ទាហានអាមេរិកអះអាងថាក្រុម ISIS រាប់ពាន់នាក់ រត់គេចខ្លួនជាមួយលុយជាង ២០០លានដុល្លារ

  • 2019-02-18 02:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សកម្ម​ប្រយុទ្ធ ISIS ជាង​មួយ​ពាន់​នាក់ កំពុង​រត់គេច​ខ្លួន​ចេញ​ពី​ប្រទេស​ស៊ីរី​ទៅ​កាន់​តំបន់​ភ្នំ និង​ដី​ខ្សាច់​នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់​អំឡុង​ពេល ៦​ខែ​ចុង​ក្រោយ​នេះ។

យោង​តាម​មន្ត្រី​យោធា​អាមេរិក​ឲ្យ​ដឹង​ថា ក្រុម​ឧទ្ទាម ISIS បាន​បន្ដ​ការ​រត់​គេច​ខ្លួន​ក្រោយ​បន្ទាយ​ចុង​ក្រោយ​របស់​ពួកគេ​ត្រូវ​បាន​វាយ​បែក​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ស៊ីរី។ សមាជិក​ខ្លះ​នៃ​ក្រុម​ចុង​ក្រោយនេះ ត្រូវ​បាន​គេ​ជឿ​ថា​ជា​អតីត​សមាជិក​ក្រុម​អាល់​កៃដា​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ លើស​ពី​នេះ​ទៀត នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​យោធា​អាមេរិក​ឲ្យ​ដឹង​​ថា ពួកគេ​ប្រហែល​ជា​អាច​រត់​គេច​ខ្លួន​ជា​មួយ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ប្រមាណ​ជា ២០០​លាន​ដុល្លារ​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ដើម​ខែ​នេះ​ឧត្តមសេនីយ៍ Joseph Votel ដែល​ជា​អ្នក​ដឹក​នាំ​ការ​កម្ទេច​ក្រុម ISIS ឲ្យ​ដឹង​ថា​ក្រុម​ឧទ្ទាម​នេះ​នៅ​សល់​សមាជិក​ប្រមាណ​ពី ២-៣​ម៉ឺន​នាក់​ប៉ុណ្ណោះ​ខណៈ​ដែល​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ដែរ​ថា​ក្នុង​នោះ​សមាជិក​ប្រមាណ ១៥ ៥០០ទៅ​១៧ ១០០​នាក់​ស្ថិត​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ចំណែក​ឯ ១៤ ០០០នាក់​ទៀត​ស្ថិត​ក្នុង​ប្រទេស​ស៊ីរី៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន