អ្នកខ្លះចំអកឡកឡឺយ ខ្លះរិះគន់ជាន់ពន្លិច តែម្ចាស់មីល្ពៅអត់ខឹង ហើយឆ្លើយតបបែបនេះវិញ
- 2019-02-11 07:24:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកខ្លះចំអកឡកឡឺយ ខ្លះរិះគន់ជាន់ពន្លិច តែម្ចាស់មីល្ពៅអត់ខឹង ហើយឆ្លើយតបបែបនេះវិញ
ចន្លោះមិនឃើញ
ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា ម្ចាស់មីល្ពៅបដិសេធមិនទទួលការវិនិយោគឡើយ។ ការប្រកាសបែបនេះ ធ្វើឲ្យមតិជាច្រើនបានបញ្ចេញឡើង អ្នកខ្លះរិះគន់ទាំងគ្មានមូលដ្ឋានគ្រឹះសេដ្ឋកិច្ច អ្នកខ្លះទៀតបញ្ចេញយោបល់ប្រៀបដូចជាមានវិញ្ញាណក្នុងខ្លួនគេ ខ្លះទៀតថាគេល្ងង់ ថាគេមិនឆ្លាត។ តែទន្ទឹមនឹងនេះដែរក៏មានមតិល្អៗ ក្នុងន័យជួយផ្ដល់ជាគំនិត និងប្រកបដោយការយល់ដឹង មានក្រមសីលធម៌ដូចគ្នា។
សំណួរមួយដែល Sabay បានសួរហាក់ចាក់ដោតទៅលើយុវជន គិប វ៉ាង ជាអ្នកមានគំនិតបង្កើតមីល្ពៅថា តើរូបលោកមានអ្វីឆ្លើយតបទៅនឹងអ្នកដែលរិះគន់លើការសម្រេចចិត្តរបស់លោក ហើយបានប្រើពាក្យមិនសមរម្យទៅលើរូបលោកយ៉ាងដូចម្ដេចដែរ? កូនកសិករមកពីខេត្តបន្ទាយមានជ័យរូបនេះឆ្លើយថា៖ «ខ្ញុំមិនបានខឹងអាក់អន់ស្រពន់ចិត្តអ្វីទេបង ព្រោះមនុស្សមានគំនិតខុសគ្នា មានយុទ្ធសាស្ត្រខុសៗគ្នាបង»។
គិប វ៉ាង ឆ្លើយតបទាំងចិត្តត្រជាក់ល្ហឹមទៀតថា ប្រសិនបើយោបល់នោះល្អគឺលោកនឹងទទួលយក តែបើគិតថាវាមិនល្អស្ដាប់ហើយនាំឲ្យកើតទុក្ខ នាំឲ្យបាក់ទឹកចិត្ត គឺលោកគ្រវាត់ចោលជាការស្រេច។ យុវជនវ័យ២៥ឆ្នាំរូបនេះបន្តថា មនុស្សគួររៀនធ្វើអ្វីដែលថ្មី រៀនសាកល្បងដើរគន្លងថ្មី កុំដើរតាមគន្លងចាស់ដដែលៗគ្មានអ្វីរីកចម្រើននោះទេ។
បច្ចុប្បន្ននេះគិប វ៉ាង ប្រាប់ថា ក្នុងមួយថ្ងៃសិប្បកម្មលោកអាចផលិតមីល្ពៅបានចន្លោះពី២០ ទៅ៣០ថង់ក្នុងមួយថ្ងៃ ដោយមួយថង់មាន១០ដុំ។ ក្នុងនោះអាចរកប្រាក់ចំណូលបានប្រមាណ១០ម៉ឺនរៀលជារៀងរាល់ថ្ងៃ។ ទៅអនាគតរូបគេនឹងពង្រីកសិប្បកម្មនេះឲ្យកាន់តែធំឡើង ដើម្បីជួយប្រមូលទិញផលល្ពៅពីប្រជាកសិករបានកាន់តែច្រើន។ យ៉ាងណាក្ដីយុវជនរូបនេះ ប្រាប់ថា ប្រមូលទិញល្ពៅណាដែលប្រើប្រាស់តែជីធម្មជាតិប៉ុណ្ណោះ មិនទទួលទិញល្ពៅដាក់គីមីឡើយ។
គិប វ៉ាង ជាកូនកសិករម្នាក់មានប្អូន៤នាក់ មានឪពុកជាកសិករ និងម្ដាយជាមេផ្ទះ។ ដោយសារជីវភាពខ្វះខាតរូបគេខិតខំរៀនសូត្ររហូតបានទទួលជោគជ័យ ហើយបានយកតម្រិះវិជ្ជាដែលខ្លួនមានមកច្នៃឲ្យចេញជារូបរាង ដែលអាចជួយដល់គ្រួសារ ហើយថែមទាំងជួយដល់ប្រជាកសិករដែលដាំបន្លែគ្មានទីផ្សារទៀតផង៕
ចុចអានអត្ថបទពាក់ព័ន្ធ៖