ឡៅ ចិត្រា ​​ថា​ អត់​អី​ទេ​ទោះ​ដេក​មិន​សូវ​លក់ ​ស្រប​ពេល​ Superlek ​​សង្ឃឹម​ខ្ពស់​មែនទែន

  • 2019-02-15 10:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឡៅ ចិត្រា នឹង​ត្រូវ​ជួប​អ្នក​​ខ្លាំង​​កម្រិត​​ខ្ពស់​របស់​ថៃ​ Superlek ​នា​ថ្ងៃ​ស្អែក​នេះ​​​ក្នុង​កម្មវិធី​ ONE Championship ដែល​កម្មវិធី​​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៧​យប់​​តទៅ​។

ឡៅ ចិត្រា (ស្ដាំ) Superlek (ឆ្វេង)

​​សម្ភាស​ន៍ជា​មួយ​អ្នក​សារព័ត៌មាន​មុន​នេះ​ជើង​ខ្លាំង​របស់​កម្ពុជា​​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ខាង​លើ​​បាន​ឲ្យ​ដឹង​ថា ​រូប​គេ​មិន​មាន​បញ្ហា​អ្វី​ឡើយ ​បើ​ទោះ​ជា​ដេក​មិន​សូវ​លក់​​តិច​តួច​ក្ដី។ ចិត្រា យល់​ថា ​​ប្លែក​កន្លែង​ជា​ដើម​ហេតុ​នៃ​ការ​ដេក​មិន​សូវ​លក់ ស្រប​ពេល​បញ្ហា​អាកាស​ធាតុ​ខុស​គ្នា​តិច​តួច ក៏​មិន​មាន​បញ្ហា​អ្វី​ធំ​ឡើយ។

​ប្អូន​ប្រុស​បង្កើត​របស់​​ ឡៅ ស៊ីណាត រូប​នេះ​សង្ឃឹម ៧៥​ %​ ក្នុង​ការ​យក​ឈ្នះ​អ្នក​ប្រដាល់​ថៃ Superlek ​នឹង​ជឿជាក់​លើ​ខ្លួន​ឯង​ថា អាច​ធ្វើ​បាន​ល្អ។ ចំណែក​អ្នក​ប្រដាល់​ថៃ​ ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​ Superlek វិញ​សង្ឃឹម​ខ្ពស់​រហូត ដល់ ៩០ % ក្នុង​ការ​យក​ឈ្នះ​ទៅ​លើ​អ្នក​ប្រដាល់​ខ្មែរ​ខាង​លើ​។

​អ្នក​ប្រដាល់​ថៃ​រូប​នេះ​​ក៏​បាន​សរសើរ​ ចិត្រា ថា មាន​ផ្លែ​កែង​ល្អ ​​ព្រម​ទាំង​​​មាន​ក្បាច់​ប្រយុទ្ធ​ល្អ​។ អ្នក​ប្រដាល់​របស់​កម្ពុជា ឡៅ ចិត្រា និង នៅ ស្រី​ពៅ ​​​ប្រកួត​តំណាង​ឲ្យ​ក្លឹប Cambodian Top Team របស់​កម្ពុជា ដែល​មាន​លោក ហ៊ុន​ ច័ន្ទ​រាជ្យ ជា​គ្រូ​បង្វឹក​ និង​ជា​ថ្នាក់​ដឹក​នាំ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​