ក្រៅពីអាក្រក់មើល! ដុះក្បាលពោះ មានផលប៉ះពាល់ច្រើន ដែលត្រូវសម្រកចេញបន្ទាន់
- 2019-02-10 14:15:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីអាក្រក់មើល! ដុះក្បាលពោះ មានផលប៉ះពាល់ច្រើន ដែលត្រូវសម្រកចេញបន្ទាន់
ចន្លោះមិនឃើញ
មានក្បាលពោះធំ សម្បូរដោយខ្លាញ់ ក្រៅពីពិបាករកខោអាវស្លៀកឲ្យសមសួនហើយ នៅមានបញ្ហាគ្រោះថ្នាក់ជាច្រើនដល់សុខភាពទៀត។ ការដុះក្បាលពោះ កើតឡើងដោយសារស្រទាប់ខ្លាញ់ដែលនៅពីក្រោមសាច់ដុំក្បាលពោះមានការកើនឡើង។ វាដើរតួនាទីជាផ្នែកមួយនៃការជំនួយថាមពល ប៉ុន្តែវាមានជាតិពុលដែលអាចប៉ះពាល់ទៅដល់អ័រម៉ូន។ កាលណាដែលមានកោសិកាខ្លាញ់ច្រើន ឬមានទំហំធំពេក ជាតិពុលនឹងមានកាន់តែច្រើនឡើងហើយ ដែលបណ្ដាលឲ្យមានហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជាទឹកនោមផ្អែម ជំងឺបេះដូង និងមហារីកជាដើម។ គ្មានវេទមន្តថាអាចរលាយខ្លាញ់ក្បាលពោះអ្នកបានដោយងាយនោះទេ តែអ្នកពិតជាអាចកម្ចាត់វាបានបើអនុវត្តវិធីទាំងនេះ។
១. ចាប់យកអាហារមានជាតិប្រូតេអ៊ីន និង Fiber
ក្រៅពីកាត់បន្ថយអាហារដែលសម្បូរជាតិខ្លាញ់ និងកាឡូរីខ្ពស់ អ្នកចង់សម្រកទម្ងន់ត្រូវបន្ថែមសារធាតុសំខាន់ ២ យ៉ាង ដើម្បីជាភ្នាក់ងារជំនួយ និងទប់ស្កាត់ការឡើងមកវិញនូវជាតិខ្លាញ់ នោះគឺប្រូតេអ៊ីន និង Fiber។ ហេតុផលនោះគឺ ប្រូតេអ៊ីនដើរតួយ៉ាងសំខាន់ក្នុងការជម្រុះខ្លាញ់ក្បាលពោះ ដោយបន្ថែមនូវសាច់ដុំជំនួសវិញ។ ក្រៅពីនោះ វាអាចជួយជំរុញល្បឿននៃការរំលាយអាហារ ហើយកាត់បន្ថយការឃ្លាន។ ចំណែកឯអាហារដែលសម្បូរជាតិសរសៃ(Fiber) វិញ អាចជួយដល់ប្រព័ន្ធរំលាយអាហារដំណើរការបានល្អ សម្រួលការបញ្ចេញចោល កាត់បន្ថយអាការៈទល់លាមក ដែលសុទ្ធតែបញ្ហានាំឲ្យក្បាលអ្នករីកធំឡើងៗ។ មានការណែនាំថា អ្នកគួរតែទទួលយកជាតិ Fiber ហោចណាស់ ២៥ ក្រាម ក្នុងមួយថ្ងៃ ដោយអ្នកអាចរកវាបានក្នុងប្រភេទអាហារមួយចំនួនដូចជា សណ្ដែកសៀង គ្រាប់ធញ្ញជាតិ ខាត់ណាបៃតង និងស្ពៃក្ដោបជាដើម។
២. កីឡា
ការហាត់ប្រាណគឺជំនួយដល់សុខភាពទូទៅ មិនថាសម្រាប់មនុស្សចាស់ ឬក្មេងនោះឡើយ។ ក្នុងនោះ មានក្បួនហាត់ប្រាណមួយចំនួនដែលមានឥទ្ធិពលខ្លាំងក្នុងការកម្ចាត់ខ្លាញ់ក្បាលពោះដូចជា ការរត់លើម៉ាស៊ីន រត់ល្បឿនលឿន រត់ឡើងភ្នំ អាវ៉ង បង្វិលកង លើកដុំដែក ឬ Side Plank ក៏បាន។
៣. គ្រប់គ្រងទម្លាប់ប្រចាំថ្ងៃ
ក្រៅពីចេះជ្រើសរើសអាហារល្អ និងហាត់ប្រាណហើយ អ្នកក៏ត្រូវរៀនគ្រប់គ្រងនិងផ្លាស់ប្តូរទម្លាប់មួយចំនួនដូចជា គេងឲ្យបានគ្រប់គ្រាន់ និងទៀងទាត់ ផឹកទឹកឲ្យបានច្រើន ហើយកាត់បន្ថយភេសជ្ជៈមានជាតិហ្គាស ជាតិផ្អែម ឬគ្រឿងស្រវឹង និងមិនត្រូវទុកឲ្យពោះឃា្លនដោយបោះបង់របបអាហារទាំង ៣ ពេលនោះទេ៕