មុខងារថ្មីមួយលើ Apple Watch Series 4 ថ្មីបានជួយសង្គ្រោះអាយុជីវិតមនុស្សម្នាក់ទៀតហើយ

  • 2019-02-05 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple Watch គឺជាសែស្រឡាយនាឡិកាឆ្លាតវៃ ដែលលក់ដាច់បំផុតក្នុងពិភពលោក ដោយសារតែមុខងារដ៏សម្បូរបែបរបស់វា រូបរាងស្រស់ស្អាត និងងាយស្រួលភ្ជាប់ជាមួយនឹង iPhone ដែលមនុស្សភាគច្រើនមានប្រើសព្វថ្ងៃនេះ។ នាឡិកានេះ ចេញដល់ជំនាន់ទី ៤ ហើយ ចុងក្រោយបំផុតដែលត្រូវគេស្គាល់ថាជា Apple Watch Series 4។

Apple Watch Series 4 នេះ នៅតែមានមុខងារ តាមដានសុខភាពល្អជាងគេដដែល ប៉ុន្តែវាមានមុខងារថ្មី ២ គឺវាបានបំពាក់មកជាមួយនឹង Sensor សម្រាប់វាស់ចង្វាក់បេះដូង ECG (Electric Cardio Gram) និងមុខងារដែលអាចចាប់ដឹងថា អ្នកប្រើប្រាស់បានដួល ហើយត្រូវការជំនួយពីក្រុមជួយសង្គ្រោះ។

ថ្មីៗនេះ នៅក្នុងប្រទេសន័រវេរ Apple Watch Series 4 បានជួយជីវិតបុរសចំណាស់ម្នាក់ ដោយសារមុខងារចាប់់ដឹងពេលអ្នកពាក់នាឡិកានោះដួល ហើយមិនអាចក្រោកឡើងខ្លួនឯងបាន។ លោក Toralv Ostvang អាយុ ៦៧ ឆ្នាំ បានដួលនៅក្នុងបន្ទប់ទឹកមួយទំហឹង ហើយក៏បានបាត់បង់ស្មារតីទៅ។ សំណាងល្អ នាពេលនោះលោកបានពាក់ Apple Watch Series 4 នេះ ដែលវាចាប់ដឹងថាអ្នកប្រើប្រាស់វាដួល ហើយវាបានហៅទូរសព្ទទៅកាន់ក្រុមជួយសង្គ្រោះ នៅពេលដែលអ្នកប្រើប្រាស់នាឡិកា មិនបានផ្លាស់ទីក្នុងរយៈពេល ១ នាទីពេញ។ ប្រហែលជាកន្លះម៉ោង ក្រោយលោក Toralv បានដួល ក្រុមអ្នកជួយសង្គ្រោះបានដល់ផ្ទះរបស់លោក ដោយបានឃើញលោកសន្លប់ស្ដូកស្ដឹង និងមានហូរឈាមនៅក្នុងបន្ទប់ទឹកផងដែរ។ ដោយសារតែបានគុណបុណ្យ Apple Watch Series 4 ទើបលោកអាចត្រូវបានគេសង្គ្រោះទាន់ពេល ដោយការដួលនោះ បានធ្វើឲ្យលោកប្រេះឆ្អឹងលើផ្ទៃមុខ ដល់ទៅ ៣ កន្លែងឯណោះ។

ជាការពិតណាស់ នេះមិនមែនជាលើកទី ១ ឡើយ ដែល Apple Watch បានជួយជីវិតមនុស្សនោះ ដោយមានទាំងករណីដែល Apple Watch បានឲ្យដំណឹងទៅកាន់អ្នកប្រើប្រាស់ពីដំណើរមិនប្រក្រតីនៃចង្វាក់បេះដូង ដើម្បីទៅព្យាបាលទាន់ពេលទៀតផង និងមានករណីផ្សេងៗទៀត ដូចជាអ្នកគ្រោះថ្នាក់ចរាចរណ៍ជាប់គាំងអ្វីមួយ មិនអាចកម្រើកបាន ក៏ប្រើ Apple Watch សម្រាប់ ហៅក្រុមសង្គ្រោះបន្ទាន់ផងដែរ។


ប្រភព៖ Bgr   ប្រែ​សម្រួល៖ ផាត សុវត្ថិ