បែក​ធ្លាយ​ប៉ាតង់​ថ្មី​ Apple សង្ស័យ​ថា​ជា iPhone ដែល​អាច​បត់​បាន

  • 2019-02-16 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទូរសព្ទ​ធំ​ៗ​នៅ​ក្នុង​ពិភព​លោក តែង​តែ​ស្វែង​រក​នូវ​ការ​ច្នៃ​ប្រឌិត​ប្លែក​ៗ​ដើម្បី​យក​មក​​បំពាក់​លើ​ផលិតផល​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្លែក​និង​ទាក់​ទាញ ដើម្បី​ឲ្យ​មាន​អតិថិជន​ទិញ​យក​ទៅ​ប្រើប្រាស់​ឲ្យ​បាន​ច្រើន។

នៅ​ក្នុង​ការ​ច្នៃ​ប្រឌិត​ទាំង​នោះ Smartphone ដែល​មាន​អេក្រង់​លាត​​បត់​បាន​ក៏​ជា​គំនិត​ថ្មី​មួយ​សម្រាប់​អនាគត​ផង​ដែរ ដោយ Xiaomi និង Samsung បាន​បង្ហាញ​ផលិតផល​គំរូ​របស់​ខ្លួន​រួច​មក​ហើយ ហើយ​ក្រុមហ៊ុន​ដទៃ​ទៀ​ត​ដូច​ជា Huawei, LG, Lenovo និង Motorla ក៏​កំពុង​សម្ងំ​សិក្សា​ស្រាវ​ជ្រាវ​ និង​ផលិត​ចេញ​នូវ Smartphone ដែល​អាច​បត់​បាន​នេះ​ផង​ដែរ។

ប៉ុន្តែ​សម្លឹង​មើល​ភាគ​ច្រើន ក្រុមហ៊ុន​ដែល​កំពុង​ដើរ​លើ​ផ្លូវ​នេះ សុទ្ធ​សឹង​តែ​ជា​ក្រុមហ៊ុន​យក្ស​នៅ​អាស៊ី ដោយ​ភាគ​ច្រើន​នៅ​ចិន និង​កូរ៉េ​ខាង​ត្បូង។ យ៉ាងណាមិញ ក្រុមហ៊ុន​ផលិត Smartphone កំពូល​របស់​ពិភពលោក iPhone គឺ Apple នោះ ក៏​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ដាក់​ចិត្ត​ដាក់​កាយ​លើ​ផ្លូវ​ដែល Smartphone ប្រើ​អេក្រង់​លាត​នេះ អាច​បត់​បែន​បាន​ផង​ដែរ។ តាម​ប៉ាតង់​ថ្មី ដែល​ទើប​នឹង​កែ​ប្រែ​ចុង​ក្រោយ​បំផុត​នេះ Apple បាន​បញ្ចេញ​គំរូ​ផលិត​ផល​ខ្លួន​មួយ ដែល​គេ​អាច​សន្និដ្ឋាន​បាន​ថា​ជា សម្បក iPhone ហើយ​វា​មាន​ភាព​បត់​បែន​ដោយ​តួ​ទូរសព្ទ​ទាំង​មូល​អាច​បត់​ជា ២ បាន។ គួរ​បញ្ជាក់​ផង​ដែរ​ថា រូប​ថ្មី​សម្រាប់​ដាក់​ជា​ប៉ាតង់​នេះ ត្រូវ​បាន​គេ​ដាក់​ចេញ​ដំបូង​តាំង​តែ​ពី​ឆ្នាំ ២០១១ មក​ម៉្លេះ ហើយ​ត្រូវ​បាន​កែ​ឡើង​វិញ​ម្ដង​នៅ​ឆ្នាំ ២០១៦។

រូប​រាង​សម្បក​ផលិតផល​ដែល​អាច​បត់​ជា ២ បាន​នេះ វា​ស្រដៀង​ទៅ​នឹង ម៉ូដែល​ Smartphone គំរូ Motorola Razr ដែល​ត្រៀម​នឹង​ចេញ​ថ្មី​ម្ដង​ទៀត ដែល​វា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល បត់​បាន​តូច​ជាង​មុន ដាក់​ក្នុង​ហោប៉ៅ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅ​មាន​រូប​ផ្សេង​ទៀត​ដែល​គេ​សង្ស័យ​ថា​ជា សម្បក​របស់ iPad ឬ​ក៏ Macbook ព្រោះ​វា​បង្ហាញ​ពី របៀប​បទ ៣ គន្លាក់ ​ដែល​អេក្រង់ OLED បត់​បែន​បាន ទាំង​ចូល​ក្នុង​និង​ចេញ​ក្រៅ ហើយ អេក្រង់​នោះ​ក៏​មាន​ទំហំ​ធំ​ផង​ដែរ។

គេ​មិន​អាច​និយាយ​បាន​ទេ​ថា iPhone ឆ្នាំ ២០១៩ អាច​បត់​បាន​ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ពេល​ប្រហែល ២ ទៅ ៣ ឆ្នាំ​ទៀត Apple អាច​នឹង​ចេញ​ផលិត​ដែល​មាន​អេក្រង់​ពេញ ហើយ​អាច​បត់​បែន​បាន។

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ