឹង​បញ្ចេញ​រថយន្ត​ប្រភេទ Pick-Up នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ ២០១៩ ពោល​គឺ​ក្នុង​អំឡុង​ខែ​មិថុនា ដល់​ខែ​កញ្ញា។ លោក Elon Musk ​បាន​និយាយ​ទៀត​ថា៖ " វា​នឹង​ក្លាយ​ជា​រថយន្ត​ដែល​ប្លែក​ពី​គេ ហើយ​មាន​តែ​មួយ​ប្រភេទ​ហ្នឹង​តែ​ប៉ុណ្ណោះ " ។

យ៉ាងណាមិញ ខាង​ក្រុមហ៊ុន​និយាយ​ពី​ការ "បញ្ចេញ" មិន​ប្រាកដ​ថា​ជា​ការ​ចេញ​លក់​នោះ​ទេ។ បើ​តាម​បទ​ពិសោធន៍​ជាក់​ស្ដែង​ក្នុង​ផលិតកម្ម​របស់​ Tesla រថយន្ត​ប្រភេទ Pick-Up នេះ​នឹង​​ត្រូវ​ការ​ពេល​ច្រើន​ទម្រាំ​នឹង​ចេញ​លក់។ ជា​ការ​ពិត​ណាស់ Tesla នៅ​តែ​ដុត​ដៃ​ដុត​ជើង​ក្នុង​សង្វាក់​ផលិតកម្ម Tesla Model 3 ដែល​កំពុង​ខ្វះ​ខាត​ជា​ទម្ងន់ ផលិត​មិន​ទាន់​ ដោយ​​ក្រុមហ៊ុន​ទើប​តែ​ជិត​បញ្ចប់​ការ​សាងសង់​រោង​ចក្រ Gigafactory របស់​ខ្លួន​មួយ​ទៀត​នៅ​ទីក្រុង សៀងហៃ ប្រទេស​ចិន។

ក្រៅ​ពី​រថយន្ត​ប្រភេទ Pick-Up នេះ Tesla ក៏​កំពុង​តែ​ចាប់​ផ្ដើម​សង្វាក់​ផលិតកម្ម​រថយន្ត​ដឹក​ទំនិញ​ធុន​កណ្ដាល (Semi-Truck) និង​រថយន្ត SUV ដំបូង​របស់​ខ្លួន​ ដែល​គេ​ស្គាល់​ថា Tesla Model “Y” នោះ​ដែរ ដែល​រំពឹង​ទុក​ថា​នឹង​ចេញ​ក្នុង​ឆ្នាំ ២០២០ ខាង​មុខ។

Tesla Semi Truck
Tesla Model Y

ចុចអាន៖

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ ផាត សុវត្ថិ