ភ្លោះ​ទៀត​ហើយ! រឿង​ភាគ​ថៃ​មួយ​រឿង​ទៀត​របស់​ភី​អិន​អិន​ក៏​ទាក់​ទង​នឹង​បង​ប្អូន​ភ្លោះ​ដែរ

  • 2019-02-11 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​រឿង​ភាគ​ថៃ​មួយ​រឿង​ចំណង​ជើង «អ្នក​ម្ដាយ​ក្លែង​ក្លាយ» ដែល​កំពុង​តែ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន វេលា​ម៉ោង​១២:០០ថ្ងៃ ត្រង់ គឺ​ជា​រឿង​មួយ​ដែល​មាន​ពាក់ព័ន្ធ​នឹង​បង​ប្អូន ភ្លោះ ដែល​មាន​កញ្ញា Bau ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​នឹង Pop។

ដោយ​ឡែក​ថ្មី​ៗ​នេះ​ ភី​អិន​អិន ក៏​បាន​បង្ហាញ​ចំណង​ជើង​រឿង​ភាគ​ថៃ​ថ្មី​មួយ​ទៀត ដែល​មាន​តួ​ឯក​ស្រី ជា​បង​ប្អូន​ភ្លោះ​ដូច​គ្នា​ចំណង​ជើង «ផ្កាយ​ភ្លោះ» ដោយ​តួ​សម្ដែង​គ្រង​ដំណែង​ជា​តួ​ឯក​ក្នុង​រឿង​នេះ​គឺ Prim ចាប់​ដៃ​គូ​ជា​មួយ Chakrit។  

បើ​តាម​រយៈ​ការ​ទស្សនា​វី​ដេ​អូ​ខ្លី​របស់​រឿង «ផ្កាយ​ភ្លោះ» ដែល​មាន​រយៈពេល​ជាង​១​នា​ទី បាន​បង្ហាញ​ពី​វាសនា​បង​ប្អូន​ស្រី​ភ្លោះ​ពីរ​នាក់​គឺ Pang & Puen ដែល​ត្រូវ​បាន​ម្ដាយ​យក​ទៅ​អោយ​ខាង​មណ្ឌល​កុមារ​កំ​ព្រា ព្រោះ​តែ​គ្មាន​លទ្ធភាព​ចិញ្ចឹម។ ពួក​គេ​ទាំង​ពីរ​នាក់​ក៏​ត្រូវ​បាន​បែក​គ្នា Pang បាន​ក្លាយ​ទៅ​ជា​តារា​សម្ដែង​នៅ​ក្នុង​ប្រទេស​ថៃ រី​ឯ Puen វិញ​ជា​ម្ចាស់​ហាង​កាហ្វេ​នៅ​អូស្ត្រាលី នាង​នៅ​ទី​នោះ​ដោយ​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​ចិញ្ចឹម​របស់​នាង។ Puen តែង​តែ​មាន​អារម្មណ៍​ថា​ខ្លួន​ដូច​ជា​មិន​មែន​ជា​សាច់​ឈាម​បង្កើត​ក្នុង​គ្រួសារ​នេះ រហូត​ដល់​ពេល​មួយ​មាន​មិត្ត​ស្និទ្ធស្នាល​របស់​នាង​ម្នាក់​ឈ្មោះ Feilan បាន​ប្រាប់​នាង​ថា​គេ​បាន​ឃើញ​តារា​សម្ដែង​ស្រី​ដែល​មាន​មុខ​មាត់​ដូច​នាង នាង​ក៏​បាន​សម្រេច​ចិត្ត​ទៅ​ប្រទេស​ថៃ​ដើម្បី​ស្វែង​រក​ការ​ពិត ។

ពេល​ទៅ​ដល់​ប្រទេស​ថៃ Puen ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ដោយ​សារ​តែ​នាង និង Pang ​មាន​មុខ​មាត់​ដូច​គ្នា​បេះ​បិត។ ​បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ជួប​គ្នា មាន​រឿង​ចៃដន្យ​ជា​ច្រើន​បាន​កើត​ឡើង រហូត​អោយ​ពួក​គេ​ទាំង​ពីរ​នាក់​អាច​បន្លំ​ដើម្បី​ធ្វើ​ការ​ជំនួស​គ្នា​បាន។

តើ​ទាំង​ពីរ​នាក់​អាច​ដឹង​ថា ពួក​គេ​ជា​បង​ប្អូន​នឹង​គ្នា​ដោយ​របៀប​ណា? កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ទស្សនា​រឿង "ផ្កាយ​ភ្លោះ" ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ​ទី ១៣ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ៩:០០យប់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន បន្ទាប់​ពី​រឿង «កាម​ទេព​ស្នេហ៍ វគ្គ​ ស្នេហ៍​ចៃ​ដន្យ»៕

ទស្សនា​ឈុត​ខ្លី​សូម​ចុច៖

អត្ថបទ៖ លឹម សុនា