លោក ភា សុភក្ត្រា គ្រូ​បង្វឹក​​ក្រុម​ក្រសួង​ការពារ​ជាតិ ​ប្រកាស Bye Bye ​លីគ​កំពូល​កម្ពុជា​ហើយ​

  • 2019-02-06 01:28:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​យប់មិញ​នេះ ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ ភា សុភក្ត្រា ​បាន​បង្ហោះ​លា​លីគ​កំពូល​កម្ពុជា​ហើយ ​ក្រោម​ហេតុផល​ថា​អ្នក​នាំ​លោក​មក​ដឹក​នាំ​ក្រុម ពេល​នេះ​សម្រេច​ចាកចេញ​ទៅ​ហើយ។

នៅ​ចាំ​បាន​ថា ​លោក ភា សភក្ត្រា ​ធ្លាប់​បង្ហើប​ប្រាប់ Sabay ​ថា ​លោក ខូវ ឆាយ ​ដែល​ជា​អគ្គ​លេខា​ធិការ​ក្លឹប​ក្រសួង​ការពារ​ជាតិ ​កំពុង​ពិចារណា​ក្នុង​ការ​ឈប់​ជួយ​ក្លឹប​មួយ​នេះ​ទៀត​ហើយ ​ក្រោយ​ពី​ការ​ចំណាយ​ច្រើន​ខ្លាំង​ពេក។ លោក​បញ្ជាក់​ទៀត​ថា ​លោក ខូវ ឆាយ ​នេះ​គឺ​ជា​អ្នក​ផ្គត់ផ្គង់​ថវិកា​សម្រាប់​ក្លឹប​ទាំង​មូល ​ហើយ​រាល់​ខែ​ខ្ទង់​ចំណាយ​ច្រើន​មែនទែន។

ក្រោយ​ពី​ប្រាប់​បាន​ប៉ុន្មាន​ថ្ងៃ ក៏​ស្រាប់​តែ​ឃើញ​មាន​កីឡាករ​ក្រសួង​ការពារ​ជាតិ​ច្រើន​នាក់​បង្ហោះ​សារ​មួយ​ចំនួន​ដែល​សុទ្ធ​សឹង​តែ​បញ្ជាក់​ប្រាប់​ពី​ការ​ចាកចេញ​របស់​ពួកគេ ​ទាំង​សោកស្ដាយ។ ចំណុច​នេះ ​អាច​នឹង​បញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា​ក្លឹប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​ពិត​ជា​មាន​បញ្ហា​មែន។ ស្រប​ពេល​ដែល​ការ​បង្ហោះ​របស់​លោក ភា សុភក្ត្រា ​លា​លីគ​កំពូល​ទៀត​អាច​ធ្វើ​ឱ្យ​អ្នក​គ្រប់​គ្នា​ដឹង​ច្បាស់​ហើយ។

យ៉ាងណាមិញ ​ដំណឹង​នេះ​មិន​ទាន់​ផ្លូវការ​នៅ​ឡើយ​ទេ ​សូម​តាមដាន​បន្ដ​ទៀត​ថា ​តើ​អនាគត​របស់​ក្រសួង​ការពារ​ជាតិ​នឹង​ទៅ​ជា​យ៉ាង​ណា?

អត្ថបទ៖ មុន្នីរម្យ