Apple គ្រោង​កើប​លុយ​ដោយ​ដាក់​សេវាកម្ម​អាន​ព័ត៌មាន​ដល់​អតិថិជន​នា​ខែ​ក្រោយ​នេះ

  • 2019-02-13 03:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​គេហទំព័រ BuzzFeed ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា​អាមេរិក Apple គ្រោង​នឹង​ដំណើរ​ការ​សេវាកម្ម​អាន​ព័ត៌មាន​ដល់​អតិថិជន​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ខ្លួន​នឹង​រៀប​ចំ នៅ​ថ្ងៃ​ទី​២៥ ខែ​មិនា​នេះ​ហើយ។

ព្រឹត្តិការណ៍​នេះ នឹង​ផ្ដោត​សំខាន់​ទៅ​លើ​សេវាកម្ម​ចាយ​លុយ​ដែល Apple មាន​ស្រាប់​នឹង​អ្វី​ដែល​ក្រុមហ៊ុន​គ្រោង​នឹង​បញ្ចេញ ដូច្នេះ​ចំពោះ​ផលិតផល​គ្រឿង​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន​ផ្លែប៉ោម​មួយ​នេះ​ ដូចជា AirPods 2, AirPower, iPad 9.7 និង iPad Mini ជំនាន់​ថ្មី ទំនង​ជា​មិន​បង្ហាញ​ខ្លួន នា​ចុង​ខែ​ក្រោយ​នេះ​ទេ។ យ៉ាងណាមិញ ក្រៅ​ពី​សេវាកម្ម​អាន​ព័ត៌មាន​នេះ Apple ក៏​អាច​នឹង​បញ្ចេញ​សេវាកម្ម​មើល​រឿង​ភាគ ដែល​ខ្លួន​ផលិត Original Series លើ iTunes ផង​ដែរ។

ជា​ធម្មតា ព្រឹត្តិការណ៍​នៅ​ក្នុង​ខែ​មិនា​ជា​រៀង​រាល់​ឆ្នាំ គឺ​ជា​ព្រឹត្តិការណ៍​ពិសេស​សម្រាប់​ផលិតផល iPad របស់​ខ្លួន ដូច្នេះ​ក្នុង​ឆ្នាំ​នេះ វា​ពិត​ជា​ប្លែក​ដែល Apple បាន​បង្វែរ​វា​ទៅ​ជា​ព្រឹត្តិការណ៍​ដែល​ផ្ដោត​ទៅ​លើ​សេវាកម្ម​ចាយ​លុយ​របស់​ខ្លួន​វិញ។ ប៉ុន្តែ បើ​តាម​មតិ​ទូទៅ Apple អាច​នឹង​ចេញ​ iPad 9.7 ប្រភេទ​ធូរ​ថ្លៃ ៣២៩ ដុល្លារ នា​ពេល​នោះ​ជា​សម្ងាត់ ដោយ​សារ​វា​ជា​ផលិតផល​ដ៏​សម​ស្រប​បំផុត​សម្រាប់​អ្នក​ចង់​យក​ iPad សម្រាប់​អាន​ព័ត៌មាន និង​មើល​រឿង​របស់​សេវាកម្ម​ថ្មី​របស់​ខ្លួន។

ជា​ការ​ពិត​ណាស់ នៅ​ក្នុង iOS 12.2 beta គេ​ឃើញ​មាន​គំរូ​ Image Previews ដែល​វា​ទាក់​ទង​នឹង​សេវាកម្ម​ដែល Apple គ្រោង​បញ្ចេញ​នោះ។ ដោយ​ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន ចំណូល​មួយ​ភាគ​ធំ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​បាន​ធ្លាក់​ចុះ ដោយ​សារ​តែ​ការ​លក់​ផលិតផល​កំពូល iPhone របស់​ខ្លួន​មិន​បាន​ច្រើន​ដូច​ការ​គ្រោង​ទុក។ ដូចនេះ Apple មាន​តែ​រក​វិធី​ថ្មី​ដើម្បី​រក​លុយ​បន្ថែម និង​អាច​ឲ្យ​ខ្លួន​អាច​រក​វិធី​លក់​ផលិត​ផល​របស់​ខ្លួន​បាន​ច្រើន​ជាង​មុន។​

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ