Apple ​ត្រៀម​ជូន​រង្វាន់​ដល់​ក្មេង​វ័យ ១៤ ឆ្នាំ​ម្នាក់ ក្រោយចាប់បានកំហុស​លើ​កម្មវិធី FaceTime

  • 2019-02-12 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple នឹង​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ប្រុស​ជំទង់​សញ្ជាតិ​អាមេរិក​មួយ​រូប ដែល​ជា​អ្នក​រក​ឃើញ​កំហុស​បច្ចេកទេស​កើត​មាន​លើ​ប្រព័ន្ធ​នៃ​កម្មវិធី FaceTime។

មាន​ឈ្មោះ Grant Thompson វ័យ ១៤ ឆ្នាំ​រស់​នៅ​ក្នុង​រដ្ឋ Arizona កន្លង​ទៅ​បាន​ប្រទះ​ឃើញ​ចន្លោះ​ប្រហោង ដោយ​ពេល​អ្នក​ ហៅ​ចេញ​ទៅ​នរណា​ម្នាក់​តាម FaceTime នោះ​អ្នក​នឹង​អាច​ឭ​សំឡេង​របស់​គេ​ដោយ​ស្វ័យប្រវត្តិ ទោះ​បី​អ្នក​ម្ខាង​ទៀត​មិន​បាន​ចុច​ទទួល​ឬ​បិទ​ក៏​ដោយ​ក្តី។

ពុំ​មាន​ការ​បង្ហើប​ពី​ទំហំ​ប្រាក់​រង្វាន់​ដែល​ក្រុមហ៊ុន​របស់​លោក Tim Cook នឹង​ផ្តល់​ជូន​ក្មេង​ប្រុស​ជំទង់​និង​គ្រួសារ​របស់​គេ​ឡើយ ប៉ុន្តែ​តាម​របាយការណ៍​ក្រៅ​ស្រុក​បាន​សង្កត់​ធ្ងន់​ថា​ខាង​ក្រុមហ៊ុន​ពិត​ជា​មាន​គម្រោង​ប្រគល់​ជូន​រង្វាន់​លើក​ទឹក​ចិត្ត​ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ការ​សិក្សា។

នេះ​ក៏​ឆ្លើយតប​ទៅ​នឹង​កម្មវិធី Bug Bounty Program របស់​ Apple ដែល​ធ្លាប់​បាន​ប្រកាស​ថា​បុគ្គល​ឬ​អ្នក​ជំនាញ​ណា​មួយ ដែល​អាច​រក​ឃើញ​ចន្លោះ​ប្រហោង​ធ្ងន់ធ្ងរ​លើ​ប្រព័ន្ធ iOS ក៏​មាន​ឱកាស​ទទួល​ប្រាក់​រង្វាន់​ដល់​ទៅ ២០០ ០០០ ដុល្លារ។ ប៉ុន្តែ​សម្រាប់​ករណី​ក្មេង​ប្រុស Grant Thompson ពុំ​មាន​ការ​បង្ហើប​ពី​តួ​លេខ​ប្រាក់​រង្វាន់​ជាក់លាក់​នោះ​ឡើយ។​

រំឭក​ថា​កន្លង​ទៅ​ Apple ក៏​ទើប​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិ iOS 12.1.4 ​ដើម្បី​កែ​ចន្លោះ​ប្រហោង​នេះ​ទាំង​នៅ​លើ iPhone និង iPad ជាមួយ​សារ​បញ្ជាក់​ថា៖ "ផ្តល់​ជូន​ការ​កែប្រែ​បន្ថែម​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​សំខាន់​និង​ផ្តល់​យោបល់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ Update"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ BBC | Independent   ប្រែ​សម្រួល៖ កៅ រក្សា