Elon Musk ​ចេញ​មុខ​ព្យាករណ៍​តម្លៃ​សំបុត្រ​ហោះហើរ​ទៅ​ភព​អង្គា​នា​ថ្ងៃ​អនាគត

  • 2019-02-13 02:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាសាស្ត្រ​កាន់​តែ​មាន​ការ​អភិវឌ្ឍ ជំរុញ​ឲ្យ​មនុស្ស​ចាប់ផ្តើម​​ផ្លាស់ប្ដូរ​ការ​គិត​ពី​ដំណើរ​កម្សាន្ត​ក្នុង​សកលលោក ផ្លាស់​ទៅ​ហោះហើរ​ចូល​ភព​ដទៃ។ ​បច្ចុប្បន្ន​ថ្វី​បើ​គម្រោង​យានអវកាស Starship របស់​ក្រុមហ៊ុន SpaceX ​មិន​ទាន់​ចេញ​ជា​ផ្លែផ្កា​ក្តី ប៉ុន្តែ​ស្ថាបនិក​លោក Elon Musk ក៏​បាន​ប្រកាស​ព្យាករណ៍​ទុក​ជា​មុន​ជុំវិញ​តម្លៃ​ជើង​ហោះហើរ​ទៅ​កាន់​ភព​អង្គារ​នា​ថ្ងៃ​អនាគត។

តាម​រយៈ​ការ​បង្ហោះ​លើ Twitter នា​ថ្ងៃ​អាទិត្យ លោក Musk ​ជឿជាក់​ថា​ ការ​ហោះ​ទៅ​កាន់​ភព​អង្គារ​នឹង​ត្រូវ​ចំណាយ​ទាប​ជាង ៥០០ ០០០ ដុល្លារ ឬ​អាច​ធ្លាក់​ទាប​បំផុត​ដល់​ក្រោម ១០០ ០០០ ដុល្លារ​ក៏​មាន។ ចំណុច​សំខាន់​ប្រសិន​អ្នក​ចង់​ហោះ​ត្រលប់​មក​ភព​ផែនដី​វិញ គឺ​អាច​មក​ដោយ​ឥត​គិត​ថ្លៃ ពុំ​តម្រូវ​ឲ្យ​ចាយវាយ​អ្វី​ឡើយ។

លោក​គិត​ថា​ តម្លៃ​ប៉ុណ្ណេះ​សម​ល្មម​នឹង​មនុស្ស​ដែល​រស់នៅ​ក្នុង​បណ្តា​ប្រទេស​ជឿនលឿន អាច​លក់​ចោល​ផ្ទះ​របស់​ពួក​គេ​លើ​ភព​ផែនដី ហើយ​ផ្លាស់​ទៅ​រស់នៅ​លើ​ភព​អង្គារ​ប្រសិន​ជា​មាន​ចំណង់ចំណូលចិត្ត។

តម្លៃ​នេះ​បើ​ធៀប​នឹង​ការ​ភ្លក់​រសជាតិ​ក្នុង​ជើង​ហោះហើរ Virgin Galactic ​ដើម្បី​ទទួល​បទពិសោធន៍​ភាព​គ្មាន​ទម្ងន់​ក៏​ត្រូវ​ចាយ​អស់ ២០០ ០០០ ដុល្លារ និង​ដំណើរ​វិស្សមកាល​នៅ​ស្ថានីយ​អវកាស​ដ៏​ប្រណីត​ក៏​ត្រូវ​ចាយ​អស់​ ៩,៥ លាន​ដុល្លារ​ឯ​ណោះ។

សារ​នេះ​ក៏​ឆ្លើយតប​ទៅ​នឹង​ការ​ប្រកាស​ពី​ម៉ាស៊ីន Raptor ​សម្រាប់​បំពាក់​ក្នុង​រ៉ុកកែត​ដើម្បី​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​អង្គារ ដោយ​ SpaceX មាន​គម្រោង​បង្ហោះ​រ៉ុកកែត​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ភព​អង្គារ​នា​ឆ្នាំ ២០២២។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC | Cnet   ប្រែ​សម្រួល៖ កៅ រក្សា