និយាយមែន! ទៅដើរលេង១កន្លែងនេះនៅកំពត សប្បាយខ្លាំង ថ្លៃគេងវិញតែ១០ដុល្លារទេ
- 2019-02-08 07:02:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និយាយមែន! ទៅដើរលេង១កន្លែងនេះនៅកំពត សប្បាយខ្លាំង ថ្លៃគេងវិញតែ១០ដុល្លារទេ
ចន្លោះមិនឃើញ
ខ្យល់សមុទ្រដ៏ល្អបរិសុទ្ធ ខណៈចូលដល់ជំរំនៃម្លប់ដើមកោងកាងយ៉ាងត្រឈឹងត្រឈៃ នឹងនាំអារម្មណ៍រីករាយសម្រាប់ភ្ញៀវទេសចរក្នុងពេលកំពុងធ្វើដំណើរលើស្ពានរាប់រយម៉ែត្រ ដែលហ៊ុមព័ទ្ធដោយសម្រស់ធម្មជាតិយ៉ាងខៀវស្រងាត់។ ភូមិទេសចរណ៍ត្រពាំងសង្កែ ជាដែនដី ប្រជាសហគមន៍នេសាទ បានប្រែក្លាយអភិវឌ្ឍទៅជាភូមិទេសចរណ៍ដ៏ទាក់ទាញមួយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងកំពត។
លោក សឹម ហ៊ីម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែបានឲ្យដឹងថា តម្លៃស្នាក់នៅ១បន្ទប់ ត្រឹមតែ១០ដុល្លារ គេងបានគ្នា៤នាក់។ ក្នុងភ្ញៀវទេសចរទទួលបានសេវាកម្មជាច្រើនដូចជា ជិះទូកមើលទេសភាពព្រៃកោងកាង ដាំដើមកោងកាងក្នុងសហគមន៍ គយគន់អំពិលអំពែកពេលរាត្រី ស្ទូចត្រី ជាដើម។
ភ្ញៀវនឹងរីករាយនឹងខ្យល់អាកាសបរិសុទ្ធបក់ផាត់ពីដៃសមុទ្រ គយគន់ស្រែស្រូវច្បារដំណាំ និងស្រែអំបិលរបស់ពលរដ្ឋក្នុងមូលដ្ឋាន។ ភ្ញៀវទេសចរណ៍អាចបន្តដំណើរតាមទូកក្នុងព្រែកក្បាលរមាស នៅអមសងខាងជាមួយទេសភាពដ៏ល្អត្រកាលនៃព្រៃលិចទឹក ដើម្បីបានដល់តំបន់អេកូទេសចរណ៍ព្រៃកោងកាងនាឆ្នេរសមុទ្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ផ្ទាល់។
ធ្វើដំណើរតាមផ្លូវជាតិលេខ ៣៣ ពីកំពតមកខេត្តកែបចម្ងាយជាង ៧ គីឡូម៉ែត្រ អ្នកដំណើរនឹងឃើញផ្ទាំងប៉ាណូស្វាគមន៍ភូមិទេសចរណ៍ត្រពាំងសង្កែ ដែលរំលេចនូវរូបភាពទេសភាពដ៏ស្រស់ត្រកាលភូមិទេសចរណ៍ធម្មជាតិមួយនេះ។ បត់ស្តាំចុះពីផ្លូវជាតិប្រមាណត្រឹម ៣០០ ម៉ែត្រ ឆ្លងកាត់ភូមិឋានប្រជាពលរដ្ឋ នឹងចូលដល់ទីតាំងភូមិទេសចរណ៍ត្រពាំងសង្កែ ដែលស្ថិតនៅក្បែរដៃសមុទ្រមានឈ្មោះថា«ព្រែកក្បាលរមាស»៕
សូមប្រិយមិត្តទស្សនាវីដេអូបង្ហាញពីទិដ្ឋភាពដ៏ស្រស់បំព្រងខាងក្រោមនេះ៖