មេ​កាន់​ផ្នែក​ធំ​មួយ​របស់ Apple នឹង​ចាក​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ

  • 2019-02-06 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​គ្រប់​គ្រង​ការ​លក់រាយ​របស់​ក្រុមហ៊ុន Apple លោក​ស្រី Angela Ahrendts ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ចាកចេញ ពី​ដំណែង​ដ៏​ធំ​របស់​ខ្លួន​ក្នុង​ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា​នេះ​ ក្នុងខែ​មេសា​​ឆ្នាំ​នេះ។ លោក​ស្រី បាន​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​ផ្លែ​ប៉ោម​នេះ កាល​ពី​រដូវ​ផ្ការីក ឆ្នាំ ២០១៤ ដែល​កាល​នោះ​លោក​ស្រី​ផ្លាស់​ពី​ដំណែង CEO នៃ​ក្រុមហ៊ុន​សំលៀក​បំពាក់​ដ៏​ល្បី​បំផុត​មួយ​ក្នុង​លោក​គឺ Burberry។

បើ​តាម​ព័ត៌មាន​បន្ថែម អ្នក​ដែល​នឹង​មក​ជំនួស​ដំណែង​លោក​ស្រី Angela Ahrendts នេះ​គឺ​ជា​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៅ Apple ផ្ទាល់​គឺ​លោក​ស្រី Deirdre O'Brien ដែល​នឹង​ទទួល​ភារកិច្ច​គ្រប់​គ្រង​ការ​លក់​រាយ និង​លក់​លើ​អ៊ីនធឺណិត​របស់ Apple ហើយ​ក៏​នៅ​កាន់​ការងារ​ធនធាន​មនុស្ស​ចាស់​ដដែល​ផង​ដែរ។ សូម​បញ្ជាក់​ផង​ដែរ​ថា លោក​ស្រី Deirdre O'Brien បាន​ធ្វើ​ការ​ជាមួយ Apple ជាង ៣០ ឆ្នាំ​មក​ហើយ។

អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ គឺ​គេហទំព័រ​របស់ Apple បាន​ដាក់​រូប​លោក​ស្រី Deirdre O'Brien នៅ​ក្នុង​ទំព័រ​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​​ ដោយ​មាន​ដំណែង​ជា Senior Vice President of Retail and People ដែល​អាច​ឲ្យ​គេ​ដឹង​ថា​លោក​ស្រី Angela Ahrendts បាន​ចុះ​ចេញ​ពី​ដំណែង​ភ្លាម​ៗ​តែ​ម្ដង ព្រោះ​ដំណែង​លោក​ស្រី​ចាស់​គឺ​ជា Senior Vice President of Retail ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក​ស្រី Angela Ahrendts គឺ​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​មាន​ឥទ្ធិពល​ម្នាក់​នៅ​ក្នុង​វិស័យ​ជំនួញ​មិន​ថា​ទាំង​ផ្នែក​ម៉ូត​សំលៀក​បំពាក់​ ឬ​ក៏​ខាង​បច្ចេកវិទ្យា​នោះ​ទេ។ សូម្បី​តែ CEO របស់ Saleforce លោក Marc Benioff ក៏​បាន​បញ្ចេញ​មតិ​កាល​ឆ្នាំ ២០១៤ ពេល​លោក​ស្រី Angela Ahrendts ទើប​តែ​ចូល​ក្នុង Apple ដែរ​ថា លោក Tim Cook ជា CEO របស់ Apple ដែល​សម្រេច​រើស​យក​លោក​ស្រី Angela Ahrendts មក​ធ្វើការ​គឺ​ជា​ការ​សម្រេច​ចិត្ត​សំខាន់​បំផុត ដែល Tim Cook ធ្លាប់​បាន​ធ្វើ។

យ៉ាងណាមិញ បន្ទាប់​ពី​ការ​ចាក​ចេញ​នេះ លោក​ស្រី Angela Ahrendts ក៏​បាន​បង្ហើប​ពី​ការ​ប៉ុន​ប៉ង​ចូល​ប្រឡូក​ក្នុង​វិស័យ​សំលៀក​បំពាក់​វិញ​ដែរ ដោយ​បាន​ប្រាប់​ទស្សនាវដ្ដី Vogue ថា "មាន​រឿង​មួយ​ចំនួន​ក្នុង​វិស័យ​ម៉ូត​សំលៀក​បំពាក់​ដែល​ខ្ញុំ​នឹក។ ខ្ញុំ​បាន​ធំ​ធាត់​នៅ​ក្នុង​វិស័យ​នោះ ហើយ​ខ្ញុំ​ដឹង​នូវ​រាល់​អ្វី​ទាំង​អស់ ដែល​គួរ​តែ​ដឹង​អំពី​វា " ។

ចុចអា​ន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ